និស្សិត​វៀតណាម​ជាង​ពាក់កណ្តាល​ជ្រើសរើស​មុខជំនាញ​ ​STEM​ ​នៅ​តាម​សាកលវិទ្យាល័យ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិត​វៀតណាម​ជាង​ពាក់កណ្តាល​ជ្រើសរើស​មុខជំនាញ​ ​STEM​ ​នៅ​តាម​សាកលវិទ្យាល័យ​

និស្សិត​វៀតណាម​ជាង​ពាក់កណ្តាល​ជ្រើសរើស​មុខជំនាញ​ ​STEM​ ​នៅ​តាម​សាកលវិទ្យាល័យ​

​បេក្ខជន​ចូល​សាកលវិទ្យាល័យ​វៀតណាម​ជាង​ពាក់កណ្តាល​នៅ​ឆ្នាំ​២០២៦​នេះ​ ​បាន​ជ្រើសរើស​សិក្សា​លើ​មុខជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា ​(​STEM​) ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​ទំនុកចិត្ត​លើ​ឱកាស​ការងារ​ ស្រប​ពេល​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​ដើម្បី​បំពេញ​តម្រូវការ​កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់​សម្រាប់​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​របស់​ប្រទេស។​

Advertisement

​យោង​តាម​សារព័ត៌មាន​ ​Vietnam​ ​Plus​ ​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រសួង​អប់រំ ​និង​បណ្តុះបណ្តាល​វៀតណាម​បាន​បង្ហាញ​ថា​ ​មាន​បេក្ខជន​ប្រមាណ​ ​៤៦៧,៦០០​ ​នាក់​ ក្នុង​ចំណោម​បេក្ខជន​ចូល​សាកលវិទ្យាល័យ​ជាង​ ​៨៧៤,៨០០​ ​នាក់​ ​បាន​ចុះឈ្មោះ​ជ្រើសរើស​មុខជំនាញ​ ​STEM​ ​សម្រាប់​ចូលរៀន​ឆ្នាំ​២០២៦​ ​ដែល​ស្មើនឹង​ ​៥៣,៤៥​ ​ភាគរយ​នៃ​បេក្ខជន​សរុប។​

​បេក្ខជន​ទាំងនេះ​បាន​ដាក់​ជម្រើស​សិក្សា​ទាក់ទង​នឹង​មុខវិជ្ជា​ ​STEM​ ​ជិត​ ​២,៣៧​ ​លាន​ជម្រើស​ ​ឬ​ប្រហែល​មួយ​ភាគ​បី ​នៃ​ពាក្យ​សុំ​ចូល​សាកលវិទ្យាល័យ​ទាំងអស់។

​ក្រសួង​បាន​ឱ្យដឹង​ថា​ ​នេះ​ជា​លើក​ដំបូង​ដែល​ទិន្នន័យ​លម្អិត​ស្តីពី​ការ​ជ្រើសរើស​មុខជំនាញ​ ​STEM​ ​ត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈ​។ ​ក្រុម​អ្នកជំនាញ​អប់រំ​បាន​វាយតម្លៃ​ថា​ ​និន្នាការ​នេះ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​យ៉ាង​ច្បាស់​ នៃ​ការ​ជ្រើសរើស​អាជីព​របស់​យុវជន​ បន្ទាប់ពី​មុខជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​និង​វិទ្យាសាស្ត្រ​សង្គម​បាន​ទទួល​ការ​ពេញនិយម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

​លោក​ ​Bui​ ​Hoai​ ​Thang​ ​ប្រធាន​ការិយាល័យ​បណ្តុះបណ្តាល​ នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ទីក្រុង​ហូជីមិញ​ ក្រោម​សាកលវិទ្យាល័យ​ជាតិ​វៀតណាម​-​ទីក្រុង​ហូជីមិញ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​កើនឡើង​ នៃ​ការ​ជ្រើសរើស​មុខជំនាញ​ ​STEM​ ​គឺជា​លទ្ធផល​នៃ​ការ​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋ​ ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ ​និង​ឱកាស​ការងារ​កាន់តែ​ទូលំទូលាយ។​

​ចំណែក​លោក​សាស្ត្រាចារ្យ​ ​Nguyen​ ​Van​ ​Hieu​ ​អនុ​ប្រធាន​សាកលវិទ្យាល័យ​ ​Phenikaa​ ​និង​ជា​សាកលវិទ្យាធិការ​ នៃ​សាលា​វិស្វកម្ម​ ​Phenikaa​ ​បាន​ឱ្យដឹង​ថា​ ​អនុក្រឹត្យ​លេខ​ ​១៧៩​ ​នឹង​ជួយ​លើកទឹកចិត្ត​និស្សិត​ដែល​មាន​សមត្ថភាព​ខ្ពស់​ឱ្យ​បន្ត​ការ​សិក្សា​ក្នុង​វិស័យ​ ​STEM​ ​តាមរយៈ​ការ​ពង្រឹង​ការ​យល់ដឹង​អំពី​អាជីព​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​ព្រមទាំង​បង្កើន​ការ​លើកទឹកចិត្ត​សម្រាប់​បេក្ខជន​ដែល​មាន​សមិទ្ធផល​សិក្សា​ល្អ។

​ទោះជា​យ៉ាងណា​ ​អ្នកជំនាញ​បាន​អះអាង​ថា​ ​ការ​ផ្តល់​អាហារូបករណ៍​តែ​មួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​កសាង​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់​នោះ​ទេ​។​ វៀតណាម​នៅតែ​ត្រូវ​បន្ត​វិនិយោគ​លើ​គុណភាព​អប់រំ ​ការ​ស្រាវជ្រាវ​ និង​ការ​ពង្រឹង​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ​ និង​វិស័យ​ឧស្សាហកម្ម ​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកបដោយ​ចីរភាព​ ​និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា