សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត

សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត

សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)
បានចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី ២០២៦ (Singapore Math Challenge 2026) នៅសាលបូកគោ នៃសាលាខេត្តកំពត ក្រោម​ការរៀបចំដោយ ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី និងរដ្ឋបាលខេត្តកំពត ក្នុងការផ្តល់ឱកាសដល់សិស្សានុសិស្សតំបន់ឆ្នេរ បានសាកល្បងសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា និងទទួលបានបទពិសោធពីការប្រកួតប្រជែងថ្នាក់អន្តរជាតិ។

លោក រិទ្ធិ ឆូរ៉ាន តំណាង ស.ស.យ.ក រាជធានីភ្នំពេញ មានប្រសាសន៍ថា កន្លងមក​គេធ្លាប់តែឃើញការប្រឡងគណិតវិទ្យាសិង្ហបុរី ត្រូវរៀបចំធ្វើនៅរាជធានីភ្នំពេញ ប៉ុន្តែលើកនេះ ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកមកធ្វើនៅខេត្តកំពត ដើម្បីសិក្សាស្វែងយល់ពីសមត្ថភាពរបស់សិស្សានុសិស្សនៅតំបន់ឆ្នេរ ដែលជាធនធានមានសក្ដានុពល មានសមត្ថភាព​ ប៉ុន្តែមិនទាន់មានឱកាសបញ្ចេញសមត្ថភាព។

លោក រិទ្ធិ ឆូរ៉ាន តំណាង ស.ស.យ.ក រាជធានីភ្នំពេញ

ជាមួយគ្នានេះ លោក ឆូរ៉ាន រំពឹងទុកថា​ តាមរយៈការប្រឡងតេស្តសមត្ថភាពគណិតវិទ្យាសិង្ហបុរី ២០២៦ សិស្សានុសិស្សមានភាគរយខ្ពស់ក្នុងការទទួលបានលទ្ធផលល្អ។

លោក សាន គីមស័ង​ នាយករង នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី លើកឡើងស្រដៀងនេះដែរថា ការនាំយកកម្មវិធីប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ ធ្វើឡើងនៅក្នុងខេត្តកំពត ទី១. ដើម្បីជំរុញការស្រលាញ់គណិតវិទ្យា ក៏ដូចជាបើកឱកាសឱ្យសិស្សបានពង្រឹងសមត្ថភាពប្រឡងប្រកួតប្រជែងគណិតវិទ្យា ជាពិសេសគណិតវិទ្យាសិង្ហបុរី ដែលមានការទទួលស្គាល់ជុំវិញពិភពលោក, ទី២. បើកឱកាសឱ្យសិស្សនៅតាមបណ្តាខេត្តតំបន់ឆ្នេរ បានសាកល្បងតេស្តសមត្ថភាពគណិតវិទ្យាសិង្ហបុរី ដើម្បីវាស់ស្ទង់សមត្ថភាពជាមួយ​សិស្សពីបណ្ដាប្រទេសផ្សេងៗលើផ្នែកគណិតវិទ្យា។

លោក សាន គីមស័ង​ នាយករង នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី

នាយករង នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី បន្ថែមថា​ ចេញពីខេត្តកំពតនេះ លោកនឹងជំរុញឱ្យមានការប្រឡងគណិតវិទ្យាសិង្ហបុរី បន្ថែមទៀតនៅខេត្តផ្សេងៗ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សគ្រប់បណ្ដាខេត្តអាចចូលរួមប្រឡងបានច្រើន ដូចនៅរាជធានីភ្នំពេញដែរ។

លោក គីមស័ង រំពឹងទុកថា តាមរយៈការបើកឱកាសឱ្យសិស្សបានចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរីបែបនេះ នឹងជួយឱ្យសិស្សកម្ពុជា អាចដើរទន្ទឹមគ្នាជាមួយសិស្សមកពីបណ្ដាប្រទេសផ្សេងៗ ជាពិសេសសិស្សសិង្ហបុរី។ លោកថា កន្លងមក សិស្សកម្ពុជា ក៏ធ្លាប់ទទួលបានលទ្ធផលល្អ ដោយទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ជាច្រើនរូបរួចមកហើយ ហើយក្នុងការប្រឡងលើកនេះ លោកសង្ឃឹមថា នឹងមានសិស្សកម្ពុជាជាប់ច្រើនដូចគ្នា។

លោក រិន វីរៈ អនុប្រធាន ស.ស.យ.ក ខេត្តកំពត បានបង្ហាញក្ដីរីករាយក្នុងការសម្របសម្រួលដល់សិស្សានុសិស្សដែលចូលរួមក្នុងការប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ ក្នុងទឹកដីខេត្តកំពត។ លោកថា ការប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ ២០២៦ នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើក​កម្ពស់វិស័យអប់រំ ជាពិសេសគឺការប្រឡងមុខវិជ្ជាគណិតវិទ្យា និងមួយទៀត ព្រឹត្តិការណ៍នេះ ក៏​ទាក់ទាញភ្ញៀវទេសចរមកសម្រាកលំហែកម្សាន្ត នៅខេត្តកំពតដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ពោលគឺឪពុកម្ដាយបានជូនកូនមកប្រឡងផង និងអាចជូនកូនដើរលេងកម្សាន្តក្នុងខេត្តកំពតផងដែរ។

លោក រិន វីរៈ អនុប្រធាន ស.ស.យ.ក ខេត្តកំពត

យុវតី ចិន្ដាប់ ដានីដែត សិស្សវិទ្យាល័យឯកជនឧត្តមវិជ្ជា ខេត្តកំពត និយាយថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ នៅខេត្តកំពត។ ដានីដែត បន្តថា តាមរយៈការចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី បានជួយឱ្យរូបគេទទួលបានបទពិសោធន៍ នៃការគិតលេខបានលឿនរហ័សជាងមុន និងយល់កាន់តែច្បាស់ពីតម្លៃនៃគណិតវិទ្យា។

យុវតី ចិន្ដាប់ ដានីដែត សិស្សវិទ្យាល័យឯកជនឧត្តមវិជ្ជា ខេត្តកំពត

ដោយឡែកយុវតី សេន សុពុទ្ធារី សិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ដែលបានចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ នៅខេត្តកំពត និយាយថា ការដែលខ្លួន​ចុះឈ្មោះចូលរួមប្រឡងនេះ ព្រោះចង់អភិវឌ្ឍខ្លួនឯង និងចង់ទទួលបានបទពិសោធថ្មីៗ។ សុពុទ្ឋារី បានបង្ហាញពីបទពិសោធន៍ក្នុងការប្រឡងនេះថា វិញ្ញាសាប្រឡងគណិតវិទ្យាសិង្ហបុរី គឺមានភាពខុសប្លែកគ្នាពីការប្រឡងនៅសាលា ទោះលំហាត់លំបាកបន្តិចមែន តែរូបគេនៅតែខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាព។

យុវតី សេន សុពុទ្ឋារី ជាសិស្សថ្នាក់ទី៩ នៃទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង

យុវតី សេន សុពុទ្ឋារី បន្ថែមថា កន្លងមកខ្លួនធ្លាប់ឃើញការប្រឡងគណិតវិទ្យាសិង្ហបុរី ធ្វើនៅភ្នំពេញ ប៉ុន្តែនៅពេលរៀបចំការប្រឡងនៅខេត្តកំពតបែបនេះ គឺអាចផ្ដល់ឱកាសដល់សិស្សនៅខេត្តកំពត និងសិស្សនៅខេត្តផ្សេងៗទៀតមានឱកាសចូលរួមបានច្រើន។

អ្នកស្រី ចាប សុជាតា អាណាព្យាបាលសិស្សនៅខេត្តកំពត និយាយថា ការចុះឈ្មោះឱ្យកូនប្រឡងគណិតវិទ្យាសិង្ហបុរី នេះ ព្រោះអ្នកស្រីចង់ឱ្យកូនមានភាពក្លាហាន ចូលក្នុងសង្គម និងទទួលបានបទពិសោធពីការតេស្តសមត្ថភាពគណិតវិទ្យាបែបអន្តរជាតិ ដើម្បីងាយស្រួលក្នុងការបំពេញចំណុចខ្វះខាតបន្ថែម។ អ្នកស្រី សុជាតា បន្តថា ការរៀបចំការប្រឡងនៅខេត្តកំពតនេះពិតជាល្អ ព្រោះបានផ្ដល់ភាពងាយស្រួលដល់សិស្សនៅក្នុងតំបន់អាចមកប្រឡងវ៉ាស់ស្ទង់សមត្ថភាព។

ដោយឡែក អ្នកស្រី សុខ ស្រីមុំ ដែលជាអាណាព្យាបាល នៅរាជធានីភ្នំពេញ លើកឡើងដែរថា អ្នកស្រីបានជូនកូនមកប្រឡងគណិតវិទ្យាសិង្ហបុរី នៅខេត្តកំពត ព្រោះចង់ឱ្យកូនបានចូលរួមវ៉ាស់ស្ទង់សមត្ថភាពគណិតវិទ្យាផង និងជាឱកាសជូនកូនមកដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងខេត្តកំពតផងដែរ។

អ្នកស្រី សុខ ស្រីមុំ អាណាព្យាបាល នៅភ្នំពេញ

លោក គឹម សុខា ប្រធានការិយាល័យប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត មានប្រសាសន៍ថា​ ចំពោះសិស្សានុសិស្សដែលបានចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ នេះ សុទ្ធសឹងតែមានសមត្ថភាពខ្លាំងពូកែផ្នែកគណិតវិទ្យា និងចង់វ៉ាស់ស្ទង់សមត្ថភាពគណិតវិទ្យាកម្រិតអន្តរជាតិ។ លោកថា នេះជាចំណុចមួយដែលបណ្ដុះឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនមុខវិជ្ជាវិទ្យាសាស្ត្រ ជាពិសេសមុខវិជ្ជាគណិតវិទ្យា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា