វិទ្យាល័យ​ដើម​ឫស ​សិស្ស​ជាប់​បាក់​ឌុប​ ១០០​%​ ​និង​គ្មាន​និទ្ទេស E | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យ​ដើម​ឫស ​សិស្ស​ជាប់​បាក់​ឌុប​ ១០០​%​ ​និង​គ្មាន​និទ្ទេស E

វិទ្យាល័យ​ដើម​ឫស ​សិស្ស​ជាប់​បាក់​ឌុប​ ១០០​%​ ​និង​គ្មាន​និទ្ទេស E

​វិទ្យាល័យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន ​សែន ដើម​ឫស ​ស្ថិត​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ​ខេត្ត​កណ្ដាល​ ​នៅតែ​បន្ត​រក្សា​លំនឹង​ ​ដោយ​មាន​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​)​ ​១០០​ភាគរយ​ ​និង​គ្មាន​សិស្ស​និទ្ទេស​ ​E ​ឡើយ​ ​នៅក្នុង​ឆ្នាំ​នេះ​ ក្នុងនោះ ​សិស្ស​ទទូលបាននិទ្ទេស​ A មានចំនួន ​១៥​នាក់​,​ ​និទ្ទេស B ៧៥​នាក់​,​ ​និទ្ទេស ​C ៧៧​នាក់​ ​និង​និទ្ទេស​ D ​១៣​នាក់​។

លោក សឿង រដ្ឋា នាយកវិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស មានប្រសាសន៍ថា ​លទ្ធផល​របស់​សិស្ស​ប្រឡង​បាក់ឌុប​ជាប់​ ​១០០​ភាគរយ​ ​និង​គ្មាន​សិស្ស​និទ្ទេស E ​គឺជា​ភាព​ជោគជ័យ​របស់​វិទ្យាល័យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន ​សែន ដើម​ឫស ​ដែល​បាន​អនុវត្ត​កន្លងមក ​គឺ​ការ​រៀន​ពេញ​មួយ​ថ្ងៃ​។ ​លោក​ថា​ ​កម្មវិធី​នេះ​ ផ្ដោត​លើ​គោលការណ៍​៣​ចំណុច​សំខាន់​ៗ​រួមមាន​ ទី​១​.​ ​គុណភាព​ ទី​២​.​ ​ប្រសិទ្ធភាព​ ​និង​ទី​៣​.​ ​ជំនឿ​ជាក់ ​និង​ទំនុកចិត្ត​ ​ដែល​ធ្វើឱ្យ​មាតា​បិតា​ ​អាណាព្យាបាល​សិស្ស​ ​មាន​ការ​ជឿជាក់​ ​និង​ចូលរួម​គាំទ្រ​សាលា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

​នាយក​វិទ្យាល័យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន ​សែន ដើម​ឫស ​បន្ថែម​ទៀត​ថា​ ​មក​ដល់​ពេលនេះ​ ​កម្មវិធី​រៀន​ពេញ​មួយ​ថ្ងៃ ​បាន​និង​កំពុង​អនុវត្ត ​ដែល​បន្ត​ជួយ​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់ ​គឺ​ចាប់​ពី​ថ្នាក់​ទី​៧ ​ដល់​ថ្នាក់​ទី​១២ ​ដែល​ជំរុញ​ឱ្យ​សិស្ស​មាន​មូលដ្ឋានគ្រឹះ​កាន់តែ​ប្រសើរឡើង​។ ​លោក​ រដ្ឋា ​បន្ត​ថា​ ​ការ​ធ្វើឱ្យ​លទ្ធផល​សិក្សា​សិស្ស​កាន់តែ​ប្រសើរឡើង​ ​ក៏​ដោយសារ​មាន​ការ​លះបង់​ ការ​ទទួលខុសត្រូវ​ទៅ​តាម​តួនាទី ​ភារកិច្ច​រៀង​ៗ​ខ្លួន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ក៏​ដូចជា​ការ​ប្ដេជ្ញាចិត្ត​ ​និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​របស់​លោក​គ្រូ​ ​អ្នក​គ្រូ​ ​ទាំងអស់​ក្នុង​សាលា ​ក៏​ដូចជា​មាន​ការ​ចូលរួម​ពី​អាណា​ព្យាបាល​ សិស្សា​នុសិស្ស ​រួម​ជាមួយ​អាជ្ញាធរ​ផងដែរ​។

​ជាមួយគ្នា​នេះ​ ​លោក​ សឿង​ ​រដ្ឋា ​មាន​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា​ ​សិស្សា​នុសិស្ស​ដែល​ចេញ​ពី​វិទ្យាល័យ​ដើម​ឫស ​នឹង​ក្លាយជា​ធនធាន​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ត​ទៅ​ថ្នាក់​ឧត្តម​សិក្សា​ ​ឬ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ទៅ​តាម​ចំណង់ចំណូលចិត្ត​ ​ក៏​ដូចជា​ស្រប​ទៅ​តាម​សមត្ថភាព ​និង​សក្កដានុពល​របស់​ខ្លួន ​ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​សង្គមជាតិ​នា​ពេល​អនាគត​។

​គួរ​ជម្រាប​ជូន​ដែរ​ថា​ ​រយៈពេល​​១០​ឆ្នាំ​មក​នេះ​ វិទ្យាល័យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន ​សែន ដើម​ឫស ​មាន​សិស្ស​ត្រឹមតែ​ ​២​នាក់​ប៉ុណ្ណោះ​ដែល​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ ​ដោយ​មាន​សិស្ស​ម្នាក់​ប្រឡង​ធ្លាក់​នៅ​ឆ្នាំ​២០១៨ ​និង​ម្នាក់​ទៀត​នៅ​ឆ្នាំ​២០២៣​។ ​ក្រៅ​ពី​នេះ​ ​សាលា​សម្រេចបាន​លទ្ធផល​ជាប់​ជា​បន្តបន្ទាប់​ ​ខណៈ​ឆ្នាំ​២០២៦​នេះ ​ក៏​នៅតែ​រក្សា​បាន​អត្រា​ជាប់​ ​១០០​ភាគរយ​ ​និង​គ្មាន​សិស្ស​និទ្ទេស​ E ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា