សាលារៀនចំនួន ១០៧សាលា នៅខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយសារទឹកជំនន់ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ខណៈសាលារៀនមួយចំនួននៅខេត្តបន្ទាយមានជ័យក៏រងផលប៉ះពាល់ដែរ ប៉ុន្តែមិនទាន់ប៉ះពាល់ដល់ការសិក្សារបស់សិស្ស ដោយសារបច្ចុប្បន្នកំពុងស្ថិតក្នុងអំឡុងវិស្សមកាលធំ ហើយអាជ្ញាធរកំពុងបន្តស្រង់ទិន្នន័យផ្លូវការ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដែល AMS ទទួលបាន សាលារៀនទាំង១០៧សាលា ដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងស្រុករតនមណ្ឌល ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកកំរៀង ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ស្រុកបវេល ស្រុកថ្មគោល ស្រុកបាណន់ និងស្រុកឯកភ្នំ។
សាលារៀនដែលរងផលប៉ះពាល់ទាំងនេះ រួមមានបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងមត្តេយ្យសិក្សា។ របាយការណ៍បញ្ជាក់ថា សាលាទាំងអស់កំពុងស្ថិតក្នុងអំឡុងវិស្សមកាលធំ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដូច្នេះការរងផលប៉ះពាល់មិនទាន់បង្កការរំខានដល់ដំណើរការសិក្សារបស់សិស្សនៅឡើយទេ។
ចំពោះស្ថានភាពសាលារៀន មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បញ្ជាក់ថា មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរដល់អគារ សម្ភារៈបរិក្ខារ និងសង្ហារិមនៅឡើយទេ ប៉ុន្តែបរិស្ថានសាលារៀនបានរងផលប៉ះពាល់ពីទឹកជំនន់។


ដោយឡែក នៅខេត្តបន្ទាយមានជ័យ លោក សួន ពិដោរ ប្រធានការិយាល័យផែនការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សាលារៀននៅក្នុងខេត្តក៏រងផលប៉ះពាល់ពីទឹកជំនន់ផងដែរ ប៉ុន្តែមិនទាន់ប៉ះពាល់ដល់ការសិក្សារបស់សិស្សទេ ដោយសារស្ថិតក្នុងអំឡុងវិស្សមកាលធំ។
លោកបន្តថា សាលារៀនដែលរងផលប៉ះពាល់ច្រើនជាងគេ ស្ថិតនៅស្រុកថ្មពួក ស្វាយចេក ព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខណៈអាជ្ញាធរកំពុងបន្តស្រង់ទិន្នន័យផ្លូវការ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានប្រាប់ AMS ថា គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានប៉ះពាល់ដល់ ១០ខេត្ត ស្មើនឹង ៥២ក្រុង-ស្រុក រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។
តាមទិន្នន័យដដែល ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤៤,៨៨៩គ្រួសារ និងផ្ទះចំនួន ៤០,៣៨៤ខ្នង ខណៈប្រជាពលរដ្ឋចំនួន ៣,៦៨៥គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ផ្ទៃដីស្រូវដែលរងផលប៉ះពាល់មានចំនួន ៤៩,៩២៥ហិកតា។
ចំពោះសាលារៀនដែលរងផលប៉ះពាល់ មន្ទីរអប់រំតាមបណ្តាខេត្តកំពុងបន្តស្រង់ និងវាយតម្លៃទិន្នន័យ ដើម្បីកំណត់ចំនួនសាលារៀន និងកម្រិតផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរៀបចំវិធានការជួយសមស្រប៕























