សម្តេច ម៉ែន សំអន ជំរុញឱ្យសិស្សានុសិស្សខិតខំអាន និងការសរសេរ ឱ្យបានច្រើនជំនួសការមើលទូរស័ព្ទ ដើម្បីលើកកម្ពស់ចំណេះដឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ម៉ែន សំអន ជំរុញឱ្យសិស្សានុសិស្សខិតខំអាន និងការសរសេរ ឱ្យបានច្រើនជំនួសការមើលទូរស័ព្ទ ដើម្បីលើកកម្ពស់ចំណេះដឹង

សម្តេច ម៉ែន សំអន ជំរុញឱ្យសិស្សានុសិស្សខិតខំអាន និងការសរសេរ ឱ្យបានច្រើនជំនួសការមើលទូរស័ព្ទ ដើម្បីលើកកម្ពស់ចំណេះដឹង

ក្នុងឱកាស​ចូលរួម​ទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃពុធនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យសិស្សានុសិស្សត្រូវខិតខំអាន និងការសរសេរ ឱ្យបានច្រើនជំនួសការមើលទូរសព្ទ័ ដើម្បីលើកកម្ពស់ចំណេះដឹង។

Advertisement

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ទិវាជាតិអំណានលើកទី១១ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ការអាន និងការសរសេរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពជាពលរដ្ឋល្អ ដោយសិស្ស និងយុវជនរបស់យើងអាចយល់ដឹងអំពីបញ្ហាសង្គម គោរពទស្សនៈចម្រុះ និងចូលរួមប្រកបដោយស្ថាបនាក្នុងការអភិវឌ្ឍជាតិ។ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសហគមន៍ អន្តរជាតិ សិស្ស និងយុវជនរបស់យើងត្រូវតែត្រៀមខ្លួន ដើម្បីចូលរួមជាមួយពិភពលោកប្រកបដោយទំនុកចិត្ត ប៉ុន្តែយើងនៅតែរក្សាបាននូវមូលដ្ឋាននៃតម្លៃជាតិ និងបេតិកភណ្ឌវប្បធម៌របស់យើង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបំផុសឱ្យអាណាព្យាបាលត្រូវលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យអាននៅផ្ទះ គ្រូបង្រៀនដែលជំរុញការអាន និងការសរសេរក្នុងថ្នាក់រៀន និងសហគមន៍ដែលឱ្យតម្លៃដល់ចំណេះដឹង សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់អ្នកអាន និងអ្នកនិពន្ធជំនាន់ក្រោយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអាន និងការសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតក្នុងការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពីពិភពលោក។ ដើម្បីចូលរួមលើក​កម្ពស់​ការអាន និងសរសេរ ក្រសួងបានចាត់វិធានការ ពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សា នៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សាផ្តោតលើការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង ដោយពង្រីក ការអនុវត្តកញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស។

ក្រសួងអប់រំ ក៏បានដាក់បញ្ចូលកញ្ចប់អំណាន ថ្នាក់ដំបូងត្រូវបានដាក់បញ្ចូលទៅក្នុង កម្មវិធីបណ្តុះបណ្តាលគ្រូ ទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង ១២+៤ ដើម្បីធានាបាននូវនិរន្តរភាព រួមទាំងការអនុវត្តយន្តការប្រឹក្សាគរុកោសល្យ ដែលវិធានសំខាន់ៗ ក្នុងការលើកកម្ពស់អំណានរួមមាន៖ ១.វិធានការលើកកម្ពស់អក្ខរកម្ម, ២.ការពិនិត្យឡើងវិញវិធីសាស្ត្របង្រៀនអំណាន, ៣.ការពិនិត្យឡើងវិញគោលការណ៍បង្រៀន (ខ្ញុំធ្វើ យើងធ្វើ អ្នកធ្វើ) និង ៤.ការជំរុញសកម្មភាពអំណានក្នុងបណ្ណាល័យ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈលទ្ធផលវាយតម្លៃលទ្ធផលសិក្សារបស់សិស្សទាំងកម្រិតតំបន់ SEA-PLM ឆ្នាំ២០២៤ សិស្សកម្ពុជាទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយមានពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ (កើនឡើងពី ២៩០ ក្នុងឆ្នាំ២០១៩)។ អត្រាសិស្សដែលមានសមត្ថភាពអំណានខ្ពស់ (ពីកម្រិត៥ ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងការវាយតម្លៃ SEA-PLM ទាំង២លើក ពិន្ទុផ្នែកអំណាន របស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា