ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ​៖​ ពាក្យ​ ​«​សាប​ៗ​» ​ក្នុង​បណ្តាញ​សង្គម​ ​អាច​ល្បី​តែ​មួយ​រយៈ ​ហើយ​បាត់​ទៅ​វិញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ​៖​ ពាក្យ​ ​«​សាប​ៗ​» ​ក្នុង​បណ្តាញ​សង្គម​ ​អាច​ល្បី​តែ​មួយ​រយៈ ​ហើយ​បាត់​ទៅ​វិញ​

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ​៖​ ពាក្យ​ ​«​សាប​ៗ​» ​ក្នុង​បណ្តាញ​សង្គម​ ​អាច​ល្បី​តែ​មួយ​រយៈ ​ហើយ​បាត់​ទៅ​វិញ​

​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហ៊ាន​ ​សុខុម ​បាន​លើកឡើង​ថា​ ​ពាក្យ​ថ្មី​ៗ​ដែល​កើតមាន​ក្នុង​សង្គម ​ដូចជា​ ​«​សាប​ៗ​» ​ដែល​កំពុង​ពេញនិយម​ក្នុង​ចំណោម​យុវជន​ ​អាច​មាន​អាយុកាល​ខ្លី ​និង​បាត់​ទៅ​វិញ​ ប្រសិនបើ​មិន​មាន​ការ​ប្រើប្រាស់​ ​និង​គាំទ្រ​បន្ត​ពី​សង្គម។

​លោក​បណ្ឌិត​ ​ហ៊ាន​ សុខុម ​បាន​លើកឡើង​បែបនេះ​ ​ក្នុង​ឱកាស​ចូលរួម​វេទិកា​ស្តីពី ​«​ការ​ប្រើ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ​៖ នរណា​ជា​អ្នក​ទទួលខុសត្រូវ​?​» ​ដែល​រៀបចំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ ​(​ក​.​អ.ក​)​ ​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ​និង​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​៣១​ ​ខែ​សីហា ​ឆ្នាំ​២០២៦។

​លោក​បណ្ឌិត​បាន​ពន្យល់​ថា​ ​ភាសា​តែងតែ​វិវត្ត​ទៅ​តាម​ការ​ផ្លាស់ប្តូរ​របស់​សង្គម ​ហើយ​យុវជន​ក៏​ជា​ផ្នែក​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​បង្កើត​ ​និង​ប្រើប្រាស់​ពាក្យ​ថ្មី​ៗ​។ ​ពាក្យ​មួយចំនួន​អាច​ទទួល​បាន​ការ​ពេញនិយម​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​អាច​បាត់​ទៅ​វិញ​ នៅពេល​មនុស្សលែង​ប្រើប្រាស់។

​លោក​បណ្ឌិត​បាន​លើក​ឧទាហរណ៍​ថា​ ​ពាក្យ​ ​«​បែកស្លុយ​» ​ធ្លាប់​ទទួល​បាន​ការ​ពេញនិយម​ក្នុង​រយៈពេល​មួយ ​ប៉ុន្តែ​ក្រោយមក​ក៏​ថយចុះ​ ​និង​លែង​សូវ​មាន​ការ​ប្រើប្រាស់​។ ​លោក​បញ្ជាក់​ថា​ ​ផ្ទុយទៅវិញ​ ​ពាក្យ​ខ្លះ​អាច​បន្ត​រស់​នៅក្នុង​ភាសា​ ​ប្រសិនបើ​សង្គម​នៅតែ​ប្រើប្រាស់​ ​និង​គាំទ្រ ​ជាពិសេស​នៅពេល​ពាក្យ​នោះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​យក​មក​ប្រើ ​និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។

ពាក់ព័ន្ធ​នឹង​ពាក្យ​ ​«​សាប​ៗ​» ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​មាន​ការ​កត់ត្រា​ពាក្យ​មួយចំនួន​ដែល​កើតមាន​ក្នុង​ការ​ប្រើប្រាស់​ជាក់ស្តែង​ ​ដើម្បី​សិក្សា​ពី​ប្រភព ​ដំណើរ​កើត​មាន​ ​និង​ការ​ប្រែប្រួល​របស់​ពាក្យ​ទាំងនោះ​តាម​ពេលវេលា។

​លោក​បណ្ឌិត​ក៏​បាន​សង្កត់ធ្ងន់​ពី​ឥទ្ធិពល​របស់​បណ្តាញ​សង្គម​លើ​ការ​រីករាលដាល​នៃ​ពាក្យ​ថ្មី​ៗ ​ដោយ​ពាក្យ​មួយ​អាច​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​យក​ទៅ​ប្រើប្រាស់​ក្នុង​រយៈពេល​ដ៏​ខ្លី​។​ ​ទន្ទឹម​នឹង​នេះ​ ការ​ប្រើប្រាស់​ភាសា​នៅលើ​បណ្តាញ​សង្គម​ក៏​អាច​មាន​ការ​លាយបញ្ចូល​គ្នា​រវាង​ភាសា​ខ្មែរ​ ​ភាសា​បរទេស ​អក្សរ​ឡាតាំង ​អក្សរ​កាត់ ​និង​និមិត្ត​សញ្ញា​ផ្សេង​ៗ។

​លោក​បាន​ណែនាំឱ្យ​អ្នក​ប្រើប្រាស់​ភាសា​ចេះ​បែងចែក​ឱ្យ​បាន​ច្បាស់​រវាង​ភាសា​ផ្លូវការ ​និង​ភាសា​ដែល​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ​ដោយសារ​បរិបទ​នៃ​ការ​ប្រើប្រាស់​ភាសា​មាន​ភាព​ខុសគ្នា​។ ​លោក​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​ពាក្យ​បរទេស​ ​ឬ​ពាក្យ​ថ្មី​ៗ​មួយ​ចំនួន​ អាច​កើតឡើង​ដោយសារ​បរិបទ​ការងារ​ បច្ចេកវិទ្យា ​និង​ការ​ទំនាក់ទំនង​ក្នុង​សង្គម។

​ជាមួយគ្នា​នេះ​ ​លោក​ ពុយ​ ​គា ​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ ​ក៏​បាន​សង្កេតឃើញ​ថា​ ​បណ្តាញ​សង្គម​ពិត​ជា​បាន​បង្កើត​ឱ្យ​មាន​ការ​ប្រើប្រាស់​ពាក្យ​ថ្មី​ៗ​ជា​ច្រើន រួម​ទាំង​ពាក្យ​ ​«​សាប​ៗ​» ​ផងដែរ​។ ​លោក​បាន​បញ្ជាក់​ថា​ ​ការ​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ភាសា​ទាំងអស់​យកចិត្តទុកដាក់​ ​និង​ចូលរួម​ថែរក្សា​ អភិរក្ស​ ​និង​លើកកម្ពស់​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា