សម្តេចធិបតី​ផ្តល់អនុសាសន៍គន្លឹះ៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ឆ្លើយតបនឹងទីផ្សារការងារសម័យឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី​ផ្តល់អនុសាសន៍គន្លឹះ៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ឆ្លើយតបនឹងទីផ្សារការងារសម័យឌីជីថល

សម្តេចធិបតី​ផ្តល់អនុសាសន៍គន្លឹះ៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ឆ្លើយតបនឹងទីផ្សារការងារសម័យឌីជីថល

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅក្រុងបាត់ដំបង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់អនុសាសន៍គន្លឹះ​៥ចំណុច ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្លើយតបទីផ្សារការងារសម័យឌីជីថល។

អនុសាសន៍ណែនាំជាយុទ្ធសាស្ត្រទាំង ៥ ចំណុចនោះ រួមមាន៖

១. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមធ្យមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា តាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា ការកែលម្អវិធីសាស្ត្រ បង្រៀន និង ការធ្វើសុក្រឹតកម្មប្រព័ន្ធវាយតម្លៃ តាមរយៈ ការពង្រឹងប្រព័ន្ធធានាគុណភាព និង ទទួលស្គាល់គុណភាពអប់រំ ដែលអាចធានាបាននូវ ចំណេះដឹង, ជំនាញអនុវត្ត, ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការធ្វើការងារជាក្រុមពហុវិជ្ជាជីវៈ, ភាពច្នៃប្រឌិត, និង សមត្ថភាពបត់បែនតាមសភាពការណ៍ជាក់ស្តែង ។

២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តបញ្ចូលជំនាញឌីជីថល, បញ្ញាសិប្បនិម្មិត, វិភាគទិន្នន័យ, និង បច្ចេកវិទ្យាថ្មីៗ ទៅក្នុងកម្មវិធីសិក្សា ទៅតាមកម្រិតសមស្រប, ព្រមទាំង ត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀន និងសាស្ត្រាចារ្យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យប្រព័ន្ធអប់រំកម្ពុជា អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹង តម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថល, និង ការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និង សកល។

៣. ក្រសួងអប់រំ យុវជន និង កីឡា, និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើ ទំនើបកម្មការអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើមុខជំនាញដែលមានតម្រូវ ការខ្ពស់ និង ជំនាញសម្រាប់ឧស្សាហកម្មអនាគត, ដោយត្រូវពង្រឹង ការផ្សារភ្ជាប់ការរៀន និង ការអនុវត្ត និង ការរៀននៅកន្លែងការងារ ដើម្បីធានាថា អ្នកបញ្ចប់ការបណ្តុះបណ្តាល ដោយជោគជ័យ អាចចូលក្នុងទីផ្សារការងារដោយរលូន។

៤. ក្រសួងអប់រំ យុវជន និង កីឡា, និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវពង្រឹង ការប្រមូល និងវិភាគទិន្នន័យអំពីការងារ តម្រូវការតាមមុខជំនាញ ប្រាក់ឈ្នួល ផលិតភាព និង និន្នាការទីផ្សារការងារ ដើម្បីផ្តល់ជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ ការរៀបចំគោល នយោបាយស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់មុខជំនាញអាទិភាព និងផ្តល់ ព័ត៌មាន​ជាក់លាក់ដល់​យុវជនក្នុង​ការសម្រេចចិត្តជ្រើសរើសមុខជំនាញ និង អាជីព។

៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធនឹងវិស័យផលិតកម្ម និង សេវាកម្ម, និង វិស័យឯកជន ដើម្បីកំណត់តម្រូវការធនធានមនុស្សតាមវិស័យ ដើម្បីកសាងនូវបញ្ជី តម្រូវការធនធានមនុស្សនៅកម្ពុជា ទាំងរយៈពេល ខ្លី មធ្យម និង វែង ។ ទន្ទឹមនេះ, ត្រូវ រៀបចំយន្តការ ដែលសម្រួលឱ្យវិស័យឯកជនចូលរួមកាន់តែសកម្ម ក្នុងការកំណត់តម្រូវការជំនាញ ការរៀបចំកម្មវិធីសិក្សា ការផ្តល់កន្លែងកម្មសិក្សា ការបណ្តុះបណ្តាលជាក់ស្តែង និងការស្រាវជ្រាវអនុវត្ត ដើម្បីធានាថាការអប់រំបណ្តុះបណ្តាល ផ្សារភ្ជាប់ទៅនឹងសកម្មភាព ផលិតកម្ម និង អាជីវកម្មជាក់ស្តែង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា