សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកមិនទទួលបានលទ្ធផលល្អបន្តខិតខំប្រឹងប្រែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកមិនទទួលបានលទ្ធផលល្អបន្តខិតខំប្រឹងប្រែង

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តអ្នកមិនទទួលបានលទ្ធផលល្អបន្តខិតខំប្រឹងប្រែង

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ចាប់តាំងពីម៉ោង៧ព្រឹកមក ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជាផ្លូវការ នូវលទ្ធផល នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ២០២៦នេះ នៅតាម​មណ្ឌលសំណេរនានាទូទាំងប្រទេស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម បានបង្ហាញការអបអរសាទរយ៉ាងកក់ក្តៅចំពោះបេក្ខជនទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២​០២៥-២០២៦ ព្រមទាំងបានផ្តល់ការលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលបានលទ្ធផលគាប់ប្រសើរ កុំឱ្យបាក់ទឹកចិត្ត និងត្រូវបន្តការតស៊ូព្យាយាមទៅមុខទៀត។

តាមរយៈសារផ្ញើជូនក្មួយៗសិស្សានុសិស្ស សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សូមចូលរួមអបអរសាទរ ក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ នេះ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង»។

សូមជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦ មានបេក្ខជនប្រឡងជាប់សរុបចំនួន ១២៥,៩៧៥ នាក់ ត្រូវជា ៨៤,០៦ ភាគរយ នៃចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់។ ក្នុងនោះ បេក្ខជនដែលទទួលកបាននិទ្ទេស A មានចំនួន ២,០២២ នាក់, និទ្ទេស B ចំនួន ៨,៨៤៨ នាក់, និទ្ទេស C ចំនួន ២៣,៤២២ នាក់, និទ្ទេស D ចំនួន ៤៤,៨៦៩ នាក់ និង និទ្ទេស E ចំនួន ៤៦,៨១៤ នាក់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា