បដិវត្តន៍រៀនជំនាញថ្មី នឹងជំរុញឱ្យមនុស្សប្រមាណ ៦០០លាននាក់ ត្រៀមខ្លួនសម្រាប់ការងារនៅថ្ងៃអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បដិវត្តន៍រៀនជំនាញថ្មី នឹងជំរុញឱ្យមនុស្សប្រមាណ ៦០០លាននាក់ ត្រៀមខ្លួនសម្រាប់ការងារនៅថ្ងៃអនាគត

បដិវត្តន៍រៀនជំនាញថ្មី នឹងជំរុញឱ្យមនុស្សប្រមាណ ៦០០លាននាក់ ត្រៀមខ្លួនសម្រាប់ការងារនៅថ្ងៃអនាគត

វេទិកាបដិវត្តន៍ភាពធន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក នឹងកំណត់ឱ្យមនុស្សជាង ៦០០លាននាក់នៅជុំវិញពិភពលោក ត្រូវរៀនជំនាញថ្មីនៅឆ្នាំ២០៣០។ កម្មវិធីនេះ មានមហិច្ឆតារៀបចំកម្លាំងពលកម្មនៅទូទាំងពិភពលោក ជាមួយនឹងជំនាញដែលមានតម្រូវការសម្រាប់ថ្ងៃអនាគត ខណៈបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI) ​បានធ្វើឱ្យស្វ័យប្រវត្តិកម្មកាន់តែអស្ចារ្យ។

Advertisement

កិច្ចខិតខំប្រឹងប្រែងភាគច្រើនផ្ដោតលើជំនាញឌីជីថលដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big data) និងការសរសេរកម្មវិធី (Programming), ខណៈថ្នាក់ដឹកនាំអាជីវកម្មសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍ ភាពជាអ្នកដឹកនាំ ឥរិយាបថចង់រៀនសូត្រឥតឈប់ឈរ និងកសាងភាពធន់សម្រាប់បុគ្គលិក។ ជាងពាក់កណ្ដាលនៃកិច្ចខិតខំប្រឹងប្រែង នៅក្នុងកម្មវិធីបដិវត្តន៍ជំនាញនេះ សង្កត់ធ្ងន់លើការតម្រង់ទិសជំនាញឆ្ពោះទៅរកការងារក្នុងសេដ្ឋកិច្ចបៃតង។

ចំណុចសំខាន់នៃគំនិតផ្តួចផ្ដើមនេះ គឺជាការប្ដេជ្ញាចិត្តយូរអង្វែងពីសំណាក់នាយកប្រតិបត្តិក្រុមហ៊ុនជាង ៧០ ដែលយល់ច្បាស់អំពីរបៀបដែលកម្លាំងពលកម្មជំនាញ និងការលើកទឹកចិត្តបុគ្គលិក ផ្ដល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ និងពិភពលោក។ ដោយធ្វើការជាមួយរដ្ឋមន្ត្រីចំនួន ៣៤នាក់ មកពីប្រទេសចំនួន ១៧ និងប្រមូលផ្ដុំសហគមន៍ពហុភាគីនៃអង្គការជាង ៣៧០។ សមាជិកនៃស្ថាបនិករួមមាន Adecco Group, Coursera, រដ្ឋាភិបាលនៃប្រទេសបារាំង, iamtheCODE, Infosys, មូលនិធិ Lego, LinkedIn, ManpowerGroup, PwC, Salesforce និង UNICEF ។

កាន់តែទូលំទូលាយជាងនេះទៅទៀតនោះ គឺសហគមន៍នេះ រួមមានសមាជិកធុរកិច្ច, ប្រធានផ្នែកសិក្សា, អ្នកផ្ដល់ការសិក្សាតាមអ៊ីនធឺណិត, សហជីពការងារ, អង្គការក្រៅរដ្ឋាភិបាល, អនុវត្តការអប់រំ និងអង្គការសប្បុរសធម៌។

បណ្តាញសកលនៃ Skills and Education Accelerators មានគោលបំណងចម្បង ពង្រីកបដិវត្តន៍ជំនាញនៅកម្រិតជាតិ។ ខណៈបច្ចុប្បន្ន បណ្ដាញនេះ កំពុងគ្របដណ្ដប់លើប្រទេសមួយចំនួនដូចជា បង់ក្លាដេស ប្រេស៊ីល តួកគី ប៉ាគីស្ថាន វៀតណាម និងកាតា។

តើអ្វីជាបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីនេះ?

ការផ្លាស់ប្តូរបច្ចេកវិទ្យា, និន្នាការភូមិសាស្ត្រសេដ្ឋកិច្ច និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចពណ៌បៃតង បង្កហានិភ័យយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន និងកំពុងផ្លាស់ប្តូរជាមូលដ្ឋាននៃទីផ្សារការងារ។ របាយការណ៍ការងារនាពេលអនាគតឆ្នាំ ២០២៣ បង្ហាញថា នៅឆ្នាំ២០២៧ ការងារ ៤៣ភាគរយ នឹងត្រូវបានជំនួសដោយស្វ័យប្រវត្តិកម្ម។ ដូច្នេះ ការវិនិយោគជាបន្ទាន់ក្នុងធនធានមនុស្សគឺចាំបាច់ដើម្បីបង្កើតពិភពលោកមួយដែលមានភាពយុត្តិធម៌ ដោយធានាថាមនុស្សត្រូវបានផ្តល់ឱកាសដើម្បីបំពេញសក្តានុពលរបស់ពួកគេ និងការរីកចម្រើនក្នុងសង្គម។

ការព្យាករណ៍បានឃើញពីភាពវិជ្ជមាន រវាងកំណើន និងការថយចុះការងារ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត កម្មវិធីសិក្សាដែលហួសសម័យ​នឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពមិនស៊ីគ្នា រវាងការសិក្សា និងជំនាញនាពេលអនាគត។

បច្ចុប្បន្នមានតែ 0,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) សកលប៉ុណ្ណោះ ដែលបានវិនិយោគលើការឆ្ពោះទៅរកការសិក្សាពេញមួយជីវិតរបស់មនុស្សពេញវ័យ។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវដែលធ្វើឡើងដោយ WE Forum សហការជាមួយ PwC បានបង្ហាញថា ការវិនិយោគលើការរៀនជំនាញថ្មី (reskill) និងការពង្រឹងជំនាញ (upskill) នឹងជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) សកល កើនឡើងដល់ ៦,៥ ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០។ ខណៈដែលការវិនិយោគលើការអប់រំត្រៀមសម្រាប់អនាគត តម្រូវឱ្យបន្ថែមទឹកប្រាក់ចំនួន ២,៥៤ ទ្រីលានដុល្លារ នៅក្នុងរយៈពេលដូចគ្នា៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា