រដ្ឋមន្ត្រី​អប់រំ ​ជំរុញ​ជ័យលាភី​គ្រូបង្រៀន​ ពី​កម្មវិធី​លើកកម្ពស់​គុណ​វុឌ្ឍិ​ជំនាន់​ទី​១​ យក​ចំណេះដឹង​ទៅ​ប្រែក្លាយ​សាលារៀន​ ​ឱ្យ​ទៅជា​ «​សាលារៀន​គំរូ»​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី​អប់រំ ​ជំរុញ​ជ័យលាភី​គ្រូបង្រៀន​ ពី​កម្មវិធី​លើកកម្ពស់​គុណ​វុឌ្ឍិ​ជំនាន់​ទី​១​ យក​ចំណេះដឹង​ទៅ​ប្រែក្លាយ​សាលារៀន​ ​ឱ្យ​ទៅជា​ «​សាលារៀន​គំរូ»​

រដ្ឋមន្ត្រី​អប់រំ ​ជំរុញ​ជ័យលាភី​គ្រូបង្រៀន​ ពី​កម្មវិធី​លើកកម្ពស់​គុណ​វុឌ្ឍិ​ជំនាន់​ទី​១​ យក​ចំណេះដឹង​ទៅ​ប្រែក្លាយ​សាលារៀន​ ​ឱ្យ​ទៅជា​ «​សាលារៀន​គំរូ»​

​កាលពី​​សប្តាហ៍កន្លងទៅ​នេះ​ ​គណៈ​គ្រប់គ្រង​សាលារៀន​ ​និង​គ្រូបង្រៀន​សរុប​ចំនួន​ ​៦២៥​នាក់​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដោយ​ជោគជ័យ​ ក្រោម​កម្មវិធី​លើកកម្ពស់​គុណ​វុឌ្ឍិគណៈ​គ្រប់គ្រង​ ​និង​គ្រូបង្រៀន​។ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ​ដែល​ប្រព្រឹត្តទៅ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ​ជា​ម្ចាស់​ជ័យលាភី​ទាំងអស់​ សូម​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការ​សិក្សា​នេះ​ ​ទៅ​ប្រែក្លាយ​សាលារៀន​របស់​ខ្លួន​ ​ឱ្យ​ទៅជា​ ​សាលារៀន​គំរូ​។​

Advertisement

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​បាន​កោតសរសើរ​ និង​អបអរសាទរ​ដល់​ជ័យលាភី​ទាំងអស់​ ​ដែល​បាន​ខិតខំ​រៀនសូត្រ​រហូត​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​។ ​ឯកឧត្តម​ថា​ លទ្ធផល​នេះ​ ​កើត​ចេញ​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​ក្រុមការងារ​គម្រោង​ ​GEIP​/​GEIP​-​AF​ ​និង​មហាវិទ្យាល័យ​អប់រំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​គណៈ​គ្រប់គ្រង​សាលារៀន​ ​និង​គ្រូបង្រៀន​ជ័យលាភី​ចំនួន​ ​៦២៥​នាក់​។​

​«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ជ័យលាភី​ទាំងអស់​ នឹង​នាំយក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​គ្រប់គ្រង​ វិធីសាស្ត្រ​បង្រៀន​ថ្មី​ៗ​ ​និង​បទពិសោធ​ដ៏​មាន​តម្លៃ​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ​ ​ទៅ​អនុវត្ត​ផ្ទាល់​នៅ​តាម​សាលារៀន​រៀង​ៗ​ខ្លួន​វិញ​ ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ ​សំដៅ​ប្រែក្លាយ​សាលារៀន​ឱ្យ​ទៅជា​សាលារៀន​គំរូ»​។ ​នេះ​ជា​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​។​

​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​បណ្ឌិត​ ​សុខ ​សូត្រ ​ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​អប់រំ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​(​RUPP​)​, ​កម្មវិធី​លើកកម្ពស់​គុណ​វុឌ្ឍិនេះ​ ​គឺជា​វគ្គ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​។ ​គោលបំណង​ចម្បង​ ​គឺ​ផ្តោត​លើ​ការ​លើកកម្ពស់​សមត្ថភាព​ ​គុណ​វុឌ្ឍិ ​និង​ភាព​ជា​អ្នកដឹកនាំ​របស់​នាយក​សាលា ​នាយក​រង ​និង​គ្រូបង្រៀន​ តាមរយៈ​ការ​ផ្តល់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​អប់រំ​។

​កម្មវិធី​សិក្សា​ទាំងមូល​ត្រូវបាន​រចនា​ឡើង​យ៉ាង​សម្រិត​សម្រាំង ​ដោយ​ផ្តោត​លើ ​ការ​រៀន​ ​និង​បង្រៀន​បែប​សកម្ម ​(​Active​ ​Learning​) ​ភាព​ជា​អ្នកដឹកនាំ​ វិធីសាស្ត្រ​គរុកោសល្យ​ថ្មី​ៗ​ ​និង​ការ​ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​នៅ​តាម​សាលារៀន​ ​(​School​ ​Improvement​)​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា