ពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ បើកទ្វារមួយខែពេញ ស្វាគមន៍សាធារណ ជនស្វែងយល់មរតកឯកសារជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ បើកទ្វារមួយខែពេញ ស្វាគមន៍សាធារណ ជនស្វែងយល់មរតកឯកសារជាតិ

ពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ បើកទ្វារមួយខែពេញ ស្វាគមន៍សាធារណ ជនស្វែងយល់មរតកឯកសារជាតិ

ពិព័រណ៍អបអរសាទរខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» បានបើកជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបើកទទួលសាធារណជនចូលទស្សនារយៈពេលមួយខែពេញ រហូតដល់ថ្ងៃទី៤ ខែធ្នូ ដើម្បីស្វែងយល់ពីមរតកឯកសារជាតិ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់កម្ពុជា។

ពិព័រណ៍នេះរៀបចំឡើងក្នុងឱកាសបណ្ណសារដ្ឋានជាតិនៃកម្ពុជាមានអាយុកាលគម្រប់ ១០០ឆ្នាំ គិតចាប់ពីការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩២៦។ ព្រឹត្តិការណ៍នេះមានគោលបំណងរំលឹកដំណើរប្រវត្តិសាស្ត្ររបស់ស្ថាប័ន និងបង្ហាញពីតួនាទីក្នុងការថែរក្សា អភិរក្ស និងផ្សព្វផ្សាយមរតកឯកសារជាតិ ដែលជាប្រភពចំណេះដឹង និងភស្តុតាងដ៏មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ បណ្ណសារដ្ឋានជាតិបានឆ្លងកាត់របត់ប្រវត្តិសាស្ត្រជាច្រើន ជាពិសេសក្នុងរបបខ្មែរក្រហម ដែលស្ថាប័ននេះត្រូវបានបោះបង់ចោល និងរងការបំផ្លិចបំផ្លាញឯកសារជាច្រើន។

សម្តេចក៏បានបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះនឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រនៃបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេលមួយខែពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ ចូលរួមស្វែងយល់ពីប្រវត្តិសាស្ត្រ និងមរតកឯកសាររបស់កម្ពុជា។

ជាមួយគ្នានេះ និស្សិត គី រ័ត្ននា មកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្ហាញក្តីរីករាយដែលបានចូលរួមទស្សនាពិព័រណ៍នេះដោយសារអាចស្វែងយល់ពីឯកសារប្រវត្តិសាស្ត្រជាច្រើន ដែលត្រូវបានតម្កល់ទុកក្នុងបណ្ណសារដ្ឋានជាតិ។ និស្សិតរូបនេះយល់ថា ពិព័រណ៍នេះជាឱកាសសំខាន់សម្រាប់យុវជន និងសាធារណជនក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ជាតិ។

និស្សិតរូបនេះបានលើកឡើងថា «ពិព័រណ៍នេះមានសារៈសំខាន់ដល់យុវជន និងសាធារណជន​ក្នុងការស្វែង​យល់ពីប្រវត្តិសាស្ត្រកម្ពុជា ព្រោះឯកសារមួយចំនួនយើងមិនងាយមានឱកាសបានឃើញផ្ទាល់នោះទេ ដែលបណ្ណសារដ្ឋានជាតិបានតម្កល់ទុក»។

ចំណែកនិស្សិត ប្រាក់ កេរ្តិម៉ាលី មកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានឱ្យដឹងថា ក្រៅពីការស្វែងយល់ពីឯកសារបុរាណដែលមានតម្លៃ សាធារណជនក៏អាចទស្សនាស្តង់តាំងបង្ហាញ និងស្តង់លក់សៀវភៅ វត្ថុអនុស្សាវរីយ៍ ព្រមទាំងម្ហូបអាហារផ្សេងៗផងដែរ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារបានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ដោយប្រែក្លាយស្ថាប័នទាំងពីរពីទីតាំងតម្កល់ឯកសារទៅជាមជ្ឈមណ្ឌលជាតិឌីជីថល ដែលមានមុខងារតម្កល់ឯកសារ ផ្សព្វផ្សាយចំណេះដឹង ស្រាវជ្រាវ និងផ្តល់សេវាកម្ម ព្រមទាំងរៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ។

គួរបញ្ជាក់ថា ឯកសារដែលតម្កល់ទុកនៅបណ្ណសារដ្ឋានជាតិ គឺជាមរតកដ៏មានតម្លៃរបស់កម្ពុជា ដែលឆ្លុះ​បញ្ចាំង​ពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ព្រមទាំងជាប្រភពសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ និងជាភស្តុតាង​ផ្នែកគតិយុត្ត។

ការរៀបចំពិព័រណ៍ខួប ១០០ឆ្នាំនេះ ក៏ជាឱកាសមួយក្នុងការបង្ហាញមរតកវប្បធម៌​និងប្រវត្តិសាស្ត្រកម្ពុជាទៅកាន់ពិភពលោក ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់​​កូហ្វូនីនៅឆ្នាំ២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា