ជំនាញ ​«​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​» ៖​ ​ពង្រីក​សក្តានុពល​ការងារ​ទាំង​រដ្ឋ ឯកជន​ ​និង​អាជីវកម្ម​ផ្ទាល់ខ្លួន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនាញ ​«​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​» ៖​ ​ពង្រីក​សក្តានុពល​ការងារ​ទាំង​រដ្ឋ ឯកជន​ ​និង​អាជីវកម្ម​ផ្ទាល់ខ្លួន​

ជំនាញ ​«​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​» ៖​ ​ពង្រីក​សក្តានុពល​ការងារ​ទាំង​រដ្ឋ ឯកជន​ ​និង​អាជីវកម្ម​ផ្ទាល់ខ្លួន​

​នៅក្នុង​យុគសម័យ​សាកល​ភាវូបនីយ​កម្ម ​និង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ ​ការ​ចេះ​ត្រឹមតែ​ភាសា​ទំនាក់ទំនង​ទូទៅ​មួយ​មុខ​ ​អាច​នឹង​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។​ ការណ៍​នេះ​បាន​ជំរុញ​ឱ្យ​ជំនាញ «​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​» ​(​English for ​Business​)​ ក្លាយជា​ជម្រើស​សិក្សា​ដ៏​មាន​ឥទ្ធិពល​មួយ​ ​ដោយសារ​វា​ផ្សារភ្ជាប់គ្នា​រវាង​សមត្ថភាព​ភាសា​កម្រិត​ខ្ពស់​ ​និង​ចំណេះដឹង​ផ្នែក​ពាណិជ្ជកម្ម ​ដែល​បើក​ផ្លូវ​យ៉ាង​ទូលំទូលាយ​សម្រាប់​យុវជន​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ​ ​ឯកជន ​និង​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

​លោក​ ​ហៀម​ ​ម៉ៅ ​អនុ​ប្រធាន​ដេប៉ាតឺម៉ង់​ភាសា​អង់គ្លេស ​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ ​(​NIB​)​ ​បាន​លើកឡើង​ថា​ ​ភាសា​អង់គ្លេស​គឺជា​ភាសា​ទំនាក់ទំនង​សាកល​ដែល​មិន​អាច​ខ្វះ​បាន​ ​ហើយការ​មាន​ជំនាញ​ភាសា​អង់គ្លេស​ច្បាស់លាស់​ប្រៀប​ដូចជា​ ​«​ការ​មាន​លិខិត​ឆ្លង​ដែន ​(​Passport​)​ ​នៅលើ​ដៃ​» ​ក្នុង​ការ​បើក​ទ្វារ​ឆ្ពោះទៅ​រក​ឱកាស​ថ្មី​ៗ​។ ​លោក​បាន​គូសបញ្ជាក់​ថា​ ថ្វី​ដ្បិត​ការ​ជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត​ ​និង​ដុង​ពីកំណើត​របស់​បុគ្គល​ម្នាក់​ៗ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ចង់​ពង្រឹង​សមត្ថភាព​ការងារ​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ ​ជំនាញ​នេះ​នឹង​ផ្តល់​ប្រៀប​ឈ្នះ​ខ្ពស់។

​បើ​តាម​លោក​ ហៀម​ ​ម៉ៅ ​ការ​សិក្សា​ជំនាញ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​ ​គឺ​មាន​ជា​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ដោយ​ប្រើ​រយៈពេល​ ៤ ​ឆ្នាំ ​ផ្តោត​លើ​កម្មវិធី​សិក្សា​សំខាន់​ៗ​ជា​ច្រើន រួម​មាន​៖

  • ​ភាសា​អង់គ្លេស​ស្នូល​ និង​អក្សរសាស្ត្រ​ ​(​Core ​English ​ ​Literature​)​:​ ពង្រឹង​មូលដ្ឋានគ្រឹះ ​និង​រចនាសម្ព័ន្ធ​ភាសា​កម្រិត​ខ្ពស់​។
  • ​ការ​សិក្សា​ពី​តំបន់​អាស៊ី ​(​Asia Study​)​: ស្វែងយល់​ពី​បរិបទ​សង្គម ​វប្បធម៌​ ​និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។
  • ​វិធីសាស្ត្រ​បង្រៀន​ ​(​Teaching ​Methodology​)​: បណ្តុះបណ្តាល​គរុកោសល្យ ​និង​ជំនាញ​ផ្ទេរ​ចំណេះដឹង​។
  • ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម ​(​English for ​Business​)​: ​មុខវិជ្ជា​ស្នូល​ផ្តោត​លើ​ការ​ប្រាស្រ័យទាក់ទង​បែប​ពាណិជ្ជកម្ម ​កិច្ច​ចរចា​ ​ការ​សរសេរ​របាយការណ៍​ ​និង​ប្រតិបត្តិការ​អាជីវកម្ម​ជាក់ស្តែង។

​ទី​ផ្សារ​ការងារ​ទូលំទូលាយ

​សម្រាប់​ជំនាញ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​នេះ​ ​លោក​ ហៀម​ ​ម៉ៅ ​បាន​សង្កេតឃើញ​ថា​ ​និស្សិត​ដែល​រៀន​ត្រឹម​ឆ្នាំ​ទី​២ ​ក៏​មាន​សមត្ថភាព​អាច​ចេញ​ទៅ​បង្រៀន​នៅ​តាម​បណ្តា​សាលា​ឯកជន​នានា​បាន​រួច​ទៅហើយ​។ ​ដោយឡែក​ក្រោយ​បញ្ចប់​ការ​សិក្សា​ពេញលេញ​ ឱកាស​ការងារ​រួមមាន​ ការ​ធ្វើជា​អ្នក​បកប្រែ​ផ្ទាល់​មាត់ ​និង​ឯកសារ​ ​(​Translator​/​Interpreter​)​ ​គ្រូបង្រៀន​ ​ឬ​មន្ត្រី​ជំនាញ​ក្នុង​ស្ថាប័ន​រដ្ឋ ​និង​ក្រុមហ៊ុន​ឯកជន​អន្តរជាតិ។

​លក្ខខណ្ឌ​នៃ​ការ​ចូលរៀន​

​ចំពោះ​លក្ខខណ្ឌ​សម្បត្តិ​សម្រាប់​ការ​រៀនជំនាញ​នេះ​ ​គឺ​តម្រូវឱ្យ​សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២ ​និង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដោយ​ផ្ទាល់​ពី​សាលា​ជា​មុន ​ដើម្បី​ធានា​ថា​កម្រិត​សិក្សា​ត្រូវ​គ្នា​នឹង​សមត្ថភាព​ជាក់ស្តែង​របស់​សិស្ស​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា