ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានអំពាវនាវ​ដល់គ្រប់គ្រួសារនៅតាម​សហគមន៍​នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ និង​ទំនៀម​ទម្លាប់ល្អរបស់ខ្មែរ ជាពិសេស​ត្រូវ​អប់រំកូនចៅ និង​ក្មេង​ជំនាន់ក្រោយ​ឱ្យ​ចេះគោរព​ដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។

សម្តេចធិបតីលើកឡើងថា ការ​ប្រតិបត្តិក្នុងសង្គមខ្មែរ ប្រជាជន​មិន​ត្រឹមតែមានទម្លាប់គោរពចាស់ព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើ​ឱ្យការគោរព និង​ការ​ដឹងគុណមនុស្ស​ចាស់នេះ​ក្លាយទៅជាគោល នៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និង​ជាប្រពៃណីដ៏ល្អសម្រាប់​មនុស្ស​ជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួន​ទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានរបស់ចាស់ទុំ គឺជា​ផ្នែក​មួយ​ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។

ទិវាមនុស្សចាស់ឆ្នាំនេះ ត្រូវបានប្រារព្ធក្រោម​ប្រធានបទ «ក្មេងមាន​កម្លាំង និង​ស្គាល់ផ្លូវ ឯចាស់មានបទពិសោធ», រាជរដ្ឋាភិបាលបានចាត់ទុកទិវាមួយនេះ ជាទិវាមួយសម្រាប់រម្លឹកគុណ​ដល់មនុស្សវ័យចាស់​នៅព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​មនុស្ស​ចាស់​នៅទូទាំងពិភពលោក និង​លើក​កម្ពស់​មនសិការទទួល​ខុសត្រូវ​របស់យើងទាំងអស់គ្នា​ក្នុងការ​ចូលរួម​កសាង​សង្គមជាតិមួយ​ឱ្យ​រីកចម្រើន​រួមគ្នា។

សម្តេចរដ្ឋមន្រ្តីមានប្រសាសន៍ថា ជារួមប្រវត្តិសាស្រ្ត និងបទពិសោធនៃសង្គមនីមួយៗបានបង្ហាញ​ឱ្យ​ឃើញថា​ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម៌ នៃប្រជាជាតិមួយ​អាច​ប្រព្រឹត្តទៅបានប្រកប​ដោយ​ចីរភាព និង​សមធម៌ ទាមទារ​ឱ្យមានការ​អភិវឌ្ឍផ្នែកអប់រំសីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។ ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយ​ដែលមាន​សុជីវធម៌ គុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។

សម្រាប់ព្រះរាជាណាចក្រ​កម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌​សម្បូណ៍បែប និងសមិទ្ធផល​ទាំងឡាយ​ដែល​ត្រូវ​បាន​រក្សា​គង់វង្សរហូត​មក​ដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំទូន្មានប្រៀនប្រដៅ​ប្រកប​ដោយ​គតិបណ្ឌិត នៃបុព្វបុរស និង​ចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជា​ក្សត្រ ប្រជាជន មន្រ្តីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នក​អក្សរសាស្រ្ត ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិប្បករ អ្នកច្បាប់ និង​អ្នកវិទ្យាសាស្រ្តជាដើម។

យ៉ាងណា ដើម្បី​ឱ្យ​សង្គមជាតិ​មានការអភិវឌ្ឍ មាននិរន្តរភាព មានសុខដុមរមនា និង​មានសន្តិភាព ទាមទារ​ឱ្យ​មានសារមគ្គីភាព សហការ​គ្នា​រវាងកម្លាំង និង​គំនិតច្នៃប្រឌិត​របស់យុវជន គួបផ្សំ​ជាមួយកេរដំណែលដ៏ល្អផូរផង់ ដំបូន្មាន​និងបទពិសោធ​ល្អរបស់មនុស្សចាស់ ជាពិសេស​ការ​គោរព​ដឹងគុណជានិច្ច​ចំពោះ​មនុស្សចាស់ ដែលជាការ​ប្តេជ្ញាចិត្ត និង​ឆន្ទៈមោះមុត​របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើក​កម្ពស់​សុខុមាលភាព​របស់មនុស្សវ័យចាស់​នៅព្រះរាជាណាចក្រ​កម្ពុជា និង​នៅទូទាំង​ពិភពលោក ក្នុងការពង្រឹង​ប្រព័ន្ធគាំពារ និងថែទាំសុខុមាលភាពមនុស្សគ្រប់វ័យ។

ដើម្បីឱ្យ​ក្មេងមាន​កម្លាំង និង​ស្គាល់ផ្លូវ រាជរដ្ឋាភិបាលទាំងអាណត្តិមុនៗ ក៏​ដូចជា​អាណត្តិទី៧នេះ បាន​យកចិត្តទុកដាក់ខ្ពស់លើ​ការពង្រឹងគុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដល់យុវជនមក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងគ្រោះ និង​គោល​នយោបាយជាតិនានា​ពាក់ព័ន្ធនឹងវិស័យអប់រំ និង​វិស័យការងារផងដែរ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា​ ពាក់ព័ន្ធនឹងគោលនយោបាយជាតិ​ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ក៏​បានរំលេចឡើង​អំពីការ​ត្រៀម​ខ្លួន​របស់​ប្រជាជនវ័យក្មេង ដើម្បី​ឈានចូលវ័យចាស់ ដែលជា​ការបង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ខ្ពស់​របស់រាជរដ្ឋាភិបាល ក្នុងការ​វិនិយោគលើ​យុវជន​វ័យក្មេង ដែល​មានន័យថា ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះ សម្រាប់​មនុស្សវ័យចាស់ប្រកប​ដោយផលិតភាព​នៅថ្ងៃអនាគត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា