ព្រឹត្តិការណ៍​ ​"​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​" ​ប្រមូលផ្តុំ​អ្នកចូលរួម​ជាង​ ​២,៥០០​នាក់​ ​ដើម្បី​កុមារ​ភៀស​សឹក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍​ ​"​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​" ​ប្រមូលផ្តុំ​អ្នកចូលរួម​ជាង​ ​២,៥០០​នាក់​ ​ដើម្បី​កុមារ​ភៀស​សឹក​

ព្រឹត្តិការណ៍​ ​"​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​" ​ប្រមូលផ្តុំ​អ្នកចូលរួម​ជាង​ ​២,៥០០​នាក់​ ​ដើម្បី​កុមារ​ភៀស​សឹក​

​មនុស្សម្នា​មកពី​គ្រប់​មជ្ឈដ្ឋាន​សរុប​ជាង​ ​២,៥០០​នាក់​ បាន​រួមគ្នា​ក្នុង​ស្មារតី​សាមគ្គីភាព​ ​បោះជំហាន​រត់​ក្នុង​ព្រឹត្តិការណ៍​ «​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​» ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​១២​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​សប្បុរសធម៌ ​ជួយ​ទ្រទ្រង់​ដល់​ការ​សិក្សា​របស់​កុមារ​ជាង​ ​៦,០០០​នាក់​ ​ដែល​កំពុង​បន្ត​ស្នាក់​នៅក្នុង​ជំរុំ​ភៀស​សឹក​។​

Advertisement

​លោក​ ​ហុង ​លីម ​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ ​(​FESC​) ​មានប្រសាសន៍​ថា​ សហព័ន្ធ​មិន​ត្រឹមតែ​បំពេញ​បេសកកម្ម​លើ​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ផ្តោត​លើ​ការងារ​សង្គម ​ដើម្បី​ពង្រឹង​សាមគ្គីភាព​ ​បណ្តុះ​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ និង​បង្កើត​ផល​វិជ្ជមាន​ដល់​សហគមន៍​, ​លោក​ថា​ ​ព្រឹត្តិការណ៍​ «​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​» ​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​រួបរួម​ និង​ការ​ចូលរួម​គាំទ្រ​ការ​អប់រំ​របស់​សង្គម​ទាំងមូល​។​

​លោក​បន្ត​ថា​ «​រាល់​ជំហាន​ដែល​ពួកយើង​បាន​បោះ​ទៅ​មុខ​ក្នុង​ថ្ងៃ​នេះ​ ​គឺជា​ជំហាន​ឆ្ពោះ​ទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង​របស់​កុមារ​នៅ​តាម​តំបន់​ព្រំដែន​ដាច់ស្រយាល ​ជាពិសេស​ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​ទទួលរង​ផលប៉ះពាល់​ពី​សង្គ្រាម​កន្លងមក​»​។​

​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​ដោយ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ ​សហការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ទទួល​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ជីប ​ម៉ុង ​ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​សប្បុរស​ធម៌​ប្រគល់​ជូន​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​ដើម្បី​ជួយ​ឱ្យ​កុមារ​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ​អាច​បន្ត​ការ​សិក្សា​ ​និង​អភិវឌ្ឍ​ខ្លួន​ជា​ធនធាន​មនុស្ស​សម្រាប់​ប្រទេសជាតិ​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​ប្រមូល​មូលនិធិ​ជួយ​ដល់​សាលារៀន​ ​និង​កុមារ​នៅ​តាម​ព្រំដែន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ការ​លើកកម្ពស់​ស្មារតី​ស្នេហាជាតិ ​សាមគ្គីភាព​ ​និង​ឯកភាព​ជាតិ​ តាមរយៈ​វិស័យ​កីឡា ​ព្រមទាំង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ និង​រួមគ្នា​គាំទ្រ​អនាគត​របស់​កុមារ​កម្ពុជា​។​

​សូម​ជម្រាប​ថា​ រហូតមកទល់​ពេលនេះ​នៅ​មាន​កុមារ​ប្រមាណ​ជាង​៦,០០០​នាក់​ បន្ត​ស្នាក់​នៅក្នុង​ជំរុំ​ភៀស​សឹក​ បន្ទាប់ពី​ភូមិក​រ ​និង​ផ្ទះ​សំបែង​របស់​ពួកគេ​ត្រូវបាន​យោធា​ថៃ​ចូលកាន់កាប់​ ​និង​បំផ្លិចបំផ្លាញ​ដោយ​ខុស​ច្បាប់​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា