កុមារី​កម្ពុជា​ ​៣​ក្រុម​ ​ឈាន​ទៅ​វគ្គ​ ​Global​ ​Semifinalists​ ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារី​កម្ពុជា​ ​៣​ក្រុម​ ​ឈាន​ទៅ​វគ្គ​ ​Global​ ​Semifinalists​ ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក

កុមារី​កម្ពុជា​ ​៣​ក្រុម​ ​ឈាន​ទៅ​វគ្គ​ ​Global​ ​Semifinalists​ ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក

​ភ្នំពេញ​ ​៖​ ​ក្រុម​បេក្ខ​នារី​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន​ ​៣​ក្រុម​ ត្រូវបានគណៈកម្មការអន្តរជាតិជ្រើសរើសជាផ្លូវការ ជាបេក្ខភាព​​ឈាន​ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រកម្រិតពិភពលោក ​(​Global​ ​Semifinalists​) ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក ​ក្នុងចំណោមក្រុមឆ្នើមថ្នាក់ជាតិ​ទាំង​១៥​ក្រុម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍគម្រោង​​យ៉ាង​ស្វិតស្វាញអស់រយៈពេល ១២សប្ដាហ៍​។

Advertisement

​ជ័យលាភី​ទាំង​ ​៣​ក្រុម​ ​ដែល​នឹង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​បាន​ទៅ​លើ​ ​ក្រុម​ ​Logic​Loopers​ ​ជ័យលាភី​ជើងឯក​ថ្នាក់​ជាតិ​ កម្រិត​បឋមសិក្សា​ ​គម្រោង​ឈ្មោះ​ ​PiggyPal​, ​ក្រុម​ ​Kesararam​ ​with​ ​Digital​ ​ជ័យលាភី​ជើងឯក​ថ្នាក់​ជាតិ​ កម្រិត​អនុវិទ្យាល័យ​ គម្រោង​ឈ្មោះ​ ​The​ ​Way​ ​of​ ​Safety​ ​និង​ក្រុម​ ​Impact​ ​Nexus​ ​ជ័យលាភី​ជើងឯក​ថ្នាក់​ជាតិ​ ​ប្រជាប្រិយភាព​ ​គម្រោង​ឈ្មោះ​ ​CardiPop​។​

​ការ​ប្រកាស​ជ័យលាភី ​នៃ​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នេះ​ ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ក្រោម​អធិបតីភាព​ ​ឯកឧត្តម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ ​ឯកឧត្តម​ ​ជុន ​វ៉ាត ​រដ្ឋលេខាធិការ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។

ការប្រកួតប្រជែងថ្នាក់ជាតិ នៃកម្មវិធីតិចណូវេសិនកម្ពុជា និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៦

​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នេះ​ ​គឺជា​កិច្ចសហការ​រវាង​ នាយកដ្ឋាន​បរិវត្តកម្ម​ឌីជីថល ​នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សហការ​ជាមួយ​សហគមន៍​តិច​ណូវេសិន​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Tech​ ​for​ ​Kid​ ​Academy​ ​ដោយ​បាន​រួមបញ្ចូល​គ្នា​រវាង​កម្មវិធី​ ​Technovation​ ​Girls​ ​និង​ ​Future​ ​Digital​ ​Talents​។ ​កម្មវិធី​នេះ​ ​បាន​បើក​ឱកាស​ឱ្យ​កុមារ​ និង​យុវជន​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​លើ​ការ​សរសេរ​កូដ ​(​Coding​) ​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ ​(​Mobile​ ​Apps​) ​និង​ការ​អនុវត្ត​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ដើម្បី​បង្កើត​ជា​ដំណោះស្រាយ​ច្នៃប្រឌិត​ឆ្លើយតប​នឹង​បញ្ហា​នានា​ក្នុង​សហគមន៍​។

​ថ្លែង​ក្នុង​ពិធី​នោះ​ ​ឯកឧត្តម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​បេក្ខជន​ទាំង​ ​១៥​ក្រុម​ ​ដែល​បាន​ឆ្លង​ផុត​ការ​ជម្រុះ​រហូតមកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្នាក់​ជាតិ​ ​ជាពិសេស​គឺ​ការ​កោតសរសើរ​ចំពោះ​ក្រុម​កុមារី​ទាំង​ ​៣​ក្រុម​ ​ដែល​បាន​រុញ​ច្រាន​សមត្ថភាព​បច្ចេកវិទ្យា​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ក្នុង​វគ្គ​ ​Global​ ​Semifinalists​។​

​ឯកឧត្តម​បណ្ឌិត​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​រៀនសូត្រ​ផ្អែក​លើ​គម្រោង​ជាក់ស្តែង​ ​(​Project​-​Based​ ​Learning​) ​រយៈពេល​កន្លងមក​ មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ ​និង​សហគ្រិន​ភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​បំពាក់​បំប៉ន ​«​បំណិន​សតវត្ស​ទី​២១​» ​យ៉ាង​សំខាន់​ៗ​ដូចជា​ ​ការ​គិត​ច្នៃប្រឌិត​ ​ការ​ដោះស្រាយ​បញ្ហា​ ​ការ​ធ្វើការ​ជា​ក្រុម​ ​និង​ស្វ័យ​សិក្សា​ ​ដែល​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការ​កសាង​មូលធន​មនុស្ស​ឌីជីថល​សម្រាប់​កម្ពុជា​។​

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ថា​៖​ ​«​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​មិន​មែន​ដើម្បី​វាស់វែង​តែ​ចាញ់​ ​ឬ​ឈ្នះ​នោះ​ឡើយ​ ​ប៉ុន្តែ​វា​គឺជា​ «​ជ័យជម្នះ​លើ​ខ្លួនឯង​» ​តាមរយៈ​ការ​ទទួលបាន​នូវ​បទពិសោធន៍​ ​ការ​ជះឥទ្ធិពល​វិជ្ជមាន​ដល់​សហគមន៍​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​យ៉ាង​ពិតប្រាកដ​»​។​

​គួរ​ជម្រាប​ជូន​ថា​ ​ក្រុម​ដែល​បង្ហាញ​សមត្ថភាព​ឆ្នើម​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ ​នឹង​ទទួលបាន​ឱកាស​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅ​ប្រទេស​។ ​ជាពិសេស​ ក្រុម​យុវតី​ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​កម្រិត​ពិភពលោក​ ​(​Technovation​ ​Global​) ​នឹង​ទទួលបាន​កិត្តិយស​តំណាង​ឱ្យ​កម្ពុជា​ ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ ​World​ ​Summit​ ​២០២៦​ ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ ​Bengaluru​ ​ប្រទេស​ឥណ្ឌា​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា