បេក្ខជនជាប់បម្រុងគ្រូកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យជាង ១ពាន់នាក់ ចូលរួមចាប់ប៉ុស្តិ៍ការងារ, ក្រសួងផ្តល់​ "ឱកាសទីពីរ" សម្រាប់បេក្ខជនមិនទទួលបានប៉ុស្តិ៍ ទៅកម្រិតអនុវិទ្យាល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជនជាប់បម្រុងគ្រូកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យជាង ១ពាន់នាក់ ចូលរួមចាប់ប៉ុស្តិ៍ការងារ, ក្រសួងផ្តល់​ "ឱកាសទីពីរ" សម្រាប់បេក្ខជនមិនទទួលបានប៉ុស្តិ៍ ទៅកម្រិតអនុវិទ្យាល័យ

បេក្ខជនជាប់បម្រុងគ្រូកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យជាង ១ពាន់នាក់ ចូលរួមចាប់ប៉ុស្តិ៍ការងារ, ក្រសួងផ្តល់​ "ឱកាសទីពីរ" សម្រាប់បេក្ខជនមិនទទួលបានប៉ុស្តិ៍ ទៅកម្រិតអនុវិទ្យាល័យ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ​ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ ១ ៧៦៤នាក់ បានចូលរួមបែងចែកកន្លែងការងារ ឬចាប់ប៉ុស្តិ៍ នៅតាមវិទ្យាល័យក្នុងភូមិសាស្ត្រខេត្ត-ស្រុក នៅវិទ្យាស្ថានជាតិអប់រំ។ ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ ក៏​បានផ្តល់សិទ្ធិអាទិភាពជូនបេក្ខជនជាប់បម្រុង កម្រិតវិទ្យាល័យ ដែលពុំទាន់ទទួលបានប៉ុស្តិ៍ ឱ្យមានឱកាសជ្រើសរើសប៉ុស្តិ៍ការងារ ដែលនៅទំនេរនៅកម្រិតអនុវិទ្យាល័យ ផ្អែកលើលក្ខខណ្ឌស្ម័គ្រចិត្ត។

កញ្ញា សន ពិសី ជាបេក្ខជនប្រឡងជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ឯកទេសគណិតវិទ្យា ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល លើកឡើងថា ការមកចូលរួមចាប់ប៉ុស្តិ៍កន្លែងការងារដែលនៅទំនេរនេះ​ គឺដោយសារចង់ពិនិត្យមើលផ្ទាល់ភ្នែកខ្លួនឯង។

កញ្ញា សន ពិសី បន្ថែមថា ដោយសារប៉ុស្តិ៍កន្លែងការងារក្នុងភូមិសាស្ត្ររដ្ឋបាលស្រុក-ខេត្តគោលដៅ ដែលខ្លួនដាក់ពាក្យពេញអស់ ដូច្នេះកញ្ញាសម្រេចចិត្តបោះបង់ប៉ុស្តិ៍នេះ និងត្រៀមចូលរៀនវគ្គបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារជំនាន់ទី១ នៅវិទ្យាស្ថានជាតិអប់រំ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

កញ្ញា ពិសី លើកឡើងថា កញ្ញាយល់ស្របចំពោះការរៀបចំដំណើរការរើសប៉ុស្តិ៍កន្លែងការងារសម្រាប់បេក្ខជនជាប់បម្រុង ដែលផ្ដល់នូវភាពស្មើគ្នា។ កញ្ញា ពិសី បន្តថា ​ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ប្រសិនបើមានឱកាសប៉ុស្តិ៍ទំនេរ កញ្ញានឹងស្ម័គ្រចិត្តទៅបង្រៀនតាមលទ្ធភាពជាក់ស្ដែង។

ជាមួយគ្នានេះ លោក ភាក់ ចាន់នេត ដែល​បានប្រឡងជាប់បម្រុង គ្រូបង្រៀនផ្អែកកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យ ឯកទេសភាសាខ្មែរ ក្នុងស្រុកសន្ធរកណ្ដាល ខេត្តព្រៃវែង បន្ថែមថា​ ដោយសារការជ្រើសរើសប៉ុស្តិ៍កន្លែងការងារនៅកម្រិតវិទ្យាល័យពេញ ទើបលោកសម្រេចចិត្តជ្រើសរើសប៉ុស្តិ៍កន្លែងការងារដែលនៅទំនេរ នៅកម្រិតអនុវិទ្យាល័យវិញ គឺស្ថិតក្នុងវិទ្យាល័យព្រែកសណ្ដែក ខេត្តព្រៃវែង។ លោក ចាន់នេត បន្តថា ការផ្លាស់ប្ដូរពីកម្រិតវិទ្យាល័យ ទៅកម្រិតអនុវិទ្យាល័យនេះ លោកពេញចិត្ត ព្រោះជាគោលដៅតែមួយដែលលោកមានបំណងទៅបង្រៀនសិស្សនៅកម្រិតមធ្យមសិក្សាដូចគ្នាដែរ។

បើតាម​ក្រសួងមុខងារសាធារណៈ បន្ទាប់ពីបានបញ្ចប់ដំណើរការបែងចែកកន្លែងការងារយ៉ាងសកម្មនាពេលព្រឹក គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានបន្តដឹកនាំអនុវត្តនីតិវិធីលម្អិតនាពេលរសៀល។ នៅក្នុងដំណើរការវគ្គរសៀល គណៈកម្មការ បានប្រមូលផ្ដុំបេក្ខជនជាប់បម្រុងកម្រិតវិទ្យាល័យ មកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដែលមិនទាន់ទទួលបានកន្លែងការងារ ដើម្បីបន្តនីតិវិធីបែងចែកទីកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ នីតិវិធីនេះ គឺត្រូវបានអនុវត្តជាពិសេសសម្រាប់តែមុខវិជ្ជាឯកទេសទាំងឡាយណា ដែលនៅមានតម្រូវការជាក់ស្តែង និងមានប៉ុស្តិ៍ទំនេរនៅតាមគ្រឹះស្ថានសិក្សាសាធារណៈប៉ុណ្ណោះ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង តែងតែប្រឹងប្រែងស្វែងរកគ្រប់មធ្យោបាយ និងលទ្ធភាព ដើម្បីសម្របសម្រួល និងបង្កើនលក្ខខណ្ឌអនុគ្រោះនានា ក្នុងការផ្ដល់ឱកាសការងារ ជូនដល់លោកគ្រូ-អ្នកគ្រូ។ “…យើងមានឱកាសរហូតដល់ទៅពីរដង ដែលនេះឆ្លុះបញ្ចាំងពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ព្រោះកន្លងមក យើងធ្លាប់មានឱកាសត្រឹមតែម្តងប៉ុណ្ណោះ ប៉ុន្តែពេលនេះបេក្ខជន ទទួលបានឱកាសមួយបន្ថែមទៀត។ ទោះបីជាឱកាសទាំងពីរនេះកន្លងហួសទៅក្តី ក៏បងប្អូននៅតែមានឱកាសក្នុងការបន្តការសិក្សា និងការបណ្តុះបណ្តាលបន្ថែមទៀតដែរ ឱ្យតែយើងមានការតាំងចិត្តខិតខំរៀនសូត្រ នៅពេលដែលមានតម្រូវការជាក់ស្តែងនាពេលខាងមុខ យើងនឹងទទួលបានសិទ្ធិអាទិភាពក្នុងការបំពេញការងារមុនគេ”៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា