Sensory​ ​Play​ ​វិធីសាស្ត្រ​លេង​បែប​បំផុស​វិញ្ញាណ ​ជួយ​ឱ្យ​កូន​ៗ​ឆ្លាតវៃ​ និង​មាន​ការ​លូតលាស់​ល្អ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sensory​ ​Play​ ​វិធីសាស្ត្រ​លេង​បែប​បំផុស​វិញ្ញាណ ​ជួយ​ឱ្យ​កូន​ៗ​ឆ្លាតវៃ​ និង​មាន​ការ​លូតលាស់​ល្អ​

Sensory​ ​Play​ ​វិធីសាស្ត្រ​លេង​បែប​បំផុស​វិញ្ញាណ ​ជួយ​ឱ្យ​កូន​ៗ​ឆ្លាតវៃ​ និង​មាន​ការ​លូតលាស់​ល្អ​

​នៅក្នុង​យុគសម័យ​ឌីជីថល ​ការ​ឱ្យ​កូន​ៗ​លេង​ទូរសព្ទ​ ​ឬ​មើល​ទូរទស្សន៍​ច្រើន​ពេក ​អាច​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុង​ការ​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​។​ ក្នុង​នាម​ជា​មាតាបិតា​ ​លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពាក្យ​ថា​ ​«​Sensory​ ​Play​» ​(​ការ​លេង​តាមរយៈ​ការ​ប្រើប្រាស់​វិញ្ញាណ​) ​ប៉ុន្តែ​តើ​វា​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះ​ចំពោះ​កុមារ​ ​ហើយ​យើង​អាច​រៀបចំ​ការ​លេង​នេះ​ដោយ​របៀប​ណា​?​

Advertisement

​តើ​ការ​លេង​បែប​បំផុស​វិញ្ញាណ​ ​(​Sensory​ ​Play​) ​ជា​អ្វី​?​

​Sensory​ ​Play​ ​គឺជា​ការ​លេង​ទាំងឡាយ​ណា​ដែល​ជំរុញ​ឱ្យ​កុមារ​ប្រើប្រាស់​វិញ្ញាណ​របស់​ពួកគេ​ ​រួមមាន​ ​៖ ​ការ​មើលឃើញ​ ការ​ហិត​ក្លិន ​ការ​ស្តាប់​ រសជាតិ​ ​និង​ការ​ប៉ះពាល់​។​

​ចាប់តាំងពី​ថ្ងៃ​កំណើត​មក​ ក្មេង​ៗ​ត្រូវ​រុករក​ពិភពលោក​តាមរយៈ​វិញ្ញាណ​ទាំង​នេះ​។ ​នោះ​ហើយ​ជា​មូលហេតុ​ដែល​ក្មេង​តូច​ៗ​ចូលចិត្ត​ចាប់​កាន់​របស់​គ្រប់​យ៉ាង​ ​ដាក់​របស់​ចូល​មាត់​ ឡូឡា​ធ្វើ​សំឡេង​ប្លែក​ៗ​ ​ឬ​សូម្បីតែ​ការ​បង្វិល​ខ្លួន​ចុះ​ឡើង​រហូតដល់​វិលមុខ​។ ​សកម្មភាព​ទាំងនេះ​មិន​មែន​ជា​ការ​លេង​ឥត​ប្រយោជន៍​ឡើយ​ ​ប៉ុន្តែ​វា​ជា​ដំណើរការ​នៃ​ការ​រៀនសូត្រ​ ​និង​បង្កើត​កោសិកា​ខួរក្បាល​របស់​ពួកគេ​។​

​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​ការ​អភិវឌ្ឍ​របស់​កុមារ​

​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​ការ​លេង​បែប​បំផុស​វិញ្ញាណ​ផ្តល់​ផល​ចំណេញ​យ៉ាង​ច្រើន​ដល់​កុមារ​គ្រប់​រូប​ (​រួមទាំង​កុមារ​ដែល​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ ​ឬ​អូទីហ្សឹម​ផងដែរ​) ​តាមរយៈ​៖​

​ជំរុញ​ការ​គិត​ដោយ​ឯករាជ្យ​ ​៖ ​ជួយ​ឱ្យ​ក្មេង​ចេះ​សង្កេត ​និង​យល់​ពី​ហេតុ​និង​ផល ​(​ឧទាហរណ៍​៖ ​ចាក់​ទឹក​ចូល​ខ្សាច់​ ​ធ្វើឱ្យ​ខ្សាច់​ស្អិត​)​។​

​ពង្រឹង​ជំនាញ​ចលនា​តូច​ ​៖ ​ការ​ចាប់​ ក្ដាប់ ​ចាក់​ ​ឬ​ច្របាច់​ ​ជួយ​ឱ្យ​សាច់ដុំ​ដៃ​របស់​កូន​រឹងមាំ ​ដែល​ជា​គ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការ​កាន់​ប៊ិច​សរសេរ​អក្សរ​នៅ​ថ្ងៃ​អនាគត​។​

​អភិវឌ្ឍ​ផ្នែក​ភាសា ​៖ ​នៅពេល​ពួកគេ​ប៉ះ​របស់​ប្លែក​ៗ​ ​ពួកគេ​នឹង​រៀន​ប្រើ​ពាក្យ​សម្តី​ដើម្បី​ពិពណ៌នា​ពី​របស់​ទាំងនោះ​។​

​ជួយ​ឱ្យ​អារម្មណ៍​ស្ងប់​ ​៖ ​ការ​លេង​ទឹក​ ​ឬ​ការ​លេង​បែប​សម្រាក​កាយ ​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ និង​ការ​មួរម៉ៅ​របស់​កុមារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​វិធីសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​អនុវត្ត​ «​Sensory​ ​Play​»

​លោក​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ទិញ​របស់​លេង​ថ្លៃ​ៗ​នោះ​ទេ​ ​ព្រោះ​នៅក្នុង​ផ្ទះ​ ​និង​បរិស្ថាន​ជុំវិញ​ខ្លួន​យើង​សុទ្ធសឹងតែ​ជា​ប្រភព​នៃ​ការ​លេង​បែប​វិញ្ញាណ​ដ៏​សម្បូរបែប​៖​

​១.​ ការ​ប្រើប្រាស់​សម្ភារ​ក្នុង​ផ្ទះបាយ ​(​កាយវិញ្ញាណ​ ​និង​ចក្ខុវិញ្ញាណ​) ​៖ ​ជំនួស​ឱ្យ​ការ​លេង​ដី​ឡូ ​(​Play​-​Doh​) ​ថ្លៃ​ៗ​ លោក​អ្នក​អាច​យក​ ​អង្ករ​ ​គ្រាប់​សណ្តែក​ខៀវ ​សណ្តែក​ដី​ ​ឬ​ម្សៅ​មី ​ដាក់​ក្នុង​ចាន​ដែក​ធំ​មួយ​ ​រួច​ឱ្យ​កូន​ៗ​សាកល្បង​លូក​ដៃ​ ​ច្របាច់​ ​ចាក់​ពី​ចាន​មួយ​ទៅ​ចាន​មួយ​ ​ឬ​លាក់​រូប​តុក្កតា​តូច​ៗ​ក្នុង​ដុំ​អង្ករ​នោះ​ ​ដើម្បីឱ្យ​ពួកគេ​រាវ​រក​។​

​២.​ ​ស្វែងយល់​ពី​ធម្មជាតិ​ជុំវិញ​ផ្ទះ​ (​ឃានវិញ្ញាណ​ ​និង​សោតវិញ្ញាណ​) ​៖ ​នាំ​កូន​ដើរលេង​នៅក្នុង​ភូមិ ​ឬ​សួនច្បារ​ក្បែរ​ផ្ទះ​។ ​ឱ្យ​ពួកគេ​ហិត​ក្លិន​ ​ស្លឹក​ក្រូច​សើច​ ក្លិន​ផ្កា​ម្លិះ ​ឬ​ក្លិន​ដី​ក្រោយពេល​ភ្លៀង​ធ្លាក់​។​ បបួល​កូន​ស្តាប់​សំឡេង​ប្លែក​ៗ​ដូចជា​ ​សំឡេង​សត្វ​ចាប​យំ ​សំឡេង​មាន់​រងាវ ​ឬ​សំឡេង​ខ្យល់​បក់​កាត់​ស្លឹក​ដូង​ជាដើម​។​

​៣.​ ​បង្កើន​វា​ក្យ​សព្ទ​តាមរយៈ​រសជាតិ​អាហារ​ (​ជីវ្ហាវិញ្ញាណ​) ​៖ ​នៅក្នុង​ពេល​ទទួលទាន​អាហារ​ប្រចាំ​ថ្ងៃ​ ​ឬ​ផ្លែ​ឈើ​ ​ជំនួស​ឱ្យ​ការ​ញ៉ាំ​ធម្មតា ​ចូរ​លើកទឹកចិត្ត​ឱ្យ​កូន​រៀបរាប់​ពី​រសជាតិ​។​

​៤.​ ​ប្រើប្រាស់​ទឹក​ដើម្បី​បង្កើត​ភាព​ស្ងប់ចិត្ត​ ​៖​ ​ប្រសិនបើ​កូន​ៗ​មាន​អារម្មណ៍​មួរម៉ៅ​ ​ឬ​រក​រឿង​ ក្រោយពេល​ត្រឡប់​មកពី​សាលារៀន​ ​ឬ​លេង​ហត់ ​ការ​ឱ្យ​ពួកគេ​ងូតទឹក​ ​ឬ​លេង​ជះ​ទឹក​តិចតួច​ ​(​ក្រោម​ការ​ត្រួតពិនិត្យ​) ​អាច​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​របស់​ពួកគេ​ធូរស្រាល​ ​និង​មាន​អារម្មណ៍​ល្អ​ឡើងវិញ​យ៉ាង​លឿន​។​

​សារ​ដាស់តឿន​សម្រាប់​អាណាព្យាបាល​ ​៖ ​ការ​លេង​បែប​បំផុស​វិញ្ញាណ ​អាចនឹង​ធ្វើឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លះ​នៅក្នុង​ផ្ទះ​ ​(​ដូចជា​កំពប់​អង្ករ ​ឬ​ប្រឡាក់​ដីខ្សាច់​) ​ប៉ុន្តែ​ភាព​រញ៉េរញ៉ៃ​ទាំងនេះ​ ​គឺជា​សញ្ញា​នៃ​ការ​រីកចម្រើន​ផ្នែក​បញ្ញា​ស្មារតី​របស់​កូន​ៗ​។ ​ចូរ​ផ្តល់​ឱកាស​ និង​កន្លែង​សុវត្ថិភាព​មួយ​ឱ្យ​ពួកគេ​បាន​ស្វែងយល់​ ​និង​លូតលាស់​ដោយ​ក្តីរីករាយ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា