សាលារៀនទូទាំងរាជធានីភ្នំពេញសម្រេចបន្តរៀនផ្ទាល់ មិនប្ដូរទៅអនឡាញ ទោះមានវិបត្តិសាំងឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀនទូទាំងរាជធានីភ្នំពេញសម្រេចបន្តរៀនផ្ទាល់ មិនប្ដូរទៅអនឡាញ ទោះមានវិបត្តិសាំងឡើងថ្លៃ

សាលារៀនទូទាំងរាជធានីភ្នំពេញសម្រេចបន្តរៀនផ្ទាល់ មិនប្ដូរទៅអនឡាញ ទោះមានវិបត្តិសាំងឡើងថ្លៃ

គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈកើនឡើងក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

Advertisement

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់ AMS ថា កត្តាសំខាន់ចំនួន៤ បានជំរុញឱ្យសាលារៀនទាំងអស់សម្រេចបន្តការសិក្សាផ្ទាល់ក្នុងថ្នាក់រៀន។

លោកបញ្ជាក់ថា គ្រូបង្រៀន និងសិស្សប្រមាណ ៨៩ភាគរយ មានទីលំនៅនៅក្បែរសាលា ដោយមានចម្ងាយតិចជាង ៣គីឡូម៉ែត្រ ខណៈសិស្សមួយចំនួនត្រូវបានអាណាព្យាបាលជូនទៅមក។ ក្នុងនោះ គ្រូបង្រៀនប្រមាណ ៩៩ភាគរយ និងសិស្សប្រមាណ ៩៥ភាគរយ ធ្វើដំណើរដោយម៉ូតូ។

លោកបន្តថា សិស្សមួយចំនួនទៀត ប្រើប្រាស់សេវាឡានក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំណែកសាលារៀននៅតំបន់ជាយក្រុងមួយចំនួន នៅតែប្រឈមបញ្ហាសេវាអ៊ីនធឺណិតខ្សោយ ហើយសិស្សខ្លះមិនមានស្មាតហ្វូនគ្រប់គ្រាន់សម្រាប់ការរៀនអនឡាញ។

លោកសង្កត់ធ្ងន់ថា អាណាព្យាបាលមួយចំនួនក៏មានការព្រួយបារម្ភផងដែរថា ការរៀនពីចម្ងាយតាមប្រព័ន្ធឌីជីថល អាចប៉ះពាល់ដល់គុណភាពសិក្សា បើធៀបនឹងការរៀនផ្ទាល់ក្នុងថ្នាក់។

លោកថ្លែងថា «ការបង្រៀនតាមអនឡាញ និងការរៀនជួបគ្រូផ្ទាល់ក្នុងថ្នាក់ មានគុណភាពខុសគ្នាច្រើន។ ជាក់ស្តែង កាលពីអំឡុងពេលកូវីដ-១៩ យើងធ្លាប់អនុវត្តការរៀនអនឡាញរួចមកហើយ ប៉ុន្តែលទ្ធផលមិនល្អដូចការរៀនក្នុងថ្នាក់ទេ។ ម្យ៉ាងទៀត សិស្សខ្លះមិនមានទូរស័ព្ទគ្រប់គ្រាន់ ហើយបញ្ហាសេវាអ៊ីនធឺណិតក៏នៅមានកម្រិត»។

ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសាទរចំពោះការសម្រេចបន្តការបង្រៀន និងរៀនផ្ទាល់ក្នុងថ្នាក់នេះ ដើម្បីរក្សាគុណភាពអប់រំ។

សូមជម្រាបថា ការសម្រេចឱ្យសិស្សបន្តសិក្សាក្នុងថ្នាក់រៀនជាធម្មតានេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានស្នើឱ្យគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ប្រជុំ និងវាយតម្លៃលទ្ធភាពអនុវត្តការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធឌីជីថល អាស្រ័យលើស្ថានភាពជាក់ស្តែង និងធនធានដែលមាននៅតាមមូលដ្ឋាន ស្របពេលតម្លៃប្រេងឥន្ធនៈកើនឡើង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា