របាយការណ៍ ៖ អត្រារៀបការរបស់ក្មេងស្រីមុនអាយុ១៨ឆ្នាំថយចុះ ខណៈអត្រាបញ្ចប់មធ្យមសិក្សា​បឋមភូមិរបស់ក្មេងស្រីកើនឡើង

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របាយការណ៍ ៖ អត្រារៀបការរបស់ក្មេងស្រីមុនអាយុ១៨ឆ្នាំថយចុះ ខណៈអត្រាបញ្ចប់មធ្យមសិក្សា​បឋមភូមិរបស់ក្មេងស្រីកើនឡើង

របាយការណ៍ ៖ អត្រារៀបការរបស់ក្មេងស្រីមុនអាយុ១៨ឆ្នាំថយចុះ ខណៈអត្រាបញ្ចប់មធ្យមសិក្សា​បឋមភូមិរបស់ក្មេងស្រីកើនឡើង

របាយការណ៍ថ្មីមួយ​របស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានប​ង្ហាញថា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ​ក្នុង​ចំណោម​ក្មេងស្រី ​ដែលមាន​អាយុក្រោម១៨ឆ្នាំ នៅកម្ពុជា​បាន​ថយចុះពីអត្រា ២៦.៣% ក្នុងឆ្នាំ២០២១ មកត្រឹម ៩.៥% នៅចុងឆ្នាំ២០២៥។ របាយការណ៍​បង្ហាញថា ការធ្លាក់ចុះនេះ គឺដោយសារ​តែមានការ​ចូលរួមចំណែកយ៉ាងសំខាន់​ពីលទ្ធផល នៃការអប់រំ។

Advertisement

ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍​ដោយបង្ខំ និង​ការ​រស់នៅជា​ប្តីប្រពន្ធនៅវ័យក្មេង ជាពិសេស​នៅ​ក្នុង​សហគមន៍ជនបទដាច់ស្រយាល និង​សហគមន៍ជនជាតិដើមភាគតិច បាន​ក្លាយ​ជាបញ្ហារួមចំណែកបណ្តាល​ឱ្យ​មានភាពក្រីក្រ វិសមភាពយេនឌ័រ បទដ្ឋានសង្គម​ដែលបង្កគ្រោះថ្នាក់ និង​លទ្ធភាពទទួល​បាន​ការ​អប់រំនៅមានកម្រិត​សម្រាប់ក្មេងស្រី។

បន្ទាប់ពីការដាក់​ឱ្យ​អនុវត្ត​គម្រោង “ដល់ពេលត្រូវធ្វើសកម្មភាព!” នៅក្នុងភូមិ​ប្រមាណជាង៨០ ក្នុង​ខេត្តរតនគិរី និងស្ទឹងត្រែង ចាប់តាំងពីឆ្នាំ២០២១ មកដល់ចុងឆ្នាំ២០២៥ ក្រោម​ការ​សម្របសម្រួល​ដោយ​អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយសហគម, ជាលទ្ធផល អត្រានៃការរៀបអាពាហ៍ ពិពាហ៍មុនអាយុ១៨ឆ្នាំនៃក្មេងស្រីនិងស្រ្តីវ័យក្មេង បានធ្លាក់ចុះយ៉ាងខ្លាំងពី២៦.៣% មក៩.៥% និងមុនអាយុ១៥ឆ្នាំបានធ្លាក់ចុះពី២.៥% មក ០.៦% ខណៈដែលអត្រានៃការរៀបអាពាហ៍ពិពាហ៍ក្នុងចំណោមបុរសវ័យក្មេងមុនអាយុ១៨ឆ្នាំក៍បានធ្លាក់ចុះពី៦.២% មក២.១%ផងដែរ។

ដោយឡែកអត្រាបញ្ចប់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩)ក្នុងចំណោមក្មេងស្រីមានការកើនឡើងពី៥០.២% ទៅ៦៤.៩% ហើយការយល់ដឹងពីការសិទ្ធិ សុខភាពផ្លូវភេទ បានកើនឡើងពី៥០.២%ទៅ៩៦.៧%។ ជាមួយគ្នានេះ ការគាំទ្រពី​ឪពុកម្តាយដល់កុមារ មានការកើនឡើង ហើយការអនុវត្តវិធីសាស្រ្តបង្រៀនឆ្លើយតប​តាមតម្រូវការ​យេនឌ័រក៏មាន​ការកើនឡើង​ពី៣៧.៨% ទៅ៦៩.៧%។

ក្មេងស្រីនិងស្ត្រីវ័យក្មេង​ នៅខេត្តរតនគិរី មានការងារ និងមុខរបរ

ក្នុងនោះដែរ អត្រាក្មេងស្រីមានការងារធ្វើបានកើនឡើងខ្ពស់ពី៥៤.៧៤%ទៅ ៩៤.១៧% ក្នុងរយៈពេលប្រាំមួយខែ​ក្រោយបញ្ចប់វគ្គសិក្សា ខណៈភាគរយនៃក្មេងស្រីមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបានកើនឡើងពី៥៧.៤% ទៅ៨៨.៥% ក្រោយមានការងារធ្វើក្នុងរយៈពេលពេញមួយឆ្នាំ។ ជាពិសេស សមាមាត្រនៃក្មេងស្រីនិងស្ត្រីវ័យក្មេង​ មានការងារ និងមុខរបរ​មិនមែនជា​ប្រពៃណី​បាន​កើនឡើង។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការផ្តល់សិទ្ធិ​អំណាច​ដល់ក្មេងស្រី គឺបានចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ។

លោកពន្យល់ថា នៅពេលដែលក្មេងស្រីទទួលបានការពង្រឹងភាពអង់អាចតាមរយៈការអប់រំ ការការពារ និងឱកាស​អភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះអត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំមានការថយចុះ ហើយ​អនាគតរបស់ពួកគេ គឺធំទូលាយ។

លោក យី គឹមថាន បន្ថែមថា វឌ្ឍនភាពទាំងនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ជាមួយនឹងការ​ប្តេជ្ញាចិត្តពី​រាជរដ្ឋាភិបាល ម្ចាស់ជំនួយនិងសហគមន៍ ប្រទេសកម្ពុជាអាចឈានទៅ​ជាសង្គមមួយ​ដែលមិនមាន​ក្មេងស្រីណាម្នាក់ត្រូវ​បានបង្ខំឱ្យ​រៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំទៀតទេ ហើយក្មេងស្រីវ័យជំទង់​គ្រប់រូប​មានឱកាស​អភិវឌ្ឍខ្លួន។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា

នៅក្នុងរបាយការណ៍អង្គការភ្លែនអន្តរជាតិកម្ពុជាបានផ្តល់អនុសាសន៍ថា ការវិនិយោគប្រកបដោយនិរន្តរភាពគឺចាំបាច់ដើម្បីពង្រីកនូវគំរូប្រកបដោយប្រសិទ្ធភាពពីគម្រោងឱ្យបានទូទាំងប្រទេស ដោយ​រួម​មាន​ទាំង​ការធ្វើសមាហរណកម្មការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយទៅក្នុងកម្មវិធីសិក្សា, ការពង្រឹងបណ្តាញកិច្ចការពារកុមារនៅតាមសហគមន៍ រួមទាំងការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមតម្រូវការទីង្សារសម្រាប់ក្មេងស្រី ជាពិសេសអ្នកមកពីទីជបទ និង​សហគមន៍ជនជាតិដើមភាគតិច៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា