សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់​សិស្សនិស្សិត ក៏​ដូចជាសាស្រ្តាចារ្យ ដោយកុំឱ្យពឹងផ្អែកទាំងស្រុងលើ AI ហើយថា ការ​ប្រើប្រាស់ AI គួរតែត្រូវ​មានព្រំដែន​ឱ្យ​ច្បាស់។

សម្តេចធិបតីមានប្រសាសន៍ថា ការប្រើប្រាស់ AI គួរត្រូវធ្វើឡើងជាទម្រង់ «ជំនួយការ» ដើម្បីជួយដល់ការគិតវិភាគ, ការស្រាវជ្រាវ ប៉ុន្តែមិនត្រូវពឹងផ្អែកលើ AI រហូតបាត់បង់ភាពម្ចាស់ការ ឬឱ្យ AI ក្លាយជាមេដឹកមុខនោះទេ ដោយសារ AI អាចបង្កើតភាពមិនច្បាស់លាស់រវាងភាពពិត និងភាពប្រឌិត។ សម្តេចបន្តថា ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវតែឈរលើក្រមសីលធម៌ គុណធម៌ ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស ព្រោះម៉ាស៊ីនមិនអាចជំនួសអារម្មណ៍ មនោសញ្ចេតនា និងការវិនិច្ឆ័យតាមកាលៈទេសៈរបស់មនុស្សបានឡើយ។

ខណៈវិស័យបច្ចេកវិទ្យា, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវ​បាន​ចាត់ទុកថា គឺជាឧបករណ៍ដ៏មានសក្តានុពល ប៉ុន្តែសម្ដេចធិបតីបានគូសរំលេចថា “AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើ AI នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើ”។

យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យនិស្សិតត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយទទួលខុសត្រូវ រក្សាសុចរិតភាព កិត្តិយសវិជ្ជាជីវៈ មានវិន័យ ស្រលាញ់ជាតិ គោរពប្រវត្តិសាស្ត្រ និងធ្វើខ្លួនជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។

លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ​អ្នកជំនាញ​ទស្សនវិជ្ជា​ ​និង​កិច្ចការ​សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រចំពោះប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសយុវជន សិស្ស និស្សិតកុំឱ្យពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់ AI នៅក្នុងការសិក្សា និងស្រាវជ្រាវ។ លោកបណ្ឌិតមានប្រសាសន៍ថា អ្នកដែលប្រើប្រាស់ AI បានល្អ ច្រើនតែជាបុគ្គលដែលមានចំណេះដឹងស្រាប់ ហើយប្រើប្រាស់ AI ជាជំនួយក្នុងការសរសេរ រៀបចំអត្ថបទ ឆ្លើយតបសារ ឬការរចនាជាដើម។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមួយចំនួនពឹងផ្អែកតែលើ AI ទាំងស្រុង នោះខួរក្បាលមនុស្សលែងដំណើរការ ដោយសារមិនបានគិតពិចារណា មានន័យថា យើងបានសម្លាប់ស្មារតី និងការគិតពិចារណារបស់ខ្លួនឯង។

លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ​អ្នកជំនាញ​ទស្សនវិជ្ជា​ ​និង​កិច្ចការ​សង្គម

អ្នកវិភាគសង្គម ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ AI ក្នុងផ្នែកណាមួយដែលគួរប្រើប៉ុណ្ណោះ ប៉ុន្តែមិនមែនប្រើ AI មកជំនួសកិច្ចការមនុស្សទាំងអស់នោះទេ។ លោកថា AI គ្រាន់តែជាឧបករណ៍មួយ ជាផ្នែកមួយនៃប្រព័ន្ធព័ត៌មានបែបទំនើប ពេលខ្លះយើងមិនដឹងថា AI ឆ្លើយត្រូវ ឬខុស ហើយយកទៅប្រើអាចនាំឱ្យមានបញ្ហា បើឱ្យ AI អានអាចខុសសូរ សរសេរខុសន័យ ដែលនាំឱ្យមានបញ្ហាច្រើនផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា