អ្នកគ្រូ គុយ ស្រីនិច បន្តបង្រៀនសិស្ស​នៅជំរំភៀសសឹក ព្រោះចង់ឱ្យ​កុមារ​នៅតំបន់ព្រំដែន​ទទួលបាន​ចំណេះដឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកគ្រូ គុយ ស្រីនិច បន្តបង្រៀនសិស្ស​នៅជំរំភៀសសឹក ព្រោះចង់ឱ្យ​កុមារ​នៅតំបន់ព្រំដែន​ទទួលបាន​ចំណេះដឹង

អ្នកគ្រូ គុយ ស្រីនិច បន្តបង្រៀនសិស្ស​នៅជំរំភៀសសឹក ព្រោះចង់ឱ្យ​កុមារ​នៅតំបន់ព្រំដែន​ទទួលបាន​ចំណេះដឹង

អ្នកគ្រូ គុយ ស្រីនិច ជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សា​ម្នាក់ ក្នុងចំណោម​គ្រូបង្រៀនចំនួន ៣៦នាក់ផ្សេងទៀត ដែលផ្ទះសម្បែង​ត្រូវ​រងការ​ខូចខាត​ដោយសារ​តែជម្លោះព្រំដែន​កាលពីចុងឆ្នាំ២០២៥។ ទោះជា​ផ្ទះសម្បែងរងការខូចខាត ប៉ុន្តែអ្នក​គ្រូ​នៅតែប្តេជ្ញាចិត្ត​បន្ត​បង្រៀនសិស្ស​ដល់ជំរំភៀសសឹក ព្រោះតែចង់ឃើញ​សិស្សានុសិស្សដែលជា​កុមារ​រស់នៅតាម​បន្ទាត់ព្រំដែនខ្មែរ-ថៃ ទទួលបានចំណេះដឹង។

Advertisement

ដើមឡើយ​អ្នកគ្រូ គុយ ស្រីនិច បង្រៀនសិស្ស​នៅសាលាបឋមសិក្សា​ព្រៃចាន់ ក្បែរ​ព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែបច្ចុប្បន្ន​ទីតាំង​សាលារៀននោះ​នៅ​មិនទាន់​អាច​ចូលទៅបាន ដោយសារហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញ ដូច្នេះអ្នកគ្រូត្រូវ​តាមទៅ​បង្រៀនសិស្ស​ដល់ជំរំភៀសសឹក ដែល​ស្ថិត​ក្នុងវត្តពោធិសូរិយារាម ក្នុង​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អ្នកគ្រូ ស្រីនិច បានបង្រៀនសិស្សនៅជំរំភៀសសឹកនេះ អស់រយៈពេល ៣ខែហើយ បើគិតចាប់ពីថ្ងៃទី៥ ខែមករា មក។

អ្នកគ្រូ ស្រីនិច បានប្រាប់ AMS ថា ការបង្រៀនសិស្សនៅជំរំភៀសសឹក គឺត្រូវ​បង្រៀនសិស្ស​នៅក្រោម​សំពត់តង់ ដែលធ្វើ​ឱ្យ​ដំណើការ​សិក្សា​ជួបការលំបាក ដូចជានៅពេលមានមេឃភ្លៀងធ្លាក់ម្តងៗ អាចបណ្តាល​ឱ្យ​សើមតង់ ហើយសិស្សកាន់តែលំបាករៀនថែមទៀត នៅពេលអាកាសធាតុក្ដៅខ្លាំង។ តែយ៉ាងណា អ្នកគ្រូមើលឃើញថា សិស្សានុសិស្សនៅតែយកចិត្តទុកដាក់ខិតខំរៀន និងស្ដាប់ការពន្យល់ណែនាំ។

ការ​បន្តបង្រៀនសិស្សនៅជំរំភៀសសឹកនេះ អ្នកគ្រូ ស្រីនិច ធ្វើឡើងដោយក្ដីអាណិតស្រឡាញ់ចំពោះសិស្ស ចង់ឱ្យពួកគេ​នៅតែបន្តរៀនរហូត ដោយ​មិនចង់ឱ្យពួកគេឈប់រៀនឡើយ។

“ខ្ញុំនៅតែបន្តបង្រៀនគាត់រហូតទោះបីជាគាត់ភៀសសឹកដល់ណាក៏ទៅតាមរហូត ដើម្បីឱ្យគាត់ទទួលបានចំណេះដឹងរហូតមិនឱ្យដាច់ ព្រោះក្មេងៗគាត់ត្រូវតែទទួលបានចំណេះដឹងទាំងអស់នោះ”

បើតាមលោក គុយ វណ្ណី នាយកសាលាបឋមសិក្សាព្រៃចាន់ បច្ចុប្បន្នមានគ្រូបង្រៀនចំនួន៥នាក់ កំពុងបង្រៀនសិស្សនៅក្នុងជំរំភៀសសឹក វត្តពោធិសូរិយារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក គុយ វណ្ណី បន្តថា ការបង្រៀនសិស្សនៅជំរំភៀសសឹក កំពុង​ជួបការលំបាកដោយសារខ្វះសម្ភារសិក្សា ដូចជា តុ កៅអី ដែលនាំឱ្យសិស្សអង្គុយរៀនលើតង់ ហើយសិស្សពិបាករៀនពេលអាកាសធាតុក្ដៅ។

លោក គុយ វណ្ណី មានប្រសាសន៍ថា «ខែនេះមេឃក្ដៅ យើងរៀនបានតែមួយព្រឹកទេ! ហើយពេលថ្ងៃមិនបានរៀន ព្រោះមេឃក្ដៅពេក ពិបាកណាស់ បើរៀននៅតាមសាលាទោះមេឃក្ដៅប៉ុណ្ណាក៏រៀងត្រជាក់ មានបន្ទប់ មានតុអង្គុយស្រួល។ ប៉ុន្តែនៅទីនេះ តុ និងកៅអីក៏ខ្វះ យើងក្រាលតង់ កៅអី អង្គុយលើស៊ីម៉ង់ត៌ ចំហាយក្ដៅ អង្គុយលើដីផ្ទាល់ ជួនកាលក្រាលកៅស៊ូវាក្ដៅ»។

សិស្សនៅជំរំភៀសសឹក វត្តពោធិ សូរិយារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បច្ចុប្បន្ន ភូមិព្រៃចាន់ប្រជាពលរដ្ឋ​មិនអាចចូលទៅរស់នៅបាន ដូច្នេះពលរដ្ឋត្រូវ​បន្តរស់នៅជំរំភៀសសឹក, លោក គុយ វណ្ណី សំណូមពរ​ដល់សាធារណៈជនទាំងអស់ បន្តជួយជាសម្ភារសិក្សា និងសម្លៀកបំពាក់ដល់សិស្សភៀសសឹកដែលកំពុងខ្វះខាត។ លោក វណ្ណី សង្ឃឹមថា បញ្ហាព្រំដែន នឹងដោះស្រាយបញ្ហាបានឆាប់ ដើម្បីអាចត្រឡប់ទៅផ្ទះ និងបើកដំណើរការសាលារៀនឡើងវិញ។

កាលពីថ្ងៃទី១ ខែមេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទៅសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភ នៃមូលនិធិសាមគ្គីគ្រួសារអប់រំ ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារជម្លោះព្រំដែននៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី​បាន​វាយតម្លៃខ្ពស់ចំពោះមនសិការវិជ្ជាជីវៈ និងការលះបង់ខ្ពស់របស់លោកគ្រូ អ្នកគ្រូ ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏នៅតែបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការសិក្សារបស់សិស្សានុសិស្ស ដែលជាសសរទ្រូងនៃអនាគតជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលពីឆ្នាំ២០២៥ បាន​បង្កផលប៉ះពាល់ដល់សាលារៀនជាង១ពាន់សាលា គ្រូបង្រៀនជាង៧ពាន់នាក់ ​និងសិស្ស​ជាង ២សែននាក់។ គិត​ត្រឹមដើមខែមេសា ឆ្នាំ២០២៦នេះ នៅមានសាលារៀនចំនួន ២០ទៀតនៅបន្តបិទទ្វារ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា