បណ្ណាល័យវិទ្យាសាស្ត្រថ្មីនៅបាត់ដំបង ជំរុញការអប់រំស្ទែម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ណាល័យវិទ្យាសាស្ត្រថ្មីនៅបាត់ដំបង ជំរុញការអប់រំស្ទែម

បណ្ណាល័យវិទ្យាសាស្ត្រថ្មីនៅបាត់ដំបង ជំរុញការអប់រំស្ទែម

បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយនៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមសប្តាហ៍នេះ ដើម្បីពង្រីកឱកាសសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រមទាំងជំរុញការសិក្សាតាមរយៈការអនុវត្តជាក់ស្តែងសម្រាប់សិស្សានុសិស្ស។

បណ្ណាល័យនេះត្រូវបានសាងសង់ក្រោមគម្រោងផ្តល់ផលរហ័ស (Quick Impact Project) របស់រដ្ឋាភិបាលឥណ្ឌា តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong–Ganga Cooperation) ដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា លើវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីសម្ពោធនេះមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រីបណ្ឌិត Tanu Priya ភារធារីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សមិទ្ធផលនេះជាការវិនិយោគលើការបណ្តុះចំណេះដឹង គំនិតច្នៃប្រឌិត និងមូលធនមនុស្សសម្រាប់អ្នកជំនាន់ក្រោយនៅខេត្តបាត់ដំបង ដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ។

យោងតាមស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បណ្ណាល័យថ្មីនេះនឹងផ្តល់ឱ្យសិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍មូលដ្ឋាននូវលទ្ធភាពប្រើប្រាស់សៀវភៅវិទ្យាសាស្ត្រ ឧបករណ៍ពិសោធន៍ កុំព្យូទ័រ និងសម្ភារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីជំរុញការចង់ដឹងចង់ឃើញ ការពិសោធន៍ និងការស្វែងរកចំណេះដឹងថ្មីៗ។

លោកស្រី Tanu Priya បានគូសបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដោយលើកឡើងថា ការអប់រំ នវានុវត្តន៍ និងការសិក្សាវិទ្យាសាស្ត្រ គឺជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បណ្ណាល័យនេះជាបណ្ណាល័យវិទ្យាសាស្ត្រទី២ នៅខេត្តបាត់ដំបង បន្ទាប់ពីបណ្ណាល័យស្រដៀងគ្នាមួយនៅស្រុករតនមណ្ឌល ដែលបានសម្ពោធកាលពីខែមករា ឆ្នាំ២០២៤។

ស្ថានទូតឥណ្ឌាបានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាគាំទ្រគម្រោងផ្តល់ផលរហ័សចំនួន១០ ក្នុងមួយឆ្នាំនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដោយផ្តោតលើវិស័យអាទិភាព រួមមាន ការអប់រំ សុខាភិបាល ការលើកកម្ពស់សមត្ថភាពស្ត្រី អនាម័យ និងកសិកម្ម។

គិតមកដល់ពេលនេះ ឥណ្ឌាបានគាំទ្រគម្រោងផ្តល់ផលរហ័សសរុបចំនួន៧៥គម្រោងនៅកម្ពុជា ក្នុងនោះ៥៥គម្រោងបានបញ្ចប់រួចរាល់។

ជាមួយគ្នានេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកទី៤ ស្តីពីគម្រោងផ្តល់ផលរហ័ស នាពេលខាងមុខ ដោយគ្រោងអនុវត្តគម្រោងបន្ទាប់នៅខេត្តកំពង់ធំ ដើម្បីបន្តពង្រីកឱកាសសិក្សា និងលើកកម្ពស់ចំណេះដឹងវិទ្យាសាស្ត្រសម្រាប់យុវជន។ កិច្ចសហប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រីកឱកាសសិក្សា និងលើកកម្ពស់ចំណេះដឹងវិទ្យាសាស្ត្រសម្រាប់យុវជនកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា