គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​រាជធានី​ភ្នំពេញ​ឈ្នះ​ពាន​ពី​អង្គការ​សុខភាព​ពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​រាជធានី​ភ្នំពេញ​ឈ្នះ​ពាន​ពី​អង្គការ​សុខភាព​ពិភពលោក​

គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​រាជធានី​ភ្នំពេញ​ឈ្នះ​ពាន​ពី​អង្គការ​សុខភាព​ពិភពលោក​

រាជធានី​ភ្នំពេញ​ ​ទទួល​បាន​ពានរង្វាន់ ​W​HO Healthy ​Cities ​Recognition Awards ​ឆ្នាំ​២០២៦ ​ពី​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​)​ ​សម្រាប់​សមិទ្ធផល​ក្នុង​ការ​អនុវត្ត​ ​«​គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​» ​ដែល​រួមចំណែក​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​បង្កើត​បរិយាកាស​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិ​ភាព​សម្រាប់​សិស្សា​នុសិស្ស។

​រាជធានី​ភ្នំពេញ​ ​ទទួល​បាន​ការ​ទទួល​ស្គាល់​ក្នុង​ប្រភេទ​ ​«​ការ​ដឹកជញ្ជូន​ប្រកប​ដោយ​សុវត្ថិភាព​ ​សកម្ម ​និង​អំណោយ​ផល​ដល់​សុខភាព​៖​ ការ​លើក​កម្ពស់​សុខភាព​ ​និង​ការ​កាត់បន្ថយ​វិសមភាព​ក្នុង​ការ​ធ្វើដំណើរ​នៅ​ទីក្រុង​»។

​តាម​ការ​ប្រកាស​របស់​ ​WHO ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ០១​ ​កញ្ញា​ ​ឆ្នាំ​២០២៦​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​នេះ​បាន​រួមបញ្ចូល​វិធានការ​ជា​ច្រើន​ ដូចជា​ ការ​ប្រើប្រាស់​ទិន្នន័យ​សុវត្ថិ​ភាព​ចរាចរណ៍​ ​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​គ្រប់គ្រង​ល្បឿន​ ការ​អនុវត្ត​ច្បាប់​ ការ​អប់រំ​ ​និង​ការ​ចូលរួម​របស់​សហគមន៍ ​ដើម្បី​ពង្រឹង​សុវត្ថិ​ភាព​នៅ​ជុំវិញ​សាលារៀន​ដែល​មាន​ហានិភ័យ​ខ្ពស់។

​ក្នុង​តំបន់​អនុវត្ត​គម្រោង​ ​ត្រូវ​បាន​កំណត់​ល្បឿន​អតិបរមា ៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ជា​ផ្នែក​មួយ​នៃ​វិធានការ​កាត់បន្ថយ​ហានិភ័យ​សម្រាប់​កុមារ ​និង​អ្នក​ប្រើប្រាស់​ផ្លូវ​នៅ​ជុំវិញ​សាលារៀន។

​អង្គការ​ ​W​HO ​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​អនុវត្ត​វិធានការ​សុវត្ថិ​ភាព​ ​ស្ថានភាព​នៅ​សាលារៀន​គោលដៅ​ចំនួន​២ ​មាន​ភាព​ប្រសើរឡើង​គួរឱ្យ​កត់សម្គាល់​ ​ដោយ​សាលារៀន​ដែល​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​សុវត្ថិ​ភាព​ត្រឹម ​១​ផ្កាយ ​បាន​កើនឡើង​ដល់​ ៤​,​២​ផ្កាយ ​និង​ ៣​,​៥​ផ្កាយ។

​ជាមួយគ្នា​នេះ​ ល្បឿន​យានយន្ត​នៅ​តំបន់​អនុវត្ត​បាន​ថយចុះ​ ​ខណៈ​សិស្សា​នុសិស្ស​ប្រមាណ​ ​៥០០​នាក់​ ​បាន​ទទួល​ការ​បណ្តុះបណ្តាល​អំពី​សុវត្ថិ​ភាព​ចរាចរណ៍​។ ​គម្រោង​ក៏​បាន​រាយការណ៍​ពី​ការ​ថយចុះ​ ៥​៨​%​ ​នៃ​ករណី​គ្រោះថ្នាក់​ដែល​រាយការណ៍​ដោយ​អ្នក​ពាក់ព័ន្ធ​នៅ​តំបន់​អនុវត្ត។

​«​គម្រោង​តំបន់​សាលារៀន​សុវត្ថិ​ភាព​» ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​សហការ​ជាមួយ​ Partnership for ​Healthy ​Cities ​កាលពី​ខែ​សីហា ​ឆ្នាំ​២០២៥ ​ដោយ​ជ្រើសរើស​សាលា​បឋមសិក្សា​ចំនួន​២ ​ជា​ទីតាំង​អាទិភាព ​រួម​មាន​ ​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម ​និង​សាលា​បឋមសិក្សា​ ហ៊ុន សែន ​ចាក់​អង្រែ។

​លោក​ស្រី​ ​ដោ ​សម្ផស្ស ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ឱ្យ​ដឹង​ថា​ ​រាជធានី​ភ្នំពេញ​មាន​សិស្ស​សាលា​ជាង​ ​៣​៥០​,​០០០​នាក់​ ​ដែល​ធ្វើដំណើរ​ទៅ​-​មក​រវាង​ផ្ទះ ​និង​សាលារៀន​ជា​រៀងរាល់​ថ្ងៃ​។ ​ដូច្នេះ​ ​ការ​ធានា​សុវត្ថិ​ភាព​នៅ​តំបន់​ជុំវិញ​សាលារៀន​ ​គឺ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់។

​លោក​ស្រី​បន្ត​ថា​ ​គម្រោង​នេះ​ផ្តោត​លើ​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​រៀបចំ​យុទ្ធនាការ​អប់រំ​ស្តីពី​ការ​បន្ថយ​ល្បឿន​ ​ការ​បណ្តុះបណ្តាល​សុវត្ថិ​ភាព​ចរាចរណ៍​ ​និង​ការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​នៅ​តំបន់​ជុំវិញ​សាលារៀន។

​សូម​ជម្រាប​ថា​ ពាន​រង្វាន់​ ​W​HO Healthy ​Cities ​Recognition Awards ​ឆ្នាំ​២០២៦ ​នឹង​ត្រូវ​ប្រគល់​ជូន​ក្នុង​អំឡុង​សន្និសីទ​សកល​លើក​ទី​១១ ​នៃ​សម្ព័ន្ធ​ទីក្រុង​សុខភាព​ល្អ ​(​Alliance ​for ​Healthy ​Cities​)​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី ​ចាប់​ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា