សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ​៖ ​ការ​វិនិយោគ​លើ​កុមារ​ថ្ងៃ​នេះ​ ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាព​រីកចម្រើន​របស់​កម្ពុជា​នា​ពេល​អនាគត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ​៖ ​ការ​វិនិយោគ​លើ​កុមារ​ថ្ងៃ​នេះ​ ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាព​រីកចម្រើន​របស់​កម្ពុជា​នា​ពេល​អនាគត​

សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ​៖ ​ការ​វិនិយោគ​លើ​កុមារ​ថ្ងៃ​នេះ​ ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាព​រីកចម្រើន​របស់​កម្ពុជា​នា​ពេល​អនាគត​

​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​វិនិយោគ​លើ​សុខុមាលភាព​ ​សុវត្ថិភាព​ ​និង​ការ​អភិវឌ្ឍ​កុមារ​នៅ​ថ្ងៃ​នេះ​ ​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រុងរឿង​នា​ពេល​អនាគត​។​

Advertisement

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍​បែប​នេះ​ ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​៧៧​ ​នៃ​ទិវា​កុមារ​អន្តរជាតិ​ ​១​ ​មិថុនា​ ​ក្រោម​ប្រធានបទ​ «​សន្តិភាព​ ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​គោរព​ និង​កិច្ច​គាំពារ​សិទ្ធិ​កុមារ​»​។​

​សម្ដេច​បាន​គូស​បញ្ជាក់​ថា​ ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​នេះ​ ​មាន​គោលបំណង​រំលឹក​ដល់​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កុមារ​កំពុង​ប្រឈមមុខ​។​

​បញ្ហា​ទាំងនោះ​រួមមាន​ ​ការ​បង្ការ​ ​ទប់ស្កាត់​ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ ពលកម្ម​កុមារ​ និង​សុវត្ថិភាព​កុមារ​នៅ​លើ​ប្រព័ន្ធ​អនឡាញ ​ព្រមទាំង​ការ​គាំទ្រ​កុមារ​រងគ្រោះ​ ​និង​កុមារ​ងាយ​រងគ្រោះ​ពី​ហានិភ័យ​ ការ​គំរាមកំហែង​ ការ​កេងប្រវ័ញ្ច ​និង​ការ​រំលោភបំពាន​គ្រប់​ទម្រង់​ ​ដើម្បី​ធានា​ឱ្យ​កុមារ​អាច​រស់​នៅ​ និង​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​សុខដុមរមនា​ក្រោម​ម្លប់​សន្តិភាព​។
​សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់​ថា​ ​កុមារ​គឺជា​ធនធាន​ដ៏​មាន​តម្លៃ​ ​និង​ជា​កម្លាំង​ស្នូល​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ​ជាក់ស្ដែង​ យុទ្ធសាស្ត្រ​បញ្ចកោណ ​ដំណាក់កាល​ទី​១​ ​របស់​រាជ​រដ្ឋាភិបាល​ ​បាន​កំណត់​យក​ «​មនុស្ស​» ​ជា​វិស័យ​អាទិភាព​ចម្បង​បំផុត​ក្នុង​ចំណោម​អាទិភាព​ទាំង​ប្រាំ​។​

​ការ​វិនិយោគ​លើ​សុខុមាលភាព​ ​សុវត្ថិភាព​ ​និង​ការ​អភិវឌ្ឍ​កុមារ​នៅ​ថ្ងៃ​នេះ​ ​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ​ដើម្បី​ជំរុញ​សន្ទុះ​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រុងរឿង​នា​ពេល​អនាគត​

​ជាមួយគ្នា​នេះ​ លោក​ឧកញ៉ា ​ប៉ិច ​បូឡែន ​សហ​ស្ថាបនិក ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​ការ​អភិវឌ្ឍ​មូលធន​កុមារ​នា​ពេល​បច្ចុប្បន្ន ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​នា​ពេល​អនាគត​ ​ហើយ​កិច្ចការ​នេះ​គឺជា​ទំនួលខុសត្រូវ​រួម​របស់​អ្នកអប់រំ ​អាណាព្យាបាល​ វិស័យ​ឯកជន ​រាជ​រដ្ឋាភិបាល​ និង​អង្គការ​-​សមាគម​ពាក់ព័ន្ធ​។​

​លោក​បាន​លើកឡើង​ថា​ ​«​កុមារ​ម្នាក់​នៅ​ថ្ងៃ​នេះ​ ​អាច​ក្លាយ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ដ៏​ពូកែ​ម្នាក់​ ​អ្នកវិទ្យាសាស្ត្រ​ដ៏​ចំណាន​ កវីនិពន្ធ​ដ៏​ល្បី ​សហគ្រិន​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ​ឬ​ជា​ថ្នាក់ដឹកនាំ​ដ៏​សំខាន់​ម្នាក់​របស់​ប្រទេស​នា​ពេល​អនាគត​»​។​

​ដោយឡែក​ ​អង្គការ​ ​UNICEF​ ​បាន​លើកឡើង​ក្នុង​សារ​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​ថា​ ​ក្នុង​រយៈពេល​ ​៧៤​ ​ឆ្នាំ​កន្លងមក​នេះ​ ​យូនី​សេហ្វ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កុមារ​ ក្រុមគ្រួសារ​ សហគមន៍​ និង​ដៃគូ​នានា​នៅ​កម្ពុជា​ ​ដើម្បី​ធានា​ថា​ ​កុមារ​ទទួល​បាន​ការ​គាំពារ ​សុវត្ថិភាព​ ​ការ​អប់រំ ​និង​ឱកាស​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បាន​ពេញលេញ​។​

​ទោះជា​យ៉ាងណា​ ​អង្គការ​នេះ​បាន​កត់សម្គាល់​ថា​ ​កុមារ​ជាច្រើន​នៅ​កម្ពុជា​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ ​និង​ការ​លំបាក​ជាច្រើន​ ​ដែល​ពួកគេ​មិន​គួរ​ត្រូវ​រែក​ពន់​តែ​ម្នាក់ឯង​នោះ​ទេ​។​

​យូនី​សេហ្វ​បាន​បញ្ជាក់​ថា​ ​ការ​រួបរួម​ និង​កិច្ចសហការ​ពី​គ្រប់​ភាគី ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​ផ្លាស់ប្តូរ​ជីវិត​ ​និង​អនាគត​របស់​កុមារ​កម្ពុជា​ ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា