ការគាំពារ និងអភិវឌ្ឍកុមារតូច ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការគាំពារ និងអភិវឌ្ឍកុមារតូច ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស

ការគាំពារ និងអភិវឌ្ឍកុមារតូច ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស

នៅក្នុងបរិបទបច្ចុប្បន្ន​នេះ ការគាំពារ និង​អភិវឌ្ឍកុមារតូច បាន​ដើរតួនាទីយ៉ាងសំខាន់​ ក្នុងការផ្តល់​នូវ​មូលដ្ឋាន​គ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ នេះជា​ប្រសាសន៍លើកឡើងរបស់ ឯកឧត្កមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន កាលពីថ្ងៃព្រហស្បត្តិ (១២ មីនា)។

Advertisement

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា តាមរយៈការ​ស្រាវជ្រាវជាច្រើន​បាន​បង្ហាញថា កុមារដែលបានទទួលសេវាថែទាំគាំពារប្រកបដោយវិជ្ជមាន និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។ ឯកឧត្តមបន្តថា តាមការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញផងដែរថា ជំនាញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំដំបូងដល់កុមារនៅវ័យជាទារក និងវ័យចូលមត្តេយ្យសិក្សា គឺជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យក្នុងការសិក្សានៅសាលារៀន និងការសិក្សានៅកម្រិតបន្តបន្ទាប់។

ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានឯកភាពដាក់ចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន ដែលមានវិសាលភាពអនុវត្តចំពោះទារកដ្ឋានសហគមន៍ ទារកដ្ឋានសហគ្រាស និងទារកដ្ឋានឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់សេវាទារកដ្ឋានក្នុងយុគសម័យទំនើបនេះ មិនមែនគ្រាន់តែជាការមើលថែទាំកុមារតូចធម្មតាប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួមបញ្ចូលនូវបំណិនគ្រប់ជ្រុងជ្រោយ។

យ៉ាងណាក៏ដោយ ដើម្បី​ឆ្លើយតបនឹងតម្រូវការប្រកបដោយវិជ្ជមានរបស់កុមារ យើងត្រូវរួមគ្នាបែបពហុវិស័យផ្លាស់ប្តូរផ្នត់គំនិតមាតាបិតា រួមគ្នាវិនិយោគលើកុមារតូច តាមរយៈការបង្កើតទារកដ្ឋានសហគមន៍ ទារកដ្ឋានសហគ្រាស ទារកដ្ឋានឯកជន និងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសត្រឹមត្រូវសម្រាប់គ្រប់គ្រង និងមើលថែទាំកុមារនៅតាមទារកដ្ឋានស្របតាមបទដ្ឋានបច្ចេកទេស។ ហើយ​បទដ្ឋានទាំងនោះរួមមាន ការផ្តល់អាហារប្រកបដោយអនាម័យនិងសុខភាព ផ្តល់កន្លែងគេង មានសម្ភារៈសម្រាប់កុមារលេង កន្លែងលេងក្នុងនិងក្រៅបន្ទប់ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចឱ្យមាតាបិតាមានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារប្រចាំថ្ងៃបានពេញលេញ បង្កើនជីវភាពរស់នៅក្នុងគ្រួសារកាន់តែល្អប្រសើរ។

ហេតុនេះ ការយកចិត្តទុកដាក់ផ្តល់សេវាទារកដ្ឋាន មិនមែនគ្រាន់តែជាកន្លែងមើលថែធម្មតានោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលកុមារឱ្យមានមូលដ្ឋានបំណិនរឹងមាំ មានទំនុកចិត្ត និងភាពធន ដែលអាចសម្របខ្លួនទៅនឹងបរិយាកាសសិក្សាថ្មីៗ និងអភិវឌ្ឍខ្លួនដោយឯករាជ្យ។ នេះជា​ប្រសាសន៍បន្ថែមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា