"បណ្ណាល័យ ប៉ាម៉ានី" ដាក់ឱ្យ​ប្រើប្រាស់នៅ ភូមិរង់ចាំ លើកកម្ពស់ការអានកុមាររងផលប៉ះពាល់ពីសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
"បណ្ណាល័យ ប៉ាម៉ានី" ដាក់ឱ្យ​ប្រើប្រាស់នៅ ភូមិរង់ចាំ លើកកម្ពស់ការអានកុមាររងផលប៉ះពាល់ពីសង្គ្រាម

"បណ្ណាល័យ ប៉ាម៉ានី" ដាក់ឱ្យ​ប្រើប្រាស់នៅ ភូមិរង់ចាំ លើកកម្ពស់ការអានកុមាររងផលប៉ះពាល់ពីសង្គ្រាម

«បណ្ណាល័យ ប៉ាម៉ានី» ទី៧ ត្រូវបានសម្ពោធ និងដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ នៅ «ភូមិរង់ចាំ» កាលពីពេលថ្មីៗនេះក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនឱកាសអានសៀវភៅ និងការរៀនសូត្ររបស់កុមារនៅតំបន់ដាច់ស្រយាល និងកុមារដែលរងផលប៉ះពាល់ពីជម្លោះ។

«បណ្ណាល័យ ប៉ាម៉ានី» ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយមូលនិធិម៉ានី កាលពីខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងនាំយកសៀវភៅ និងសម្ភារសិក្សាទៅជិតកុមារនៅតំបន់ដាច់ស្រយាល និងតំបន់ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិម៉ានី បានរំលឹកពីការចំណាយពេល២ថ្ងៃនៅ «ភូមិរង់ចាំ» ដោយចាត់ទុកថា ជាពេលវេលាដ៏មានអត្ថន័យ និងពោរពេញដោយមនោសញ្ចេតនា។ ឯកឧត្តមបានលើកឡើងពីការជួបជុំ និងចែករំលែកជាមួយប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពជាមួយកុមារ តាមរយៈការហ្វឹកហាត់បាល់ទាត់ និងការចូលរួមក្នុងសកម្មភាពរបស់ «បណ្ណាល័យ ប៉ាម៉ានី»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅ «ភូមិរង់ចាំ» ចំពោះភាពកក់ក្តៅ ទឹកចិត្ត និងការស្វាគមន៍។ លោកបានបញ្ជាក់ថា «ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ស្មារតី ទឹកចិត្ត និងបេះដូងរបស់យើងទាំងអស់គ្នា តែងនៅជាមួយគ្នាគ្រប់ពេលវេលា»។

មូលនិធិម៉ានីឱ្យ​ដឹងថា បណ្ណាល័យនៅ «ភូមិរង់ចាំ» គឺជាបណ្ណាល័យទី៧របស់គម្រោង។ ក្នុងចំណោមបណ្ណាល័យដែលបានបង្កើតឡើង មានបណ្ណាល័យចំនួន២ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបានរងការបំផ្លាញក្នុងអំឡុងពេលជម្លោះ។

ទោះបី​បណ្ណាល័យមួយចំនួនរងការខូចខាតក៏ដោយ គម្រោងបានបន្តពង្រីក និងបង្កើតបណ្ណាល័យចល័តថ្មីចំនួន៣ទីតាំងទៀត ដោយដាក់ពង្រាយនៅតាមតំបន់ព្រំដែន រួមមាន២ទីតាំងនៅខេត្តព្រះវិហារ និង១ទីតាំងនៅខេត្តកោះកុង។

តាមមូលនិធិម៉ានី «បណ្ណាល័យ ប៉ាម៉ានី» មិនត្រឹមតែផ្តល់សៀវភៅ និងសម្ភារសិក្សាដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលំហសុវត្ថិភាពសម្រាប់ការអាន ការរៀនសូត្រ និងការចែករំលែក ព្រមទាំងផ្តល់ការគាំទ្រផ្លូវចិត្តដល់កុមារដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍ជម្លោះ។

គិតចាប់ពីថ្ងៃចាប់ផ្តើមដំណើរការរហូតមកដល់បច្ចុប្បន្ន បណ្ណាល័យ ប៉ាម៉ានី គ្រប់ទីតាំង បានទទួលស្វាគមន៍កុមារ និងសិស្សានុសិស្សចូលអានសរុបចំនួន ៣,៩៨១នាក់។

មូលនិធិម៉ានីបញ្ជាក់ថា បេសកកម្មរបស់ «បណ្ណាល័យ ប៉ាម៉ានី» នឹងបន្ត ដើម្បីបណ្តុះទម្លាប់អាន ជំរុញការស្វ័យសិក្សា និងផ្តល់ឱកាសឱ្យ​កុមារនៅតំបន់ដាច់ស្រយាល ទទួលបានចំណេះដឹងបន្ថែមក្រៅថ្នាក់រៀន ព្រមទាំងជួយបង្កើតលំហដែលអាចផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារដែលរងផលប៉ះពាល់ពីជម្លោះ។

សូមជម្រាបថា «ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា