ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ នាយករដ្ឋមន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ចូលរួមពង្រឹងភាពធន់ ដោយរៀបចំ "ផែនការសុវត្ថិភាព និង​ការត្រៀមបម្រុង​ក្នុងគ្រួសារ" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ នាយករដ្ឋមន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ចូលរួមពង្រឹងភាពធន់ ដោយរៀបចំ "ផែនការសុវត្ថិភាព និង​ការត្រៀមបម្រុង​ក្នុងគ្រួសារ"

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៖ នាយករដ្ឋមន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ចូលរួមពង្រឹងភាពធន់ ដោយរៀបចំ "ផែនការសុវត្ថិភាព និង​ការត្រៀមបម្រុង​ក្នុងគ្រួសារ"

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ គឺជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោម​ប្រធានបទ «ភាពធន់នឹងគ្រោះមហន្តរាយ​ចាប់ផ្តើមពីគ្រួសារ»។ សម្រាប់ទិវាឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ និងគ្រប់ក្រុមគ្រួសារទាំងអស់ ចូលរួមពង្រឹងភាពធន់របស់ខ្លួន ដោយត្រូវរៀបចំ “ផែនការសុវត្ថិភាព និង​ការត្រៀម​បម្រុងក្នុងគ្រួសារ” រួមមាន ការរៀបចំកញ្ចប់សម្ភារៈសង្គ្រោះបន្ទាន់ប្រចាំផ្ទះ (ទឹកស្អាត ស្បៀងស្ងួត ថ្នាំសង្កូវ វិទ្យុ និងឯកសារសំខាន់ៗ) ការ​ត្រួតពិនិត្យ​ពង្រឹងលំនៅឋាន​ឱ្យ​មានសុវត្ថិភាព​ពីខ្យល់កន្ត្រាក់ និង​រន្ទះ ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់​ការពារសុវត្ថិភាព​កុមារ មនុស្ស​ចាស់ ជនមានពិការភាព និង​ស្រ្តីមានផ្ទៃពោះ ក្នុងគ្រា​មានអាសន្ន។

សម្តេចធិបតីលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ពិភពលោកបាន​នឹងកំពុង​ប្រឈម​នឹងហានិភ័យគ្រោះមហន្តរាយដ៏ស្មុគស្មាញ និង​មានការប្រែប្រួលយ៉ាងឆាប់រហ័ស​ដែលបង្ក​ឡើង​ដោយ​បញ្ហា​ជាច្រើន​រួមមាន កត្តាបរិស្ថាន សង្គម និងសេដ្ឋកិច្ច។ល។ ការប្រែប្រួលអាកាសធាតុ នគរូបនីយកម្ម និង​ស្ថានភាពបរិស្ថានធ្លាក់ចុះ បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។ ការកើនឡើង​នៃមុខសញ្ញា​គ្រោះថ្នាក់ឧតុនិយមកាន់តែញឹកញាប់ និងខ្លាំងឡើង កំពុងគំរាមកំហែង​អាយុជីវិត ប៉ះពាល់ជីវភាព​រស់នៅ និង​រំខាន​ដល់សេដ្ឋកិច្ចសហគមន៍ ព្រមទាំងបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធទៀតផង។

ដោយឡែកព្រះរាជាណាចក្រ​កម្ពុជា ក៏​មិន​ខុសពីប្រទេស​នៅ​ក្នុងតំបន់ និង​នៅលើពិភពលោក​នេះដែរ ស្ថានភាព​អាកាសធាតុ ដូចជា​ការ​កើន​ឡើង​កម្តៅក្នុងរដូវវស្សា ជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ​មិន​បានល្អ ខ្យល់កន្រ្តាក់ រន្ទៈបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ​ទៀត បានបង្ក​ផលប៉ះពាល់ដល់អាយុជីវិត​មនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និង​សហគមន៍ជាច្រើន។ ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់​កម្លាំងសរុប មធ្យោបាយ​សរុប និងធនធានសរុប ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ជាសេនាធិការ ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែក​ឯកជន សង្គមស៊ីវិល ធ្វើការ​កាត់បន្ថយ​ហានិភ័យគ្រោះមហន្តរាយ ជួយសង្រ្គោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និង​ដោះស្រាយ​រាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះ ដោយ​មិនទុកនរណាម្នាក់​ចោលឡើយ រួមទាំងឆ្លើយតប​ដោយ​បំពេញ​កិច្ចការ​មនុស្ស​ធម៌​ចំពោះ​ប្រជាជនរងផលប៉ះពាល់​ដោយ​សារជម្លោះព្រំដែន​នាពេលកន្លងមក ក៏​ដូចជា​ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានា។

តាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា​ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដែលត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយបរិយាបន្ន និងចីរភាព។ ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានតួនាទី​ក្នុងការ​ចូលរួមធ្វើ​សកម្មភាព​កាត់បន្ថយ​ហានិភ័យគ្រោះមហន្តរាយ ដោយ​ធ្វើ​ការ​វិនិយោគភាពវៃឆ្លាត គឺការវិភាជទុន និងធនធាន​ដោយផ្ទាល់ ដើម្បីធ្វើសមាហរណកម្ម​ការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៅក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​សហគមន៍។

យ៉ាងណាក៏ដោយ សម្តេចធិបតីលើកទឹកចិត្តដល់ស្ថាប័ន និង​ប្រជាជនទាំងអស់ រួមគ្នា​លើក​កម្ពស់តួនាទីរបស់វិស័យឯកជន ក្នុងការ​កាត់បន្ថយហានិភ័យទាក់ទងនឹងលំនៅឋាន និង​ផ្តល់អំណាច​ដល់គ្រួសារ ជាពិសេស​គ្រួសារ​ដែលប្រឈម​មុខ​នឹង​ភាពងាយរងគ្រោះ​ខ្ពស់ ការគិត​គូរ​អំពីហានិភ័យដើម្បីការពារខ្លួន និង​ពង្រឹង​ភាពធន់របស់សហគមន៍។ ហើយដើម្បីឱ្យ​ការប្តេជ្ញានេះ​ក្លាយជាការពិត សម្តេចអំពាវនាវឱ្យ​លើក​កម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និង​បទពិសោធ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ និង​ការយល់ដឹងអំពីគ្រោះមហន្តរាយ, លើក​កម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ និង​ការ​ប្រកាស​ឱ្យដឹងមុន​ពីមុខសញ្ញាគ្រោះថ្នាក់ដល់សាធារណជន និង​ភាគីពាក់ព័ន្ធ​ដោយត្រៀមខ្លួនជាស្រេច​ទៅនឹង​គ្រោះមហន្តរាយ, ចូលរួមថែរក្សា​កំណើនសេដ្ឋកិច្ច និង​បង្កើន​ការវិនិយោគ​សាធារណៈលើភាពធន់ នៃលំនៅឋានសម្រាប់គ្រប់ក្រុមគ្រួសារដែលងាយរងគ្រោះបំផុត រួមទាំងការរៀបចំបណ្តាញសុវត្ថិភាពសង្គម និងការផ្តល់ជម្រកសុវត្ថិភាព​សមរម្យ និងធានាថា អាចទទួលព័ត៌មានអំពីហានិភ័យបានទាន់ពេលវេលា និង​គ្រប់សហគមន៍៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា