ឪពុកម្តាយបារម្ភពីសុខភាពកូន ក្រោយផ្ទុះករណីផ្តាសាយ Flu A, B និង RSV ខណៈក្រសួងសុខាភិបាលណែនាំវិធានការការពារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឪពុកម្តាយបារម្ភពីសុខភាពកូន ក្រោយផ្ទុះករណីផ្តាសាយ Flu A, B និង RSV ខណៈក្រសួងសុខាភិបាលណែនាំវិធានការការពារ

ឪពុកម្តាយបារម្ភពីសុខភាពកូន ក្រោយផ្ទុះករណីផ្តាសាយ Flu A, B និង RSV ខណៈក្រសួងសុខាភិបាលណែនាំវិធានការការពារ

ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង ជាពិសេសក្នុងចំណោមកុមារតូចៗ។

លោកស្រី ថង ស្រីដេត ជាម្តាយមួយរូបដែលកូនទើបជាសះស្បើយពីជំងឺផ្តាសាយប្រភេទ A បានប្រាប់ថា លោកស្រីនៅតែបារម្ភពីលទ្ធភាពនៃការឆ្លងជំងឺទៅកាន់សមាជិកគ្រួសារផ្សេងទៀត ជាពិសេសកុមារតូចៗដែលរស់នៅក្នុងផ្ទះជាមួយគ្នា។

លោកស្រីបានរៀបរាប់ថា កូនរបស់លោកស្រីមានអាការៈក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ អស់កម្លាំង និងមិនសូវអាចបរិភោគអាហារបាន។ ក្រោយនាំកូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ កូនរបស់លោកស្រីបានជាសះស្បើយឡើងវិញ។

លោកស្រីបាននិយាយថា «ខ្ញុំព្រួយបារម្ភពីជំងឺផ្តាសាយ A ព្រោះកូនខ្ញុំទើបតែជាដែរ តែខ្លាចឆ្លងដល់សមាជិកក្មេងៗតូចនៅក្នុងផ្ទះទៀត។ ផ្តាសាយនេះធ្វើឱ្យកូនខ្ញុំក្តៅខ្លួនខ្លាំង អស់កម្លាំង ញ៉ាំអីអត់បាន ក្អក និងហៀរសំបោរ។ ខ្ញុំយកគាត់ទៅពេទ្យព្យាបាល ឥឡូវគាត់ជាហើយ»។

ចំណែកលោកស្រី ចាន់ ស្រីឌី ដែលរស់នៅរាជធានីភ្នំពេញ ក៏បានបង្ហាញការព្រួយបារម្ភពីសុខភាពកូនផងដែរ ដោយសារកុមារត្រូវទៅសាលារៀន និងកន្លែងកម្សាន្តផ្សេងៗ ដែលអាចបង្កើនហានិភ័យនៃការឆ្លងជំងឺពីអ្នកដទៃ។

ជាមួយគ្នានេះ តាមព័ត៌មានដែលបានរាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា កុមារជាង ៥.០០០នាក់បានមកស្វែងរកការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេលតែមួយថ្ងៃ។ ទោះជាយ៉ាងណា ចំនួននេះមិនទាន់បញ្ជាក់ថា កុមារទាំងអស់មានជំងឺផ្តាសាយ A, B ឬ RSV នោះទេ។

យោងក្រសួងសុខាភិបាល ស្តីពីការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ ករណីជំងឺផ្តាសាយដែលតាមដានដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងចំណោមកុមារតូចៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ក្រសួងបានបញ្ជាក់ថា ជំងឺផ្តាសាយអាចឆ្លងតាមរយៈដំណក់ទឹកតូចៗដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ ព្រមទាំងការប៉ះពាល់វត្ថុ ឬផ្ទៃដែលមានមេរោគ រួចយកដៃទៅប៉ះភ្នែក ច្រមុះ ឬមាត់។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬប្រើទឹកអាល់កុលសម្រាប់លាងដៃ។

ក្រសួងក៏បានណែនាំឱ្យអនុវត្តអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ព្រមទាំងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើម។

បន្ថែមពីនេះ ប្រជាពលរដ្ឋគួរចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្តាសាយ។ អ្នកដែលមានអាការៈមិនស្រួលខ្លួនគួរសម្រាកនៅផ្ទះ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងទទួលទានអាហារដែលចម្អិនឆ្អិនល្អ និងមានជីវជាតិ។

ចំពោះអ្នកដែលមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម គួរផ្អាកការចូលរួមក្នុងការជួបជុំ និងការធ្វើដំណើរដែលមិនចាំបាច់ ហើយស្វែងរកការពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា។ ក្រុមមនុស្សដែលងាយរងគ្រោះគួរពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយតាមការណែនាំជំនាញ។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត សេង សាម៉ន អ្នកជំនាញប្រឹក្សាសុខភាពកុមារ បានចែករំលែកចំណេះដឹងអំពីជំងឺផ្តាសាយធំប្រភេទ A និង B នៅលើបណ្តាញសង្គមរបស់លោក ដោយបញ្ជាក់ថា រោគសញ្ញាអាចរួមមាន ក្តៅខ្លួនចន្លោះពី ៣៨ ទៅ ៤០ អង្សាសេ ញាក់ ឈឺក្បាល ឈឺខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ និងអស់កម្លាំង។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យអ្នកដែលមានរោគសញ្ញាពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់ ដើម្បីវាយតម្លៃស្ថានភាពជំងឺ និងទទួលការព្យាបាលសមស្រប។ អ្នកជំងឺគួរសម្រាកឱ្យបានគ្រប់គ្រាន់ ផឹកទឹកឱ្យបានច្រើន និងប្រើថ្នាំបន្ថយកម្ដៅ ឬថ្នាំប្រឆាំងវីរុសតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។

ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។ ប្រជាពលរដ្ឋអាចទាក់ទងទៅលេខ ១១៥ ដើម្បីទទួលបានការណែនាំពាក់ព័ន្ធនឹងសុខភាព និងជំងឺឆ្លង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា