ស.ស.យ.ក. រាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បើកវេទិកាពិគ្រោះយោបល់លើផែនការមេកែលម្អវិទ្យាល័យសន្ធរម៉ុក និងចំរើនផល ក្រោមគម្រោង "គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស.ស.យ.ក. រាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បើកវេទិកាពិគ្រោះយោបល់លើផែនការមេកែលម្អវិទ្យាល័យសន្ធរម៉ុក និងចំរើនផល ក្រោមគម្រោង "គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា"

ស.ស.យ.ក. រាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បើកវេទិកាពិគ្រោះយោបល់លើផែនការមេកែលម្អវិទ្យាល័យសន្ធរម៉ុក និងចំរើនផល ក្រោមគម្រោង "គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា"

កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៦ សហភាព​សហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) ​រាជធានីភ្នំពេញ ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាល​រាជធានីភ្នំពេញ គណៈស្ថាបត្យករកម្ពុជា និងសាកលវិទ្យាល័យជាដៃគូ បានរៀបចំវេទិកាពិគ្រោះយោបល់​ជាមួយ​គណៈនាយក និង​លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងវិទ្យាល័យចំរើនផល អំពីសេចក្តីព្រាងផែនការមេសាលារៀន “គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា”។

វេទិកាពិគ្រោះយោបល់នេះ គឺ ដើម្បីពិនិត្យ និងកែលម្អសេចក្ដីព្រាងផែនការមេសាលារៀន ដែលផ្អែកលើលទ្ធផលនៃការប្រកួតប្រជែង និងនិក្ខេបបទស្រាវជ្រាវរបស់និស្សិតជំនាញស្ថាបត្យកម្ម ធ្វើយ៉ាងណាឱ្យមានសោភណភាព សុខភាពសិក្សា សុវត្ថិភាព បរិយាកាសសិក្សា ប្រយោជន៍សហគមន៍ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្ដែង។

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ មានប្រសាសន៍ថា គម្រោង «គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា» ជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់ចេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ គម្រោងនេះ​ ផ្តោតសំខាន់លើការរៀបចំកែលម្អសោភ័ណភាព មុខងារអគារ និងលំហបៃតងនៅតាមសាលារៀន ក្នុងទិសដៅធ្វើយ៉ាងណា​ជំរុញការរៀបចំផែនការមេជូនសាលារៀន​ ដើម្បីលើកកម្ពស់គុណភាពសិក្សារបស់សិស្ស​ សុខភាពសិក្សា​ បំណិនជីវិត និងប្រែក្លាយទីធ្លាសាលាបម្រើដល់ប្រយោជន៍សហគមន៍ទាំងមូល។

ក្នុងនោះសម្រាប់គម្រោង «គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា» ក៏​មានការប្រកួតប្រជែងស្នាដៃគម្រោង ដែលផ្តល់ឱកាសដល់និស្សិតបំផុសគំនិតច្នៃប្រឌិត រៀបចំសាលារៀនជំហានដំបូង ផ្ដោតលើការកែលម្អសាលារៀន មុខងារអាគារតាមសាលានីមួយៗ និងគិតគូរអំពីកត្តាប្រជាសាស្រ្តនាពេលខាងមុខ។

បើតាម​លោក សន ប៊ុនមាន សម្រាប់ការប្រកួតប្រជែងស្នាដៃគម្រោង បន្ទាប់ពីពិគ្រោះយោបល់ជាមួយគណៈនាយក មន្ទីរអប់រំ យុវជន និងកីឡា/ខណ្ឌ គណៈស្ថាបត្យករ និងលោកគ្រូ-អ្នកគ្រូ អំពីសេចក្ដីព្រាងផែនការមេសាលារៀន “គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា” រួច បេក្ខជន មានរយៈពេល ៧ថ្ងៃទៅ១០ថ្ងៃ ក្នុងការយកមតិយោបល់ទៅកែសម្រួល ដើម្បីគណៈស្ថាបត្យករវាយតម្លៃដាក់ពិន្ទុ។

លោក ឡៅ ម៉ូលីណា នាយកវិទ្យាល័យជាស៊ីម សន្ធរម៉ុក បានកោតសរសើរដល់ក្រុមបេក្ខជន ដែលបានចូលរួមសិក្សាកែលម្អ សោភ័ណភាព មុខងារអគារ លំហបៃតងនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក សម្រាប់គម្រោង «គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា»។ តែក្នុងនោះ លោកក៏បានសំណូមពរដល់បេក្ខជនពិចារណាបន្ថែមចំណុចសាងសង់បណ្ណាល័យ នៅក្នុងបរិវេណសាលា ដើម្បីលើកកម្ពស់ការអាន និងស្រាវជ្រាវក្នុងចំណោមសិស្សានុសិស្សផងដែរ។

ដោយឡែក លោក លី សុវណ្ណា នាយកវិទ្យាល័យចំរើនផល បានបង្ហាញអារម្មណ៍រីករាយចំពោះសមិទ្ធផលដែលបេក្ខជន បានធ្វើបទបង្ហាញគម្រោងរបស់ខ្លួន ក្នុងការសិក្សាកែលម្អ សោភ័ណភាព មុខងារអគារ លំហរបៃតងនៅវិទ្យាល័យចំរើនផល ដែលមានការរៀបចំស្អាត។ លោកក៏បានផ្ដល់យោបល់ឱ្យកែលម្អលើចំណុចមួយចំនួន ដើម្បីបង្ការផលប៉ះពាល់មួយចំនួន និងថ្ងៃអនាគត សំណូមពរឱ្យមានការសាងសង់អគារសិក្សាបន្ថែម ព្រោះកំណើនសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។

ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)

សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការមេសាលារៀន «គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា» នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងវិទ្យាល័យចំរើនផល បានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយ​មាន ទី១. បទបង្ហាញក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន អំពីសេចក្ដីព្រាងផែនការមេ ពីគម្រោងកែលម្អសោភ័ណភាព មុខងារអគារ លំហរបៃតងនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក នៃគម្រោង «គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា» និង ទី២. បទបង្ហាញក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) អំពីសេចក្ដីព្រាងផែនការមេ ពីគម្រោងកែលម្អសោភ័ណភាព មុខងារអគារ លំហរបៃតងនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យចំរើនផល នៃគម្រោង «គំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា»៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា