សិស្សជាង២ពាន់នាក់នៅកំពង់ធំទទួលអត្ថប្រយោជន៍ពីគម្រោងកែលម្អគុណភាពអប់រំបឋមសិក្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សជាង២ពាន់នាក់នៅកំពង់ធំទទួលអត្ថប្រយោជន៍ពីគម្រោងកែលម្អគុណភាពអប់រំបឋមសិក្សា

សិស្សជាង២ពាន់នាក់នៅកំពង់ធំទទួលអត្ថប្រយោជន៍ពីគម្រោងកែលម្អគុណភាពអប់រំបឋមសិក្សា

សិស្សជាង ២៤០០នាក់ នៅសាលាបឋមសិក្សាចំនួន៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការបង្រៀន និងការរៀនរបស់កុមារកម្ពុជានៅតំបន់ជនបទ» ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។

Advertisement

គម្រោងនេះទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន ហើយអនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រការអប់រំសិស្សបឋមសិក្សានៅតំបន់ជនបទ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានថ្លែងថា មន្ទីរអប់រំវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍ដែលបានចូលរួមគាំទ្រវិស័យអប់រំក្នុងខេត្ត ជាពិសេសលើការពង្រឹងបច្ចេកទេសបង្រៀន និងការរៀនភាសាខ្មែរ សម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ ព្រមទាំងគាំទ្រកម្មវិធីអាហារតាមសាលារៀន។

លោកបន្ថែមថា គម្រោងនេះក៏គាំទ្រការលើកកម្ពស់អនាម័យនៅតាមសាលារៀន និងផ្តល់សម្ភារៈសម្រាប់ផលិតឧបករណ៍បង្រៀន និងរៀន ដើម្បីជួយពង្រឹងលទ្ធផលសិក្សារបស់សិស្ស។

បើតាមអង្គការទស្សនៈពិភពលោក គម្រោងនេះនឹងផ្តោតលើការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តមេរៀនប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ គម្រោងក៏នឹងជួយកែលម្អបរិយាកាសសិក្សា តាមរយៈការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់សម្ភារៈបរិក្ខារថ្មីៗ។

បន្ថែមពីនេះ សាលារៀនក៏នឹងទទួលបានឧបករណ៍សិក្សា និងធនធានបង្រៀនផ្នែកឌីជីថល ដើម្បីគាំទ្រដល់ការអប់រំសមស្របនឹងបរិបទសម័យថ្មី។

អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងបង្កើតឱកាសសិក្សាកាន់តែប្រសើរសម្រាប់កុមារ ដើម្បីឱ្យពួកគេអាចអភិវឌ្ឍសមត្ថភាព និងឈានទៅរកសក្តានុពលពេញលេញរបស់ខ្លួន។

សូមជម្រាបថា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជិត ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការអប់រំបឋមសិក្សានៅខេត្តកំពង់ធំ។ កិច្ចសន្យាជំនួយនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងតំណាងអង្គការទស្សនៈពិភពលោកជប៉ុន។

ឯកអគ្គរាជទូតជប៉ុនបានលើកឡើងថា កុមារនៅតំបន់ជនបទត្រូវការឱកាសសិក្សាល្អប្រសើរជាងមុន ដើម្បីបង្កើនជំនាញមូលដ្ឋាន និងពង្រឹងអនាគតការអប់រំរបស់ពួកគេ ខណៈការគាំទ្រនេះក៏មានគោលដៅកាត់បន្ថយគម្លាតគុណភាពអប់រំរវាងទីក្រុង និងជនបទក្នុងកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា