លោកស្រី តាន់ សុដានី ៖ សេចក្ដីក្លាហាន និងចង់ចេះចង់ដឹង ជាលក្ខណៈពិសេសធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី តាន់ សុដានី ៖ សេចក្ដីក្លាហាន និងចង់ចេះចង់ដឹង ជាលក្ខណៈពិសេសធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា

លោកស្រី តាន់ សុដានី ៖ សេចក្ដីក្លាហាន និងចង់ចេះចង់ដឹង ជាលក្ខណៈពិសេសធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា

សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសអបអរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន” ឆ្នាំ២០២៦។

Advertisement

បើតាម​ប្រសាសន៍លោកស្រី តាន់ សុដានី ស្រី្តជាជនដំបូងបង្អស់ក្នុងការបង្កើតកម្មវិធីកុំព្យូទ័រ, លើសពីនេះ អ៊ីនធឺណិត WIFI ដែលមនុស្សទូទាំងពិភពលោកកំពុងប្រើ ក៏កើតចេញមកពីអ្នកស្រាវជ្រាវដែលជាស្រ្តី និងគំនិតផ្ដួចផ្ដើមរបស់ស្រ្តីនៅសម័យមុនដែរ។

លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រូបនេះ មានប្រសាសន៍ថា​ នៅក្នុងប្រទេសកម្ពុជា ក៏មានស្រ្តីជាច្រើនកំពុងបម្រើការក្នុងវិស័យបច្ចេកវិទ្យា រួមមាន អ្នកគ្រប់គ្រងប្រព័ន្ធគមនាគមន៍ និងបណ្ដាញទូរស័ព្ទ, អ្នកបង្កើតសេវាធនាគារ​ ក៏ដូចជាអ្នកបង្កើតបច្ចេកវិទ្យាសុខាភិបាលឌីជីថលជាដើម។ លោកស្រី សុដានី បន្តថា ស្រ្តីទាំងនេះ សុទ្ធតែបានឆ្លងកាត់បញ្ហា ការលំបាក និងឧបសគ្គជាច្រើន ហើយលក្ខណៈពិសេសដែលធ្វើឱ្យពួកគាត់ក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា គឺសេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹងរបស់ពួកគាត់។

លោកស្រី តាន់ សុដានី បន្ថែមថា ប្រសិនបើមាននរណាម្នាក់ប្រាប់ថា វិស័យបច្ចេកវិទ្យានេះ មិនមែនសម្រាប់ក្មេងស្រី ហើយសម្រាប់តែបុរស គឺជារឿងមិនពិតទេ សូមកុំជឿ។ លោកស្រីលើកទឹកចិត្តក្មេងស្រីទាំងអស់ ត្រូវមានសេចក្ដីក្លាហាន និងប្រកាន់ខ្ជាប់នូវភាពចង់ចេះចង់ដឹង។ ទន្ទឹមគ្នានេះ ត្រូវក្លាហាន ដើរចេញពីព្រំដែនដែលកំណត់ដោយអ្នកដទៃ ដែលថា ស្រ្តីមិនអាចធ្វើបាន ប៉ុន្តែស្រ្តីត្រូវមានភាពក្លាហានស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯងបន្តិចម្ដងបន្តិចម្ដង និងស្វែងរកអ្វីដែលខ្លួនចង់ចេះចង់ដឹងនៅក្នុងពិភពបច្ចេកវិទ្យាដ៏សម្បូរបែប។

យើងទាំងអស់គ្នាកំពុងត្រូវការប្អូនៗដែលជាស្រ្តី ចូលរួមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានេះ ហើយកសាងសង្គមបច្ចេកវិទ្យាមួយទាំងនៅកម្ពុជា​ និងសម្រាប់សកលលោក

លោកស្រី តាន់ សុដានី

ជាមួយគ្នានេះ លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code មានប្រសាសន៍ថា ក្មេងស្រីពិតជាមានឱកាសច្រើនណាស់ក្នុងការលូតលាស់ និងក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យបច្ចេកវិទ្យា។ ក្មេងស្រីមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេ គឺចូលរួមបង្កើត កសាង និងច្នៃប្រឌិត នូវអ្វីដែលពួកគេចង់ដោះស្រាយបញ្ហាប្រឈមនៅកម្ពុជា។

អ្នកដឹកនាំគម្រោង Sisters of Code បន្ថែមថា AI គឺជាអ្វីដែលយើងអាចរៀនបាន និងមិនមែនសម្រាប់តែអ្នកជំនាញនោះទេ ហើយឱកាសនៅក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានច្រើន។ ដូច្នេះ ក្មេងស្រី និងស្រី្ត មិនគ្រាន់តែប្រើប្រាស់បច្ចេកវិទ្យាទេ តែក៏ចូលរួមកំណត់ទិសដៅរបស់បច្ចេកវិទ្យាផងដែរ។

លោកស្រី ជីន ដាលីន ក៏បានលើកទឹកចិត្តស្រ្តី និងក្មេងស្រីទាំងអស់ ត្រូវហានបោះជំហានក្នុងវិស័យបច្ចេកវិទ្យា ឬចូលរួមកម្មវិធី sister of code ដោយចាប់ផ្ដើមពីចំណុចដែលប្អូនៗកំពុងនៅ ហើយបន្តរីកចម្រើនជាមួយគ្នា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា