ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់ ដែលបានចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល កែលម្អគុណភាពសេវាសុខាភិបាល និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី។

សម្តេចធិបតីមានប្រសាសន៍ថា សមិទ្ធផលនេះបង្ហាញពីតួនាទីដ៏សំខាន់របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាល ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាច្រើននៃក្រសួងសុខាភិបាល ក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បន្តពង្រឹងបេសកកម្មស្នូលទាំង៣របស់ខ្លួន គឺ ការអប់រំ ការស្រាវជ្រាវ និងការបម្រើសង្គម ដើម្បីធានាថា អ្នកជំនាញសុខាភិបាលដែលបានបណ្តុះបណ្តាល មានចំណេះដឹង ជំនាញ សមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ស្របតាមការវិវត្តនៃប្រព័ន្ធសុខាភិបាល។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តថា ការអប់រំត្រូវរៀបចំអ្នកជំនាញសុខាភិបាលឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលសមស្របនឹងប្រព័ន្ធសុខាភិបាលដែលកំពុងផ្លាស់ប្តូរ។ ចំណែកការស្រាវជ្រាវ ត្រូវបង្កើតភស្តុតាងវិទ្យាសាស្ត្រ ដែលអាចឆ្លើយតបទៅនឹងអាទិភាពសុខាភិបាលរបស់កម្ពុជា ខណៈការបម្រើសង្គម ត្រូវធានាថា ចំណេះដឹង និងការរកឃើញថ្មីៗរបស់សាកលវិទ្យាល័យ ត្រូវបានយកទៅប្រើប្រាស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកជំងឺ និងសហគមន៍។

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៦ ដំបូងមានឈ្មោះថា «សាលាមន្ត្រីសុខាភិបាល» ហើយបានវិវត្ត និងផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់។ បន្ទាប់ពីត្រូវបានបោះបង់ចោលក្នុងរបប ប៉ុល ពត ស្ថាប័ននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ១៩៨០ និងបានក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅឆ្នាំ១៩៩៧។

ក្នុងឱកាសខួប៨០ឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីទស្សនៈសំខាន់ៗចំនួន៥ចំណុច ដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។

ទស្សនៈទាំងនេះរួមមាន ការធ្វើបច្ចុប្បន្នភាពកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល ការពង្រឹងអក្ខរកម្មសុខាភិបាល និងអក្ខរកម្មបញ្ញាសិប្បនិម្មិត ការភ្ជាប់ការបណ្តុះបណ្តាលជាមួយការអនុវត្តជាក់ស្តែង ការផ្តោតលើការបង្ការជំងឺ និងការលើកកម្ពស់ការស្រាវជ្រាវលើបញ្ហាសុខភាពជាក់ស្តែងនៅកម្ពុជា។

សម្តេចធិបតីក៏បានជំរុញឱ្យវិស័យសុខាភិបាលផ្លាស់ប្តូរផ្នត់គំនិតពី «ព្យាបាលនៅពេលឈឺ» ទៅជា «បង្ការមុនពេលឈឺ និងរកឃើញជំងឺឱ្យបានឆាប់» ព្រមទាំងពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល មន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងសហគមន៍ ដើម្បីឱ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង និងអាចឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។

គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបន្តរួមចំណែកក្នុងការកសាងធនធានមនុស្សជំនាញសម្រាប់វិស័យសុខាភិបាល តាមរយៈការអប់រំ ការស្រាវជ្រាវ និងការបម្រើសង្គម ដើម្បីចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា