ទម្លាប់តូចៗ ក្នុងការចិញ្ចឹមបុត្រធីតាឱ្យមានសុភមង្គល និងរឹងមាំផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទម្លាប់តូចៗ ក្នុងការចិញ្ចឹមបុត្រធីតាឱ្យមានសុភមង្គល និងរឹងមាំផ្លូវចិត្ត

ទម្លាប់តូចៗ ក្នុងការចិញ្ចឹមបុត្រធីតាឱ្យមានសុភមង្គល និងរឹងមាំផ្លូវចិត្ត

គ្មានមាតាបិតាណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកអាចក្លាយជាអាណាព្យាបាលដ៏អស្ចារ្យបាន តាមរយៈការអនុវត្តទម្លាប់វិជ្ជមានប្រចាំថ្ងៃ។ ការចិញ្ចឹមកុមារម្នាក់ឱ្យលូតលាស់ប្រកបដោយសុភមង្គល និងភាពជឿជាក់ គឺទាមទារនូវការរួមផ្សំរវាងការផ្តល់ក្តីស្រឡាញ់ និងការកំណត់ព្រំដែនច្បាស់លាស់។

Advertisement

ខាងក្រោមនេះ យើងនឹងបង្ហាញពីទម្លាប់តូចៗ ដែលដកស្រង់ចេញពីបទពិសោធន៍របស់អ្នកជំនាញ ដើម្បីជួយអ្នកកសាងភាពរឹងមាំផ្លូវចិត្តដល់កូន ឱ្យក្លាយជាកុមារដែលពោរពេញដោយសុភមង្គល និងក្តីសង្ឃឹម៖

១. ការកំណត់ព្រំដែនដោយក្តីស្រឡាញ់ (Set Smart Limits)

កុមារត្រូវការវិន័យដើម្បីមានអារម្មណ៍ថាមានសុវត្ថិភាព។ ការកំណត់ព្រំដែនមិនមែនជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែគឺជាការបង្រៀន៖

  • ផ្តល់ទំនួលខុសត្រូវ៖ បណ្តោយឱ្យកូនធ្វើអ្វីដែលពួកគេអាចធ្វើបានដោយខ្លួនឯង (ដូចជាទុកដាក់ប្រដាប់លេង ឬស្លៀកពាក់) ដើម្បីបង្កើនភាពជឿជាក់។
  • កុំជួយគ្រប់រឿង៖ ទុកឱកាសឱ្យកូនដោះស្រាយបញ្ហាតូចតាចដោយខ្លួនឯង ដើម្បីបង្កើតភាពរឹងមាំ (Resilience)។
  • ជ្រើសរើសសមរភូមិ៖ កុំរអ៊ូរទាំរឿងតូចតាចដូចជាការស្លៀកពាក់ ប៉ុន្តែត្រូវម៉ឺងម៉ាត់លើរឿងសំខាន់ៗដូចជា ការនិយាយកុហក ឬការប្រើអំពើហឹង្សា។

២. បង្កើតពេលវេលាដ៏មានតម្លៃ (Quality Time)

ទំនាក់ទំនងល្អកើតចេញពីការចំណាយពេលជាមួយគ្នា៖

  • លេងជាមួយកូន៖ បណ្តោយឱ្យកូនជាអ្នកដឹកនាំហ្គេម និងរីករាយជាមួយពួកគេដោយគ្មានច្បាប់ទម្លាប់ច្រើន។
  • អានសៀវភៅជាមួយគ្នា៖ បង្កើតទម្លាប់អានជារៀងរាល់ថ្ងៃ តាំងពីកូននៅជាទារក។
  • ពេលវេលាពិសេស ១៥ នាទី៖ ផ្តល់ពេលវេលាផ្តាច់មុខឱ្យកូនជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីទូរស័ព្ទ ឬការងារ។

៣. ធ្វើជាគំរូដ៏ល្អ (Be a Good Role Model)

ក្មេងរៀនតាមរយៈការមើលឃើញ ច្រើនជាងការស្តាប់បង្គាប់៖

  • ហ៊ានទទួលខុសត្រូវ៖ សុំទោសកូននៅពេលអ្នកធ្វើខុស ដើម្បីបង្រៀនពួកគេអំពីការសុំទោស។
  • និយាយការពិត៖ បង្ហាញភាពស្មោះត្រង់តាមរយៈសកម្មភាពជាក់ស្តែង។
  • បង្ហាញក្តីស្រឡាញ់ក្នុងគ្រួសារ៖ ការបង្ហាញភាពផ្អែមល្ហែមរវាងប្តីប្រពន្ធ ជួយឱ្យកូនមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។

៤. វិធីសាស្ត្រសរសើរកូន (Effective Praise)

  • សរសើរឱ្យចំចំណុច ៖ ជំនួសឱ្យការនិយាយថា “កូនពូកែណាស់” ចូរនិយាយថា “ម៉ាក់ចូលចិត្តដែលកូនមានភាពអត់ធ្មត់រង់ចាំម៉ាក់និយាយទូរស័ព្ទចប់”។
  • ឱ្យកូនលួចស្តាប់ការសរសើរ៖ ការដែលកូនបានឮអ្នកនិយាយសរសើរពួកគេប្រាប់ទៅអ្នកដទៃ (ដូចជាលោកយាយ ឬលោកតា) មានប្រសិទ្ធភាពជាងការសរសើរចំៗ។

៥. បង្រៀនជំនាញសង្គម និងការដឹងគុណ

  • សួរសំណួរ ៖ សួរសំណួរដែលជំរុញឱ្យកូនចេះសន្ទនា ដូចជា “តើថ្ងៃនេះកូនសប្បាយចិត្តរឿងអ្វីជាងគេ?”។
  • បង្រៀនឱ្យស្គាល់តម្លៃនៃសីលធម៌៖ ពន្យល់កូនថា ការធ្វើជាមនុស្សល្អ ចិត្តល្អ និងស្មោះត្រង់ នឹងធ្វើឱ្យពួកគេមានមោទនភាពចំពោះខ្លួនឯង។
  • រង្វង់នៃការដឹងគុណ៖ ជួបជុំគ្នានៅពេលបាយល្ងាច ហើយនិយាយពីអ្វីដែលល្អៗដែលបានកើតឡើងក្នុងថ្ងៃនោះ។

៦. សុខភាព និងការលូតលាស់ផ្នែករាងកាយ

  • កាត់បន្ថយការមើលទូរទស្សន៍៖ កុំដាក់ទូរទស្សន៍ក្នុងបន្ទប់គេងរបស់កូន។
  • ជំរុញការធ្វើចលនា៖ ការហាត់ប្រាណ និងការលេងកីឡាមានទំនាក់ទំនងផ្ទាល់ទៅនឹងការលូតលាស់ខួរក្បាល។
  • ការពារសុខភាព៖ ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ដុសធ្មេញឱ្យបានទៀងទាត់។

ដំបូន្មាន ៖ កូនៗមិនមែនជារបស់យើងរហូតឡើយ ពួកគេគ្រាន់តែមកស្នាក់នៅជាមួយយើងមួយរយៈកាលប៉ុណ្ណោះ។ ក្នុងអំឡុងពេលដ៏ខ្លីនេះ ចូរនិយាយពាក្យ “ម៉ាក់/ប៉ា ស្រឡាញ់កូន” ឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយពួកគេ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា