សាលារៀនទូទាំងប្រទេសផ្តើមរៀបចំសង្រ្កាន្តឆ្នាំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀនទូទាំងប្រទេសផ្តើមរៀបចំសង្រ្កាន្តឆ្នាំថ្មី

សាលារៀនទូទាំងប្រទេសផ្តើមរៀបចំសង្រ្កាន្តឆ្នាំថ្មី

សាលារៀននានាទូទាំងប្រទេស ទាំងសាលារដ្ឋ និងឯកជន បានចាប់ផ្តើមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលសាលារៀនមួយចំនួនក៏បានចាប់ផ្តើមវិស្សមកាលតូចជាបន្តបន្ទាប់។

Advertisement

លោក នុត ងួនលី នាយកវិទ្យាល័យជាស៊ីមបឹងកេងកង បានប្រាប់ AMS ថា សាលាបានរៀបចំកម្មវិធីសង្រ្កាន្តដោយមានពិធីសូត្រមន្ត និងរាប់បាត ប៉ុន្តែមិនមានការរាំរែកជាមួយធុងបាសនោះទេ។ ជំនួសវិញ សិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីថែរក្សាប្រពៃណីវប្បធម៌ជាតិ។

ឆ្នាំនេះ សាលាគោរពតាមការណែនាំរបស់ក្រសួងអប់រំ ដោយមិនមានការដាក់ធុងបាស ឬរាំរែកឡើយ។ សិស្សនាំគ្នាលេងល្បែងប្រជាប្រិយតាមថ្នាក់រៀងៗខ្លួន និងចូលរួមសង្រ្កាន្តយ៉ាងសប្បាយរីករាយ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ

ដូចគ្នានេះដែរ លោក វ៉ាន់ ពុទ្ធី នាយករងសាលាបឋមសិក្សាច្បារអំពៅ១ បានឱ្យដឹងថា សាលាបានរៀបចំពិធីសូត្រមន្ត និងកម្មវិធីលេងល្បែងប្រជាប្រិយខ្លះៗ មុនពេលចាប់ផ្តើមវិស្សមកាលតូច ដើម្បីឱ្យសិស្សតូចៗបានស្គាល់ និងស្វែងយល់ពីល្បែងប្រពៃណីខ្មែរ។

លោកបន្តថា វិស្សមកាលតូចសម្រាប់សិស្សានុសិស្សនៅឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១៩ ខែមេសា ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសម្រាកពីការសិក្សា និងចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។

ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យរៀបចំកម្មវិធីលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ដើម្បីរួមចំណែកអភិរក្ស និងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ។

ល្បែងប្រជាប្រិយដែលត្រូវបានលើកទឹកចិត្តឱ្យលេងរួមមាន ល្បែងស្តេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង និងលោតបាវជាដើម។ ខណៈរបាំប្រជាប្រិយខ្មែរដែលអាចរាំបានរួមមាន របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស និងកន្ទឺម។

ទន្ទឹមនឹងនេះ ក្រសួងក៏បានហាមឃាត់សកម្មភាពមួយចំនួន ដូចជា ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀងដែលមានកាយវិការមិនសមរម្យ ការបៀតបៀន ការស្លៀកពាក់មិនសមរម្យ ការផឹកគ្រឿងស្រវឹង ការប្រើប្រាស់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ។

គួរជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ខាងមុខនេះ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា