ឪពុក​ម្តាយ​ចំណាយ​ពេល​នៅមុខ​មណ្ឌល​ប្រឡង​ ​បង្ហាញ​ក្តីបារម្ភ​ និង​មោទកភាព ​ខណៈ​កូន​ប្រឡង​បាក់ឌុប​យ៉ាង​ស្វិតស្វាញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឪពុក​ម្តាយ​ចំណាយ​ពេល​នៅមុខ​មណ្ឌល​ប្រឡង​ ​បង្ហាញ​ក្តីបារម្ភ​ និង​មោទកភាព ​ខណៈ​កូន​ប្រឡង​បាក់ឌុប​យ៉ាង​ស្វិតស្វាញ​

ឪពុក​ម្តាយ​ចំណាយ​ពេល​នៅមុខ​មណ្ឌល​ប្រឡង​ ​បង្ហាញ​ក្តីបារម្ភ​ និង​មោទកភាព ​ខណៈ​កូន​ប្រឡង​បាក់ឌុប​យ៉ាង​ស្វិតស្វាញ​

​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​បាក់ឌុប​ក្នុង​រាជធានី​ភ្នំពេញ​ ​ឪពុក​ម្តាយ​មួយចំនួន​បាន​ចំណាយ​ពេល​អង្គុយ​រង់ចាំ​ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​ៗ​របស់​ខ្លួន​ ​ដោយ​បង្ហាញ​ទាំង​ក្តីបារម្ភ​ ក្តីសង្ឃឹម​ និង​មោទកភាព ​ខណៈ​កូន​ៗ​កំពុង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​ដែល​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅរក​ការ​សិក្សា​ ​និង​អនាគត​ការងារ​។​

Advertisement

​លោក​ ​អ៊ុន ​អ៊ុង ​ដែល​មាន​កូន​ប្រឡង​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ​បាន​និយាយ​ថា​ ​ការ​មក​អង្គុយ​រង់ចាំ​កូន​នៅ​មណ្ឌល​ប្រឡង​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​បំពេញតួនាទី​ជា​ឪពុក​ ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ ​និង​ជំរុញ​ឱ្យ​កូន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រឡង​។​

​លោក​បន្ត​ថា​ ​តាម​ការ​រៀបរាប់​របស់​កូន​ ​ការ​ប្រឡង​កាលពី​ថ្ងៃ​ម្សិលមិញ​ ​ពេលព្រឹក​មិន​សូវ​មាន​បញ្ហា​ទេ ​ប៉ុន្តែ​វិញ្ញាសា​នៅ​ម៉ោង​ទី​២​មាន​ភាព​ពិបាក​បន្តិច​ ​ដោយសារ​មាន​ចំណុច​ខ្លះ​ដែល​កូន​មិន​ទាន់​បាន​រៀន​ ​ឬ​មិន​ទាន់​ចេះ​ច្បាស់​។ ​ទោះជា​យ៉ាងណា​ ​កូន​របស់​លោក​នៅតែ​សង្ឃឹម​ប្រហែល​ ​៨០​% ​ថា​នឹង​អាច​ប្រឡង​ជាប់​។​

​លោក​ ​អ៊ុន ​អ៊ុង ​និយាយ​ថា​ «​ទី​មួយ​ ​យើង​ចង់​ឃើញ​កូន​មាន​អនាគត​ល្អ​ និង​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​។ ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ ​យើង​ត្រូវ​ចំណាយ​ពេល​លើកទឹកចិត្ត​ ​និង​គាំទ្រ​កូន​នៅ​ពេល​ប្រឡង ​ដើម្បីឱ្យ​គាត់​មាន​ភាព​កក់ក្តៅ​ ​និង​ទំនុកចិត្ត​»​។​

​សម្រាប់​លោកស្រី​ ​ពេជ្រ ​លក្ខិណា ​ដែល​មកពី​ខេត្ត​ស្វាយរៀង​ ​និង​មាន​កូន​មក​រៀន​នៅ​ភ្នំពេញ​ ​ការ​មក​អង្គុយ​រង់ចាំ​កូន​នៅ​មណ្ឌល​ប្រឡង ​គឺ​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ ​និង​ជួយ​កាត់បន្ថយ​ការ​ភ័យខ្លាច​របស់​កូន​។​

​លោកស្រី​បាន​និយាយ​ថា​ «​ខ្ញុំ​ស្រលាញ់​កូន​ ​ហើយ​រំពឹង​ថា​កូន​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​បាន​ល្អ​ និង​ប្រឡង​ជាប់​តាម​បំណងប្រាថ្នា​»​។​

​លោកស្រី​ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ​កូន​អាច​ធ្វើ​មិន​បាន​តាម​អ្វី​ដែល​បាន​រៀន​ ​ប៉ុន្តែ​នៅតែ​សង្ឃឹម​ថា​ ​កូន​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ ​ដើម្បី​មាន​ឱកាស​បន្ត​ការ​សិក្សា​ ​និង​ស្វែងរក​ការងារ​ល្អ​នៅ​ថ្ងៃ​អនាគត​។

​ទន្ទឹម​នេះ​ លោក​ ប៊ុន ​អ៊ី ​ដែល​មាន​កូនស្រី​ប្រឡង​នៅ​មណ្ឌល​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​(​RULE​) ​ក៏​បាន​ចំណាយ​ពេល​អង្គុយ​រង់ចាំ​កូន​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​។ ​សម្រាប់​លោក​ ​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​អត្ថន័យ​ពិសេស​ ព្រោះ​ជា​ការ​ប្រឡង​បាក់ឌុប​លើក​ដំបូង​របស់​កូន​ ​និង​ជា​កូន​ដំបូង​របស់​លោក​ផងដែរ​។​

​ក្រៅពី​ការ​រង់ចាំ​ លោក​ក៏​បាន​ជួយ​មើល​ថែ ​និង​លើកទឹកចិត្ត​កូន​ ​មុន​ ​និង​អំឡុង​ពេល​ប្រឡង ​ដោយ​យកចិត្តទុកដាក់​លើ​ការ​សម្រាក​ និង​ការ​ហូប​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​។​

​លោក​ ប៊ុន ​អ៊ី ​ក៏​បញ្ជាក់​ថា​ ​លោក​មិន​ចង់​បង្ខំ​កូន​ឱ្យ​ជ្រើសរើស​ជំនាញ​ណាមួយ​ឡើយ​។ ​ប្រសិនបើ​កូន​ចង់​រៀន​ជំនាញ​អ្វី​ លោក​នឹង​គាំទ្រ​ឱ្យ​កូន​បន្ត​តាម​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​ ព្រោះ​លោក​យល់​ថា​ ​មនុស្ស​ម្នាក់​ៗ​មាន​ផ្លូវ​ដែល​ខ្លួន​ស្រឡាញ់​ ​និង​ចង់​ដើរ​។

​សម្រាប់​ឪពុក​ម្តាយ​ទាំងនេះ​ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​មិន​ត្រឹមតែ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​រៀនសូត្រ​អស់​រយៈពេល​១២​ឆ្នាំ​របស់​កូន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការ​សិក្សា​ ​ការងារ​ និង​ការ​កសាង​អនាគត​។​

​ពួកគាត់​រំពឹង​ថា​ ​កូន​ៗ​នឹង​ប្រឡង​ជាប់​ ​និង​អាច​បន្ត​ការ​សិក្សា​តាម​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ ​ខណៈ​អ្វី​ដែល​ឪពុក​ម្តាយ​ចង់​ឃើញ​ជាង​លទ្ធផល​ប្រឡង ​គឺ​កូន​មាន​អនាគត​ល្អ​ ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម​ និង​អាច​ចូលរួម​ជួយ​គ្រួសារ​ និង​សង្គមជាតិ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា