អ្នកជំនាញបច្ចេកវិទ្យាលោក ជី សុផាត បង្កើតគេហទំព័រ ជួយពលរដ្ឋខ្មែរពិនិត្យ «សុខភាពឌីជីថល» ដោយឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញបច្ចេកវិទ្យាលោក ជី សុផាត បង្កើតគេហទំព័រ ជួយពលរដ្ឋខ្មែរពិនិត្យ «សុខភាពឌីជីថល» ដោយឥតគិតថ្លៃ

អ្នកជំនាញបច្ចេកវិទ្យាលោក ជី សុផាត បង្កើតគេហទំព័រ ជួយពលរដ្ឋខ្មែរពិនិត្យ «សុខភាពឌីជីថល» ដោយឥតគិតថ្លៃ

ដើម្បីជួយឱ្យប្រជាពលរដ្ឋទូទៅអាចស្ទង់មើលទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យា និងដឹងពីហានិភ័យសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត លោក ជី សុផាត ដែលជាអ្នកជំនាញបច្ចេកវិទ្យា និងជាអ្នករៀបចំកម្មវិធី BarCamp Cambodia បានបង្កើតឧបករណ៍ពិនិត្យសុខភាពឌីជីថលជាភាសាខ្មែរមួយ មានឈ្មោះថា Sophat.Space។ ការពិនិត្យនេះ ផ្អែកលើចម្លើយរបស់អ្នកប្រើប្រាស់ មិនមែនជាការស្កេនឧបករណ៍ ឬការធានាថាគណនីមានសុវត្ថិភាពទាំងស្រុងនោះទេ។

បើតាមលោក ជី សុផាត Sophat.Space បង្កើតឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ធ្វើឱ្យចំណេះដឹងសុវត្ថិភាពឌីជីថលងាយយល់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមិនមានជំនាញបច្ចេកទេស។ ជួយអ្នកប្រើស្គាល់ថា តើគួរកែលម្អអ្វីមុន និងត្រូវចាប់ផ្ដើមធ្វើដូចម្ដេច? លើសពីនេះ ជំរុញទម្លាប់ការពារខ្លួនជាប្រចាំ ដូចជា ការពារគណនី គ្រប់គ្រងឯកជនភាព និងប្រុងប្រយ័ត្នចំពោះការបោកប្រាស់។ ជាពិសេស គាំទ្រអ្នកបណ្ដុះបណ្ដាល សាលារៀន និងអង្គការ ក្នុងការបង្រៀន និងស្វែងយល់ពីតម្រូវការរបស់អ្នកចូលរួម។

អ្នកជំនាញបច្ចេកវិទ្យា រូបនេះ បញ្ជាក់បន្ថែមថា លទ្ធផលដែលលោកចង់ឃើញ គឺអ្នកប្រើប្រាស់មិនត្រឹមតែទទួលបានពិន្ទុទេ ប៉ុន្តែអាចអនុវត្តការកែលម្អជាក់ស្ដែង និងមានទម្លាប់ឌីជីថលកាន់តែមានសុវត្ថិភាព។ លោក ជី សុផាត បន្តថា សម្រាប់ដៃគូ គម្រោងនេះអាចជាឧបករណ៍ជួយកំណត់តម្រូវការបណ្ដុះបណ្ដាល និងតាមដានការរីកចម្រើនដោយគោរពឯកជនភាព។

លោក ជី សុផាត លើកឡើងដែរថា សម្រាប់ជាទិសដៅយុទ្ធសាស្ត្ររបស់ Sophat.Space រួមមាន៖

១. ពង្រឹងមាតិកា និងភាពជឿទុកចិត្ត៖ រៀបចំប្រភពយោង វិធីសាស្ត្រវាយតម្លៃ និងការពិនិត្យមាតិកាដោយអ្នកជំនាញ ព្រមទាំងធ្វើបច្ចុប្បន្នភាពតាមការប្រែប្រួលនៃបច្ចេកវិទ្យា និងហានិភ័យថ្មីៗ។

២. អភិវឌ្ឍលើវិស័យស្នូលចំនួន៦៖ សុវត្ថិភាពគណនី សុវត្ថិភាពឧបករណ៍ ការយល់ដឹងពីការបោកប្រាស់ ឯកជនភាព ទម្លាប់ឌីជីថល និងការត្រៀមស្ដារគណនីឬទិន្នន័យពេលមានបញ្ហា។

៣. បង្កើនភាពងាយស្រួលប្រើប្រាស់៖ ផ្ដោតលើភាសាខ្មែរ សំណួរខ្លីៗ ការណែនាំច្បាស់លាស់ និងការស្ដាប់ជាសំឡេង។ បច្ចុប្បន្ន មុខងារសំឡេងខ្មែរដែលគាំទ្រដោយ Kiri បានដាក់ឱ្យប្រើលើគេហទំព័រហើយ។

៤. ពង្រីកការប្រើប្រាស់ក្នុងវគ្គបណ្ដុះបណ្ដាល និងសហគមន៍៖ អភិវឌ្ឍកញ្ចប់សំណួរតាមតម្រូវការរបស់សាលារៀន អង្គការ ឬគម្រោង ដោយផ្ដល់លទ្ធផលផ្ទាល់ខ្លួនដល់អ្នកចូលរួម និងទិន្នន័យសរុបសម្រាប់អ្នករៀបចំ ដោយគោរពឯកជនភាព។

៥. កសាងនិរន្តរភាពរបស់គម្រោង៖ ស្វែងរកដៃគូមាតិកា បច្ចេកទេស ការស្រាវជ្រាវ និងការឧបត្ថម្ភ ដើម្បីបន្តអភិវឌ្ឍ និងថែទាំគម្រោង។ ការគាំទ្រគួររក្សាឯករាជ្យភាពនៃមាតិកា និងមិនផ្ដល់សិទ្ធិចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដល់អ្នកឧបត្ថម្ភឡើយ។

យ៉ាងណាមិញ លោក ជី សុផាត ក៏បានចែករំលែកគម្រោងនេះ ដើម្បីទទួលមតិយោបល់លើយុទ្ធសាស្ត្រ និងពិភាក្សាពីឱកាសអាចសហការគ្នាបានផងដែរ។ មិនចាំបាច់ជាអ្នកជំនាញ IT ទេ មតិពីការប្រើប្រាស់របស់បងប្អូននឹងជួយឱ្យកម្មវិធីនេះកាន់តែងាយប្រើសម្រាប់អ្នកទាំងអស់គ្នា។ សាកល្បងប្រើ៖ https://sophat.space ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា