យុគសម័យ AI លោកស្រី សំណាង វិធាវី លើកទឹកចិត្តក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុគសម័យ AI លោកស្រី សំណាង វិធាវី លើកទឹកចិត្តក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យា

យុគសម័យ AI លោកស្រី សំណាង វិធាវី លើកទឹកចិត្តក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យា

ក្នុងឱកាសអបអរទិវា “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា” ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor បានលើកឡើងថា បច្ចុប្បន្ន​វត្តមានស្រ្តីក្នុងវិស័យឌីជីថលនៅតែមានកម្រិតនៅឡើយ, លោកស្រីថា ក្នុង​យុគសម័យ AI គឺជាឱកាសសម្រាប់ក្មេងស្រីក្នុងការរៀនសរសេរកូដ និងអភិវឌ្ឍខ្លួន ដើម្បីកាត់បន្ថយគម្លាតបច្ចេកវិទ្យា និងបង្ហាញថា “ស្រ្តីក៏មានអំណាចក្នុងការកំណត់ជោគវាសនា” ក្នុងពិភពឌីជីថលផងដែរ។

Advertisement

បទពិសោធន៍ជាង ១០ឆ្នាំ ក្នុងនាមជា Full-stack Developer លោកស្រី សំណាង វិធាវី ចង់ឃើញក្មេងស្រីកាន់តែច្រើនចូលរួមក្នុងវិស័យបច្ចេកវិទ្យា ព្រោះថា ប្រសិនមនុស្សស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើន នោះគម្លាតបច្ចេកវិទ្យា នឹងកាត់បន្ថយកាន់តែច្រើន។

ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា

លោកស្រី សំណាង វិធាវី បានរៀបរាប់ពីដំណើរក្នុងការសិក្សា រហូតដល់បំពេញការងារ ដោយថា នៅឆ្នាំ២០០៨ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកស្រីមិនទាន់ស្គាល់ការសរសេរកូដនៅឡើយ គ្រាន់តែដឹងថា មានកុំព្យូទ័រ ហើយក៏ចាប់អារម្មណ៍ចង់ធ្វើជាអ្នករចនាកម្មវិធី​ ប៉ុន្តែក្រោយមក ក៏ជ្រើសរើសរៀនជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ។ លោកស្រី ក៏ទទួលបានពាក្យសម្ដីពីមនុស្សជុំវិញខ្លួនថា ជំនាញនេះពិបាករៀន ខ្លាចរៀនមិនចេះ ជាដើម, ប៉ុន្តែលោកស្រីបានជំនះ ដោយអនុញ្ញាតិឱ្យខ្លួនឯងសាកល្បងរៀនជំនាញនេះនៅឆ្នាំទី១ ហើយគិតថា ប្រសិនរៀនមិនចេះ ចាំប្ដូរជំនាញក៏មិនទាន់ហួសពេលដែរ តែជាក់ស្ដែងលោកស្រីក៏រៀនចេះ និងមិនពិបាកដូចអ្វីដែលគេនិយាយនោះឡើយ។

ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor លើកឡើងពីបទពិសោធន៍ក្នុងការសិក្សាជំនាញបច្ចេកវិទ្យា ដោយថា ដើម្បីឱ្យការសិក្សាផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង នៅឆ្នាំសិក្សាទី៣ លោកស្រីក៏ដាក់ពាក្យចូលធ្វើការបណ្ដើរ និងរៀនបណ្ដើរ ដើម្បីឱ្យការរៀនសូត្រទៅមុខបានលឿន និងងាយស្រួល។

បើតាមលោកស្រី សំណាង វិធាវី វិស័យបច្ចេកវិទ្យាកាលពី ១០ឆ្នាំមុន មនុស្សស្រីក្នុងវិស័យនេះ គឺមានត្រឹមតែ១០ ទៅ២០ភាគរយប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ន ធនធាន​នេះមានការកើនឡើងប្រមាណពី ២០ ទៅ ៣០ភាគរយ។ ក្នុងនោះ ការងារកម្រិតខ្ពស់ មានស្រ្តីត្រឹម ១៥ភាគរយ ហើយមុខតំណែងជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) នៅលើពិភពលោកមានស្រ្តីត្រឹមតែ ៦ភាគរយប៉ុណ្ណោះ។

ទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”

លោកស្រីបន្ថែមថា បញ្ញាសិប្បនិម្មិត (AI) មានការអភិវឌ្ឍយូរឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បច្ចេកវិទ្យាមួយនេះបានដើរលឿនខ្លាំង ហើយគុណភាពការងារកាន់តែល្អ។ ក្រុមហ៊ុនធំៗមួយចំនួនអនុញ្ញាតិឱ្យបុគ្គលិកចេះ​ប្រើប្រាស់ AI សម្រាប់សរសេរកូដច្រើនទៅៗ។ ដូច្នេះ វាកាន់តែងាយស្រួល ដែលក្មេងស្រី និងស្រ្តី អាចចូលរួមក្នុងបច្ចេកវិទ្យា តាមរយៈការរៀនសរសេរកូដ ដោយប្រើប្រាស់ AI ឥតគិតថ្លៃ ឬអាចចូលរួមរៀនសរសេរកូដជាក្រុមជាមួយ sister of code ជាដើម។

លោកស្រី សំណាង វិធាវី បន្ថែមថា បញ្ញាសិប្បនិម្មិត ឬ AI មិនស្គាល់យេនឌ័រ ភេទប្រុស ឬភេទស្រីឡើយ ព្រោះវាជាម៉ាស៊ីន ដូច្នេះប្រសិនមនុស្សស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើន នោះគម្លាតកាត់បន្ថយក៏កាន់តែច្រើន។ បើស្រឡាញ់កុំឱ្យការលំបាក ឬពាក្យសម្ដីដែលគេនិយាយជុំវិញ ធ្វើជាមូលហេតុដែលយើងមិនបានចូលរួម។ យើងមានអំណាចក្នុងការកំណត់អនាគតខ្លួនឯង!

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា