លោក ជី សុផាត ៖ កុំឱ្យការមាក់ងាយតាមអ៊ីនធឺណិត (Cyberbullying) ក្លាយជាពាក្យលេងសើច ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តយុវជនធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ជី សុផាត ៖ កុំឱ្យការមាក់ងាយតាមអ៊ីនធឺណិត (Cyberbullying) ក្លាយជាពាក្យលេងសើច ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តយុវជនធ្ងន់ធ្ងរ

លោក ជី សុផាត ៖ កុំឱ្យការមាក់ងាយតាមអ៊ីនធឺណិត (Cyberbullying) ក្លាយជាពាក្យលេងសើច ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តយុវជនធ្ងន់ធ្ងរ

ការធ្វើបាប ការមាក់ងាយតាមអ៊ីនធឺណិត ឬ Cyberbullying ពុំមែនជារឿងថ្មីនោះទេ ប៉ុន្តែបច្ចុប្បន្នបញ្ហានេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម តាមរយៈការចែករំលែកមាតិកា (Content) ផ្សេងៗពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចធ្វើ​ឱ្យ​ប៉ះពាល់ដល់ផ្លូវចិត្តយុវជន។

លោក ជី សុផាត ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ ​និង​បណ្តាញ​សង្គម​នៅ​កម្ពុជា ​មានប្រសាសន៍ថា ការធ្វើបាប ឬការជេរប្រមាថតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) នឹងបង្កបញ្ហាប្រឈមយូរអង្វែង។ លោក បន្តថា Cyberbullying ភាគច្រើនមិនមែនកើតឡើងដោយផ្ទាល់ចំពោះមុខនោះទេ ប៉ុន្តែវាជាការបញ្ចេញមតិរើសអើង (Comment) ការបង្អាប់ ការសើចចម្អក (Meme) ការកាត់តវីដេអូ ការទម្លាយព័ត៌មានឯកជន ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬសូម្បីតែការបង្កើតគណនីក្លែងក្លាយ។

លោក ជី សុផាត ​អ្នកជំនាញ​បច្ចេកវិទ្យា​ ​និង​បណ្តាញ​សង្គម​នៅ​កម្ពុជា

លោក សុផាត បន្ថែមថា បញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្ន គឺការបន្សល់ទុកនូវ «ស្នាមដានឌីជីថល» (Digital Footprint) និងការប្រើប្រាស់ពាក្យអសុរោះណាមួយរហូតក្លាយជាទម្លាប់សាមញ្ញក្នុងវចនានុក្រមអ៊ីនធឺណិត ដែលធ្វើឱ្យមនុស្សមួយចំនួនគិតជារឿងលេងសើច។ ទង្វើទាំងនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តជនរងគ្រោះ ធ្វើឱ្យពួកគេអាម៉ាស់ បាត់បង់ទំនុកចិត្ត កើតមានភាពភ័យខ្លាច រហូតដល់បោះបង់ការសិក្សា ឬឈប់ប្រើប្រាស់បណ្ដាញសង្គម។

យើងត្រូវប្រុងប្រយ័ត្នលើពាក្យ Cyberbullying កុំឱ្យទៅជាពាក្យលេងសើច ហើយម្នាក់ៗចាប់ផ្ដើមបង្កើតឱ្យទៅជារឿងសាមញ្ញ…វាអាចប៉ះពាល់បញ្ហាធ្ងន់ធ្ងរ

ដើម្បីទប់ស្កាត់បញ្ហា Cyberbullying នេះ លោក ជី សុផាត យល់ថា អ្វីដែលគួរធ្វើ គឺគួរតែចាប់ផ្ដើមទៅលើបុគ្គលដែលជាអ្នកពាក់ព័ន្ធ អាចជាអ្នកប្រើប្រាស់ គ្រួសារ ក្រសួង អង្គភាពដែលធ្វើការងារនេះ អង្គការសង្គមស៊ីវិល និងម្ចាស់បច្ចេកវិទ្យាដូចជា Facebook, TikTok, Google ជាដើម ហើយប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធទាំងនេះទេ វានឹងនាំឱ្យកើតមាន «អំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈបច្ចេកវិទ្យា (TFGBV)»។

ជាមួយគ្នានេះ លោក ជី សុផាត ក៏បានលើកទឹកចិត្តដល់យុវជនគួររៀនពីរបៀបគ្រប់គ្រងឯកជនភាព យល់ដឹងពី Digital Footprint ពិនិត្យមើលអ្នកបញ្ចេញមតិដែលមិនស្គាល់អត្តសញ្ញាណ និងចេះប្រើប្រាស់មុខងារការពារខ្លួន ដូចជា ការបិទមិនឱ្យមើលទិន្នន័យ (Lock Profile) ឬការលុបនិងរាយការណ៍ (Block/Report) ជាដើម។ ទន្ទឹមគ្នានេះ ការរួមដៃគ្នាជាមួយយុវជន និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស គឺជាកាតព្វកិច្ចចាំបាច់ ខណៈដែលពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាមួយនេះ។

យោងតាម UNICEF Cambodia បច្ចុប្បន្នយុវជនកម្ពុជាប្រមាណ ៨៥.៧% ដែលប្រើប្រាស់អ៊ីនធឺណិត មានអាយុចន្លោះពី ១៥ដល់២៤ឆ្នាំ កំពុងប្រឈមនឹងហានិភ័យនៃអំពើហិង្សាតាមអនឡាញ និង Cyberbullying។ ក្នុងនោះ ទម្រង់នៃការបំពានដែលជួបប្រទះញឹកញាប់ រួមមាន ការបញ្ចេញមតិជេរប្រមាថ (Trolling), ការបង្កើតគណនីក្លែងក្លាយ (Impersonation) និងការយកទិន្នន័យឯកជន ឬរូបរាងមកសើចចម្អក (Denigration/Meme)។ ផលប៉ះពាល់នៃការធ្វើបាបតាមអនឡាញនេះ មិនត្រឹមតែធ្វើឱ្យជនរងគ្រោះបាត់បង់ទំនុកចិត្ត ធ្លាក់ចុះការសិក្សា ឬបោះបង់សាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាវិបត្តិនៃបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរផងដែរ។

យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយ UNICEF បានដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីការការពារកុមារតាមប្រព័ន្ធអនឡាញ» ដើម្បីបង្កើតបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា