សិស្សនិទ្ទេស A ជាង ២ពាន់នាក់ ត្រៀមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ តុលាខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សនិទ្ទេស A ជាង ២ពាន់នាក់ ត្រៀមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ តុលាខាងមុខ

សិស្សនិទ្ទេស A ជាង ២ពាន់នាក់ ត្រៀមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ តុលាខាងមុខ

សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ខាងមុខ ដោយចាត់ទុកថា ជាការលើកទឹកចិត្តដ៏ធំធេងចំពោះការខិតខំប្រឹងប្រែងក្នុងការសិក្សារបស់ពួកគេ។

យុវជន សេន កេតរ៍ស័កធនិន ដែលជាសិស្សទទួលបាននិទ្ទេស A និងមានពិន្ទុសរុប ១០០ បានប្រាប់ AMS ថា រូបគេមានអារម្មណ៍រំភើប និងសប្បាយរីករាយ នៅពេលទទួលបានដំណឹងថា នឹងមានឱកាសជួបសម្តេចធិបតីដោយផ្ទាល់។

យុវជនរូបនេះបាននិយាយថា «ខ្ញុំបាទ និងសិស្សជាប់និទ្ទេស A ផ្សេងទៀត រំភើបសប្បាយរីករាយ នៅពេលបានដឹងថា នឹងជួបសម្តេចធិបតីនៅថ្ងៃទី២៨ ខែតុលា ខាងមុខ។ ការជួបសម្តេចដោយផ្ទាល់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង។ ខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបនេះ ក្រោយខិតខំសិក្សា និងប្រឡងរហូតទទួលបាននិទ្ទេស A»។

ចំណែកយុវជន វ៉ាន សែនវ៉ា ដែលជាសិស្សទទួលបាននិទ្ទេស A ម្នាក់ទៀត បានប្រាប់ AMS ថា រូបគេមិនធ្លាប់នឹកស្មានថា នឹងមានឱកាសជួបសម្តេចធិបតីដោយផ្ទាល់នោះទេ ជាពិសេសក្រោយពីធ្លាប់ប្រឡងបាក់ឌុបមិនជាប់កាលពីឆ្នាំ២០២៥។

យុវជនរូបនេះបាននិយាយថា «រំភើបណាស់បង! មិនដែលស្រមៃថាខ្លួនឯងមានឱកាសបានជួបសម្តេចធិបតីដោយផ្ទាល់នៅថ្ងៃខាងមុខទេ ព្រោះធ្លាប់ជាបាក់ឌុបធ្លាក់កាលពីឆ្នាំ២០២៥។ ខ្ញុំខំប្រឹងរហូតទទួលបាននិទ្ទេស A នៅឆ្នាំ២០២៦។ អត់នឹកស្មានទេបង។ នេះគឺជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សគ្រប់រូប ឱ្យខិតខំរៀនសូត្រ និងកុំបោះបង់»។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងនឹងរៀបចំពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត។

ក្រសួងអប់រំបានបញ្ជាក់ថា ពិធីនេះមានគោលបំណងអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រឡង ព្រមទាំងជំរុញឱ្យពួកគេបន្តខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,០២២នាក់។ បច្ចុប្បន្ន បេក្ខជនដែលទទួលបាននិទ្ទេស A ខ្លះកំពុងត្រៀមបន្តការសិក្សា និងខ្លះទៀតកំពុងសិក្សាថ្នាក់ឧត្តមសិក្សាតាមជំនាញរៀងៗខ្លួននៅតាមសាកលវិទ្យាល័យ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា