មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ ​ជំរុញ​យុវជន​បន្ត​ទម្លាប់​នៃ​ការ​អាន ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ ​ជុំវិញ​ពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ ​ជំរុញ​យុវជន​បន្ត​ទម្លាប់​នៃ​ការ​អាន ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ ​ជុំវិញ​ពិភពលោក​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ ​ជំរុញ​យុវជន​បន្ត​ទម្លាប់​នៃ​ការ​អាន ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ ​ជុំវិញ​ពិភពលោក​

ក្នុង​ពិធី​បិទ​កម្មវិធី​ប្រកួតប្រជែង​អំណាន​ភាសា​អង់គ្លេស ​និង​អំណាន​ល្បី ​(​X​-​Reading and ​Great ​Book ​Program ​Competition​)​ ​កាលពី​ដើម​សប្តាហ៍​នេះ​ ​ឯកឧត្តម​បណ្ឌិត​ អ៊ុម​ រម្យណី ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​ជំរុញ​ឱ្យ​យុវជន​ជា​សិស្សា​នុសិស្ស​ទាំងអស់​បន្ត​ទម្លាប់​នៃ​ការ​អាន ដើម្បី​សិក្សា​ស្វែងយល់​ចំណេះដឹង​ថ្មី​ៗ​នៃ​ពិភពលោក​ ​និង​ធ្វើជា​គំរូ​ល្អ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ ​ក៏​បាន​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ក្លាហាន ​និង​សមត្ថភាព​របស់​សិស្សានុសិស្ស​ដែល​ចូលរួម​កម្មវិធី​ប្រកួត​ ​ក្នុង​ការ​អាន វិភាគ ​និង​បកស្រាយ​រឿង​និទាន​ជា​ភាសា​ខ្មែរ ​និង​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ​។ ​ឯក​ឧត្តម​បណ្ឌិត​ អ៊ុម​ រម្យណី ​លើកឡើង​ថា​ ​ព្រឹត្តិការណ៍​នេះ​ ​មិន​ត្រឹមតែ​ជា​ការ​ប្រកួតប្រជែង​ឈ្នះ​ចាញ់​មួយ​ថ្ងៃ​នោះ​ទេ​ ​ប៉ុន្តែ​ជា​រង្វាន់​នៃ​ការ​បណ្ដុះ​ទម្លាប់​អាន ​និង​ទំនុកចិត្ត​ពេញ​មួយ​ជីវិត ​តាមរយៈ​ការ​ប្រើប្រាស់​ជំនាញ​សតវត្សរ៍​ទី​២១ ​រួម​មាន​ ​ការ​វិភាគ​ស៊ីជម្រៅ​ ​(​Critical ​Thinking​)​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​និង​ភាព​ច្នៃប្រឌិត​។​

​”​អ្វី​ដែល​សំខាន់​ ​គឺ​ក្មួយ​ៗ​បាន​ឈ្នះ​ចិត្ត​ខ្លួនឯង​ ​និង​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​”​

​ឯក​ឧត្តម​បណ្ឌិត​ អ៊ុម​ រម្យ​ណី ​បញ្ជាក់​ថា​ ​កម្មវិធី​អំណាន​ត្រូវ​បាន​កំណត់​ជា​យន្តការ​គន្លឹះ​ក្នុង​ទិសដៅ​កំណែទម្រង់​ការ​សិក្សា​អប់រំ ​ដោយ​ភ្ជាប់​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស ​និង​វប្បធម៌​នៃ​ការ​អាន ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​បង្រៀន​បែបវិភាគ​ស៊ី​ជម្រៅ​ ​ស្រប​តាម​លំនាំ​នៃ​ការ​វាយតម្លៃ​ស្ដង់ដា​អន្តរជាតិ​ PISA​។​ បទពិសោធ ​និង​គំរូ​ជោគជ័យ​ពី​សាលា​រៀន​ជំនាន់​ថ្មី​ទាំង​១២ ​នឹង​ត្រូវ​ដកស្រង់​ដើម្បី​ពង្រីក​វិសាលភាព​ទៅកាន់​សាលារៀន​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​សំដៅ​លើកកម្ពស់​គុណភាព​អប់រំ​ជាតិ​ទាំងមូល​។

​កម្មវិធី​ប្រកួតប្រជែង​អំណាន​ភាសា​អង់គ្លេស ​និង​អំណាន​ល្បី ​(​X​-​Reading and ​Great ​Book​ ​Program ​Competition​)​ ​រៀបចំ​ឡើង​ដោយ​អង្គការ​ KAP​E សហការ​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្នុង​គោលបំណង​បណ្តុះ​ទម្លាប់​នៃ​ការ​អាន ​ជំរុញ​ការ​គិត​ពិចារណា​ឱ្យ​បាន​ស៊ី​ជម្រៅ​ ​និង​បើក​ឱកាស​ឱ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព​ ​បង្ហាញ​ទស្សនៈ ​ក៏​ដូចជា​ផ្លាស់ប្តូរ​ចំណេះដឹង​ល្អ​ៗ​ចេញ​ពី​សៀវភៅ​ល្បី​ៗ​។

​គួរ​ជំរាប​ជូន​ថា​ ការ​ប្រកួតប្រជែង​អំណាន​ភាសា​អង់គ្លេស ​និង​អំណាន​ល្បី​ៗ​ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ ហ៊ុន សែន​ ​កំពង់ចាម​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១,​ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិសាល ​ជា​ស៊ីម ​ព្រែក​អញ្ចាញ​ ​ទទួល​បាន​ជ័យលាភី​លេខ​២​,​ ​សិស្សា​នុសិស្ស​នៃ​វិទ្យាល័យ​ព្រះអង្គ​ឌួង​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​ទទួល​បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​ ​៣ ​និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​គោក​ព្រីង ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា