សាលារៀន​ជំនាន់​ថ្មី​ ​៖ ​ការ​ចូលរួម​ថវិកា ​ជា​ការ​ស្ម័គ្រចិត្ត​ ​មិន​មែន​ជា​កាតព្វកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀន​ជំនាន់​ថ្មី​ ​៖ ​ការ​ចូលរួម​ថវិកា ​ជា​ការ​ស្ម័គ្រចិត្ត​ ​មិន​មែន​ជា​កាតព្វកិច្ច​

សាលារៀន​ជំនាន់​ថ្មី​ ​៖ ​ការ​ចូលរួម​ថវិកា ​ជា​ការ​ស្ម័គ្រចិត្ត​ ​មិន​មែន​ជា​កាតព្វកិច្ច​

​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ​(​New​ ​Generation​ ​School​–​NGS​) ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​វិទ្យាល័យ​ព្រះយុគន្ធ ​និង​វិទ្យាល័យ​បឹងត្របែក​ បាន​បញ្ជាក់​ថា​ ​ការ​ចូលរួម​ថវិកា​ភាគ​ទាន​ប្រចាំ​ឆ្នាំ​ពី​មាតាបិតា​ ​និង​អាណាព្យាបាល​សិស្ស ​គឺ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​ ​មិន​មែន​ជា​ការ​ដាក់កំហិត ​ឬ​ជា​ថ្លៃ​សិក្សា​បង្ខំ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រួមចំណែក​ដើម្បី​គាំទ្រ​និរន្តរភាព​នៃ​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​។​

Advertisement

​ការ​បំភ្លឺ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​យល់​ច្រឡំ​ពីសំណាក់​មាតាបិតា​ ​អាណាព្យាបាល​ ​និង​សាធារណជន​មួយចំនួន​ថា​ ​ការ​ចូលរួម​ថវិកា​ចំនួន​ ​៤៨១​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សិក្សា​ ​ជា​កាតព្វកិច្ច​។ ​ទោះជា​យ៉ាងណា​ ​សាលា​បាន​បញ្ជាក់​ថា​ ​ចំនួន​នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ប្រមាណ​ចំណាយ​ជា​មធ្យម​ក្នុង​សិស្ស​ម្នាក់​ សម្រាប់​ដំណើរការ​កម្មវិធី​ប៉ុណ្ណោះ​ ​មិន​មែន​ជា​ចំនួន​ដែល​មាតាបិតា​ត្រូវ​បង់​ជា​កាតព្វកិច្ច​ឡើយ​។​

​សាលា​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​អាណាព្យាបាល​ដែល​មាន​លទ្ធភាព​តិច ​នៅតែ​អាច​ឱ្យ​កូន​ចូល​រៀន​បាន​ ​ខណៈ​អាណាព្យាបាល​ខ្លះ​ទៀត​បាន​ស្ម័គ្រចិត្ត​ចូលរួម​លើស​ពី​ចំនួន​ប៉ាន់ប្រមាណ​ ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សាលា​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ​ការ​រួមចំណែក​ពី​មាតាបិតា​ ​និង​អាណាព្យាបាល​ ​មិន​កំណត់​ចំនួន​ថវិកា​ ​និង​មិន​មែន​ជា​កាតព្វកិច្ច​ឡើយ​។​ មូលនិធិ​ដែល​ទទួលបាន​ ​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមប្រឹក្សាភិបាល​ ​និង​គណៈកម្មការ​គ្រប់គ្រង​សាលា ​ដោយ​អនុវត្ត​តាម​គោលការណ៍​តម្លាភាព​ ​និង​គណនេយ្យភាព​ ​ដើម្បី​ធានា​ថា​ ​សិស្ស​គ្រប់​រូប​អាច​ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​គុណភាព​ដូចគ្នា​។​

​ក្នុង​ឆ្នាំ​សិក្សា​២០២៥​-​២០២៦​ ​សិស្សសាលារៀន​ជំនាន់​ថ្មី​ ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​ចំនួន​១៤១​នាក់​ ​បាន​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ដោយ​ដណ្តើម​បាន​មេដាយ​ ​និង​ពានរង្វាន់​សរុប​៧៣៧​គ្រឿង​។ ​លើស​ពី​នេះ​ ​សិស្ស​ចំនួន​៣៨​នាក់​ ​បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន ​ជប៉ុន​ ​អូស្ត្រាលី​ ​និង​សហរដ្ឋ​អាមេរិក​។​

​បើ​តាម​សេចក្តីប្រកាស​ ថវិកា​ដែល​ប្រមូល​បាន​ ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​លើកទឹកចិត្ត​បុគ្គលិក​បង្រៀន​ ​ការ​ផ្គត់ផ្គង់​សម្ភារៈ​បង្រៀន​ ​និង​ពិសោធន៍​ ​ការ​ថែទាំ​ប្រព័ន្ធ​គ្រប់គ្រង​ឌីជីថល ​ការ​គាំទ្រ​សិស្ស​មាន​តម្រូវការ​ពិសេស​ សន្តិសុខ​សាលា ​សម្ភារៈ​សង្គ្រោះ​បឋម ​ថ្លៃ​ភ្លើង​ ​ទឹក​ និង​ការ​ជួសជុល​សម្ភារៈ​ផ្សេង​ៗ​។​

​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​បាន​បញ្ជាក់​ថា​ ​ការ​អភិវឌ្ឍ​ការ​អប់រំ​ប្រកបដោយ​និរន្តរភាព​ ​ទាមទារ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​មាតាបិតា​ ​និង​អាណាព្យាបាល ​ដើម្បី​រក្សា​ ​និង​លើកកម្ពស់​គុណភាព​អប់រំ​របស់​សាលារៀន​។​

​លោកស្រី​ ​ជិន ​ដា ​អាណាព្យាបាល​សិស្ស​ម្នាក់​ដែល​មាន​កូន​កំពុង​សិក្សា​នៅ​សាលារៀន​ជំនាន់​ថ្មី​ ​បាន​ឱ្យដឹង​ថា​ ​លោកស្រី​ស្ម័គ្រចិត្ត​ចូលរួម​ថវិកា​គាំទ្រ​សាលា ​ព្រោះ​មើលឃើញ​ការ​ប្រែប្រួល​ជា​វិជ្ជមាន​របស់​កូន​ ​ទាំង​ផ្នែក​បុគ្គលិក​លក្ខណៈ​ វិន័យ​ និង​លទ្ធផល​សិក្សា​ ​បន្ទាប់ពី​បាន​ចូលរៀន​ក្នុង​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​។​

​សូម​ជម្រាប​ថា​ ​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៣​ ​ខែមិថុនា ​ឆ្នាំ​២០១៦​ ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​។ ​កម្មវិធី​នេះ​អនុវត្ត​ការ​អប់រំ​បែប​ ​STEM​ ​ដោយ​ផ្តោត​លើ​ការ​សិក្សា​ផ្សារភ្ជាប់​នឹង​ការ​ស្រាវជ្រាវ​ ការ​អនុវត្ត​ជាក់ស្តែង​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ​ដើម្បី​អភិវឌ្ឍ​ជំនាញ​សិស្ស​ឱ្យ​ស្រប​តាម​តម្រូវការ​នៃ​សតវត្ស​ទី​២១​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា