គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦

គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦

ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា​ រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ ផ្នែកតែងនិពន្ធ ពានរង្វាន់ “សម្តេចព្រះសង្ឃរាជ ជួន ណាត” និងផ្នែកស្មូតកំណាព្យ ពានរង្វាន់ “ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ” ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦។

ជាលទ្ធផល បេក្ខជនជ័យលាភីថ្នាក់ជាតិ ផ្នែកតែងនិពន្ធ ពានរង្វាន់ «សម្តេចព្រះសង្ឃរាជ ជួន ណាត» រួមមាន៖ ជ័យលាភី លេខ១ លោក ជួន ខ្មៅ គ្រូបង្រៀន វិទ្យាល័យ ច.ប. ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ, ជ័យលាភី លេខ២ លោក ឃុន ផានិត គ្រូបង្រៀន វិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប និងជ័យលាភី លេខ៣ លោក សោ គឹមស្រូយ គ្រូបង្រៀន បឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន អង្គចង្អេរ ខេត្តតាកែវ។

ដោយឡែក បេក្ខជនជ័យលាភីថ្នាក់ជាតិ ផ្នែកស្មូតកំណាព្យ ពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ» រួមមាន ជ័យលាភី លេខ១ លោក រួញ ភារិន គ្រូបង្រៀន បឋមសិក្សាទ្រុងខ្លា ខេត្តបាត់ដំបង, ជ័យលាភី លេខ២ លោក ភឿន សុផល គ្រូបង្រៀន វិទ្យាល័យអង្គរជុំ ខេត្តសៀមរាប និងជ័យលាភី លេខ៣ លោក ពៅ សុខចាន់ គ្រូបង្រៀន អនុវិទ្យាល័យចំរើនវិជ្ជា ខេត្តត្បូងឃ្មុំ។

ក្នុងពិធីប្រកាសលទ្ធផលការប្រកួតប្រជែងតែងនិពន្ធពានរង្វាន់ «សម្តេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ» ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការតែងនិពន្ធ គឺជាសមត្ថភាពមួយដ៏សំខាន់ ដែលយើងត្រូវតែបន្តលើកទឹកចិត្ត ដោយសារបច្ចុប្បន្ននេះ AI ក៏អាចតែងនិពន្ធបានដែរ ជាភាសាខ្មែរក៏បាន ប៉ុន្តែជាភាសាខ្មែរពុំមានភ្ជាប់ចុងចួនដូចមនុស្សទេ។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា បើសិនជាឱ្យ AI តែងនិពន្ធ វាអាចតែងនិពន្ធបានលឿនជាងមនុស្ស ហើយក៏អាចបានខ្លឹមសារល្អដែរ ប៉ុន្តែវាមិនដូចមនុស្សទេ ដោយសារតែវាមិនបានបង្កប់នូវមនោសញ្ចេតនា វាអត់មានលក្ខណៈពិសេសដូចមនុស្សទេ។ ដូច្នេះ ជាការចាំបាច់ យើងត្រូវតែបន្តលើកទឹកចិត្តឱ្យមានការតែងនិពន្ធ។ យើងក៏ដឹងដែរថា ការតែងនិពន្ធកាន់តែតិចទៅតិចទៅៗ សៀវភៅជាភាសាខ្មែរក៏តិច សៀវភៅប្រលោមលោក ហើយបើជាកំណាព្យក៏កាន់តែតិច។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់បុគ្គលិកអប់រំ ដែលបានចូលរួមក្នុងការតែងនិពន្ធនេះ ដើម្បីរក្សានូវតម្លៃនៃអក្សរសិល្ប៍ខ្មែរ និងកំណាព្យខ្មែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា សម្ដេចសង្ឃរាជ ជួន ណាត ក៏តែងកំណាព្យដែរ ប៉ុន្តែផ្ដោតលើអក្សរសាស្រ្តខ្មែរ រីឯ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ គឺជាកវីនិពន្ធ ដូច្នេះ យើងចង់រៀបចំមានការផ្ដល់ឱកាស ដើម្បីឱ្យមានការបណ្ដុះបណ្ដាលនូវអ្នកតែងនិពន្ធតទៅទៀត ទាំងតែងជាប្រលោមលោក និងតែងជាកំណាព្យ ក៏ដូចជាលើកទឹកចិត្តឱ្យមានការស្មូតដែរ។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងទាំងពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិរក្សអក្សរសាស្ត្រ និងភាសាខ្មែរ រំលឹកគុណនិងស្នាដៃវីរជនអក្សរសាស្ត្រជាតិ តាមរយៈការលើកទឹកចិត្ត និងផ្តល់វេទិកាដល់កវី និងអ្នកស្មូត ក៏ដូចជាបង្កើតឱកាសសម្រាប់អ្នកដែលមានទេពកោសល្យលើផ្នែកតែងនិពន្ធ និងស្មូតកំណាព្យ បានបង្ហាញសមត្ថភាព ទទួលបានការទទួលស្គាល់និងពានរង្វាន់​។ កម្មវិធីនេះ ក៏មានគោលដៅជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរ ចាប់អារម្មណ៍ បណ្ដុះស្មារតីស្រលាញ់ និងចូលរួមក្នុងការតែងនិពន្ធ ដើម្បីថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស និងរីកចម្រើន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា