Sisters​ ​of​ ​Code​ ​បើក​ឱកាស​ឱ្យ​ក្មេង​ស្រី​សិក្សា​ជំនាញ​សរសេរ​កូដ ​និង​ឌីជីថល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sisters​ ​of​ ​Code​ ​បើក​ឱកាស​ឱ្យ​ក្មេង​ស្រី​សិក្សា​ជំនាញ​សរសេរ​កូដ ​និង​ឌីជីថល​

Sisters​ ​of​ ​Code​ ​បើក​ឱកាស​ឱ្យ​ក្មេង​ស្រី​សិក្សា​ជំនាញ​សរសេរ​កូដ ​និង​ឌីជីថល​

​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​ស្រី​អាយុ​ចន្លោះ​ពី​ ​១០​ ​ដល់​ ​១៨​ ​ឆ្នាំ​ ​ដើម្បី​ចូលរួម​សិក្សា​ក្នុង​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​Clubs​ ​ដែល​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​សរសេរ​កូដ ​(​Coding​) ​និង​ជំនាញ​ឌីជីថល ​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​ ​១៨​ ​សប្ដាហ៍​។ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ចូលរួម​របស់​យុវតី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ជួយ​ឱ្យ​សិស្ស​ស្រី​អភិវឌ្ឍ​ទំនុក​ចិត្ត​ ​ភាព​ច្នៃប្រឌិត​ ​និង​ជំនាញ​ឌីជីថល​ដែល​អាច​ប្រើប្រាស់​បាន​នា​ពេល​អនាគត​។​

Advertisement

​បើ​តាម​ការ​ប្រកាស​របស់​កម្មវិធី​ ​ថ្នាក់រៀន​ផ្ទាល់​នឹង​ត្រូវ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​និង​ខេត្ត​បាត់ដំបង​ ​ខណៈ​ថ្នាក់រៀន​អនឡាញ​ក៏​បើក​ទទួល​សិស្ស​ស្រី​មក​ពី​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ផងដែរ​។​

​លោកស្រី​ ​ជីន ​ដាលីន ​អ្នកដឹកនាំ​គម្រោង​ ​Sisters​ ​of​ ​Code​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ការ​ផ្ដល់​អាហារូបករណ៍​នេះ​ ​គឺ​ដើម្បី​បង្កើន​ឱកាស​ឱ្យ​ក្មេងស្រី​ទទួលបាន​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកវិទ្យា​ ​និង​ជំនាញ​ឌីជីថល​។

​លោកស្រី​បាន​ឱ្យដឹង​ថា​ ​ចាប់តាំងពី​ឆ្នាំ​២០១៩​ ​មក​ ​Sisters​ ​of​ ​Code​ ​បាន​ផ្ដល់​កម្មវិធី​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារី​នៅ​កម្ពុជា​។ ​តាមរយៈ​សកម្មភាព​របស់​កម្មវិធី​ ​គេ​សង្កេតឃើញ​ថា​ ​ចំនួន​សិស្ស​ស្រី​ដែល​ចាប់អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា​កំពុង​កើនឡើង​ជាបន្តបន្ទាប់​។​

​លោកស្រី​បញ្ជាក់​ថា​ ​ទោះបី​វិស័យ​បច្ចេកវិទ្យា​នៅតែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ និង​កុមារី​មួយចំនួន​នៅ​មាន​អារម្មណ៍​អៀនខ្មាស ​ឬ​មិន​សូវ​ទទួល​បាន​ការ​ស្វាគមន៍​ក្នុង​វិស័យ​ដែល​ភាគ​ច្រើន​គ្របដណ្ដប់​ដោយ​បុរស​ក៏ដោយ​ ​ប៉ុន្តែ​លោកស្រី​មើល​ឃើញ​ថា​ ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​កំពុង​កើតមានឡើង​ ជាពិសេស​តាមរយៈ​កម្មវិធី​ ​Coding​ ​Club​។​

​កម្មវិធី​នេះ​ផ្ដល់​ជំនាញ​មូលដ្ឋាន​ក្នុង​ការ​សរសេរ​កូដ ​ការ​អភិវឌ្ឍ​ហ្គេម ​ការ​បង្កើត​គេហទំព័រ​ និង​ការ​សិក្សា​ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​សម្រាប់​កុមារី​អាយុ​ចន្លោះ​ពី​ ​១០​ ​ដល់​ ​១៨​ ​ឆ្នាំ​។​

​លោកស្រី​មានប្រសាសន៍​ថា​ «​បច្ចុប្បន្ន ​មាន​កុមារី​កាន់តែ​ច្រើន​ចាប់អារម្មណ៍​រៀន​ជំនាញ​សរសេរ​កូដ​នៅ​ ​Sisters​ ​of​ ​Code​។ ​ឧទាហរណ៍​ ​នៅ​ឆ្នាំ​នេះ​ ​ចំនួន​អ្នក​ដាក់​ពាក្យ​ចូលរួម​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​Ambassadors​ ​ដែល​បណ្ដុះបណ្ដាល​កុមារី​ឱ្យ​ក្លាយ​ជា​អ្នកដឹកនាំ​ក្លឹប​ ​Sisters​ ​of​ ​Code​ ​បាន​កើនឡើង​ដល់​ទៅ​៣​ដង​ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​»​។​

​លោកស្រី​បន្ថែម​ថា​ ​បច្ចុប្បន្ន​កម្មវិធី​បាន​ពង្រីក​ទៅកាន់​ខេត្ត​តាកែវ​ សៀមរាប​ ​និង​បាត់ដំបង​ ​ហើយក៏​កំពុង​រៀបចំ​បើក​ក្លឹប​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ខេត្ត​កំពត ​ព្រមទាំង​ពង្រីក​កម្មវិធី​អនឡាញ​ផងដែរ​។​

​សូម​ជម្រាប​ថា​ ​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​Clubs​ ​ត្រូវបាន​រំពឹង​ថា​ ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​យុវតី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បង្កើន​ឱកាស​សិក្សា​ ​និង​ការងារ​នា​ពេល​អនាគត​ ស្រប​ពេល​ជំនាញ​ឌីជីថល​កំពុង​ក្លាយ​ជា​តម្រូវការ​សំខាន់​ក្នុង​សង្គម​ឌីជីថល​បច្ចុប្បន្ន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា