នេប៉ាល់ចេញច្បាប់ថ្មី ៖ ហាមសាលារៀនបង្ខំសិស្ស​ឱ្យ​កាត់សក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នេប៉ាល់ចេញច្បាប់ថ្មី ៖ ហាមសាលារៀនបង្ខំសិស្ស​ឱ្យ​កាត់សក់

នេប៉ាល់ចេញច្បាប់ថ្មី ៖ ហាមសាលារៀនបង្ខំសិស្ស​ឱ្យ​កាត់សក់

​រដ្ឋាភិបាល​នេប៉ាល់​បាន​អនុម័ត​វិសោធនកម្ម ​នៃ​បទប្បញ្ញត្តិ​អប់រំ ​ដោយ​ដាក់​ចេញ​វិធានការ​ថ្មី​ហាមឃាត់​សាលារៀន​មិន​ឱ្យ​បង្ខំ​សិស្ស​កាត់​សក់​ ​ឬ​កាត់​សក់​ដោយ​គ្មាន​ការ​យល់ព្រម​ពី​សិស្ស​។ ​វិធានការ​នេះ​មាន​គោលបំណង​ការពារ​សេចក្តីថ្លៃថ្នូរ ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ផ្ទាល់ខ្លួន​ និង​សុខុមាលភាព​របស់​សិស្ស​ ​ព្រមទាំង​លើកកម្ពស់​បរិយាកាស​សិក្សា​ដែល​គោរព​សិទ្ធិ​កុមារ​។​

Advertisement

​យោង​តាម​សារព័ត៌មាន​ ​Nepal​ ​Journal​ ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​បទប្បញ្ញត្តិ​ថ្មី​ទទួលស្គាល់​ថា​ ​ការ​បង្ខំ​សិស្ស​កាត់​សក់​ ​ឬ​កាត់​សក់​ដោយ​គ្មាន​ការ​យល់ព្រម ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ ​សុខភាព​ផ្លូវចិត្ត​ ​និង​សុខុមាលភាព​ផ្លូវចិត្ត​សង្គម​របស់​សិស្ស​។ ​ដូច្នេះ​ ​សាលារៀន​មិន​អាច​អនុវត្ត​វិធានការ​បែប​នេះ​តទៅទៀត​ឡើយ​។​

បន្ថែម​ពី​នេះ​ រដ្ឋាភិបាល​នេប៉ាល់​ក៏​បាន​ហាមឃាត់​រាល់​សកម្មភាព​នៅក្នុង​គ្រឹះស្ថាន​អប់រំ​ដែល​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវកាយ ​ផ្លូវចិត្ត​ ​ឬ​សុខុមាលភាព​ផ្លូវចិត្ត​សង្គម​របស់​សិស្ស​។ ​គោលបំណង​ ​នៃ​វិធានការ​នេះ​ ​គឺ​ធានា​ឱ្យ​សាលារៀន​ក្លាយជា​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​ ការ​គោរព​ និង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​សិស្ស​។​

​ក្រោម​បទប្បញ្ញត្តិ​ថ្មី​ ​សាលារៀន​ក៏​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ប្រមាថ​ ​មាក់ងាយ ​ឬ​រើស​អើង​សិស្ស​ដោយ​ផ្អែក​លើ​រូបរាង​ ​សម្លៀកបំពាក់​ ម៉ូដ​សក់​ ​ឬ​របៀប​តុបតែង​ខ្លួន​ផ្ទាល់ខ្លួន​។ ​ជាមួយគ្នា​នេះ​ដែរ​ សាលារៀន​មិន​អាច​ដាក់ទណ្ឌកម្ម​សិស្ស​ដោយ​បង្ខំឱ្យ​ឈរ​ហាល​ថ្ងៃ​ ​ឬ​ធ្វើឱ្យ​សិស្ស​អាម៉ាស់​មុខ​ជាសាធារណៈ ​ដោយសារ​ការ​មិន​ទាន់​បង់​ថ្លៃ​សិក្សា​នោះ​ទេ​។​

​រដ្ឋាភិបាល​នេប៉ាល់​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើ​វិសោធនកម្ម​បទប្បញ្ញត្តិ​អប់រំ​លើក​នេះ​ ​គឺ​ដើម្បី​ពង្រឹង​ការ​ការពារ​សិទ្ធិ ​សេចក្តីថ្លៃថ្នូរ ​ការ​គោរព​ខ្លួនឯង​ ​និង​សុខុមាលភាព​របស់​សិស្ស ​ស្រប​តាម​គោលការណ៍​អប់រំ​ដែល​ផ្តោត​លើ​សិទ្ធិ​កុមារ​ ការ​មិន​រើសអើង​ និង​ការ​គោរព​ភាព​ខុសគ្នា​របស់​បុគ្គល​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា