សម្តេចធិបតីជំរុញឱ្យមានបង្គន់អនាម័យនៅតាមសាលារៀន វត្ត និងទីសាធារណៈនៅជនបទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីជំរុញឱ្យមានបង្គន់អនាម័យនៅតាមសាលារៀន វត្ត និងទីសាធារណៈនៅជនបទ

សម្តេចធិបតីជំរុញឱ្យមានបង្គន់អនាម័យនៅតាមសាលារៀន វត្ត និងទីសាធារណៈនៅជនបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលឃុំ សង្កាត់ ត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញ ដើម្បីជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈនៅជនបទ មានបន្ទប់ទឹកអនាម័យ កន្លែងលាងដៃ និងការថែរក្សាអនាម័យជាប់ជាប្រចាំ។

ការណែនាំនេះ ធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៧ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតី បានផ្តល់អនុសាសន៍នេះដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលឃុំ និងសង្កាត់ ដាក់បញ្ចូលគម្រោងនេះនៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាលជំរុញដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋានប្រមាណ៩៥ភាគរយហើយ ខណៈរាជធានី និងខេត្តទាំង២៥ សម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)។ ប៉ុន្តែការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) គឺមានតែ៣នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងប៉ុណ្ណោះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់គោលដៅជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់១០០ភាគរយ នៅឆ្នាំ២០៣០។

ការលើកកម្ពស់អនាម័យ និងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ មានសារៈសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ ព្រោះអាចជួយកាត់បន្ថយជំងឺអាសន្នរោគ ជំងឺរាករូស ជំងឺពោះវៀន និងជំងឺឆ្លងផ្សេងៗ។ ជាពិសេស ជួយកាត់បន្ថយបញ្ហាក្រិសក្រិន និងស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ។

យោងតាមលទ្ធផលជំរឿនឆ្នាំ២០២៤ កម្ពុជាមានប្រជាជនសរុបចំនួនជិត ១៧លាន ៣សែននាក់ ក្នុងនោះជាង ៧លាននាក់រស់នៅទីប្រជុំជន ហើយជាង ១០លាននាក់រស់នៅទីជនបទ៕

អត្ថបទ ៖ សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា