ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» ក្នុងចំណោមវីដេអូដែល​បាន​ចូលរួមប្រកួតសរុបចំនួន ៨៣ ស្នាដៃ។ ពិធីប្រកាស និងប្រគល់ជ័យលាភីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ក្រោមការរៀបចំរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការបានវាយតម្លៃ និងសម្រេចផ្ដល់ជ័យលាភីសំខាន់ៗរួមមាន៖
ជ័យលាភីលេខ១ ៖ ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី (ខេត្តតាកែវ)
ជ័យលាភីលេខ២ ៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ជ័យលាភីលេខ៣ ៖ ក្រុមសិស្សមកពីសាលារៀន វ៉េស្ទឡាញន៍

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានអន្តរក្រសួងស្តីពីសុខភាពសិក្សា មានប្រសាសន៍ថា ដើម្បីអាចសម្រេចគោលដៅឆ្នាំ២០៥០ ដែលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ គឺទាល់តែយុវជន ប្រជាជនទាំងអស់គ្នា ថែរក្សាសុខភាព ដែលត្រូវចាប់ផ្ដើមជាដំបូងគឺជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងស្រវឹង។ លោកជំទាវសង្កត់ធ្ងន់ថា​ គ្រឿងស្រវឹងជាកត្តាហានិភ័យមួយដែលបង្កឱ្យកើតជំងឺ ២០០មុខ និងធ្វើឱ្យយើងបាត់បង់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ ក៏បានកោតសរសើរដល់បេក្ខជនទាំងអស់ដែលបានចូលរួមផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង និងបានចម្រាញ់យកវីដេអូចំនួន ១០វីដេអូក្នុងចំណោម៨៣វីដេអូ ដើម្បីជម្រុះយកជ័យលាភីលេខ១ លេខ២ លេខ៣ ពោលគឺក្រុមបេក្ខជននីមួយៗសុទ្ធសឹងតែមានស្នាដៃល្អ។

យុវជន វុធ ប្រុសពៅ សិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី និងជាតំណាងក្រុមជ័យលាភីលេខ១ បានលើកឡើងពីការព្រួយបារម្ភ ដោយថា សព្វថ្ងៃនេះ ការប្រើប្រាស់គ្រឿងស្រវឹង មិនត្រឹមតែប៉ះពាល់សុខភាពយុវជនទេ ប៉ុន្តែក៏បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីផងដែរ។ ជាក់ស្ដែង អ្នកសេពគ្រឿងស្រវឹងជាបុគ្គលក៏ពិតមែន ប៉ុន្តែក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៅកាន់អ្នកផ្សេងដែលបណ្ដាលឱ្យបាត់បង់ជីវិត ឬពិការភាពជាដើម។

យុវជន វុធ ប្រុសពៅ សិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី និងជាតំណាងក្រុមជ័យលាភីលេខ១

តំណាងក្រុមជ័យលាភីលេខ១ រូបនេះ និយាយថា ការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាវិធានការមានប្រសិទ្ធភាពមួយ ក្នុងនោះការតម្លើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីកុំឱ្យយុវជនមានលទ្ធភាពទិញក្រោមអាយុកំណត់ ក៏ជាវិធានការមានប្រសិទ្ធភាពផងដែរ។ ប្រសិនបន្តមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺផ្សាយត្រឹមម៉ាកសញ្ញា និងឡូហ្គូប៉ុណ្ណោះ ដោយមិនត្រូវប្រើប្រាស់តារា ឬបុគ្គលល្បីមកផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនោះឡើយ ដូច្នេះទើបជាវិធានការមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅថ្ងៃអនាគត។

គួរកត់សម្គាល់ថា ខ្លឹមសារដែលមាននៅក្នុងវីដេអូជាច្រើន ដែលផលិតដោយយុវជន ក្នុងយុទ្ធនាការនេះ ទទួលបានអ្នកទស្សនាជិត ៣លានដង (3M views) បង្ហាញថា “ប្រសិនបើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតែបន្តមាននៅលើបណ្ដាញសង្គមព័ត៌មាន តាមដងផ្លូវសាធារណៈ តាមមុខផ្ទះប្រជាពលរដ្ឋ និងតាមរយៈការផ្សព្វផ្សាយដោយតារាល្បីៗមានឥទ្ធិពលមួយចំនួន កម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង”។

តាមរយៈវីដេអូអប់រំទាំងនេះ បានស្នើសុំឱ្យរាជរដ្ឋាភិបាលដាក់ចេញវិធានការ ដូចជា ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការដំឡើងអាករពិសេសលើផលិតផលគ្រឿងស្រវឹង ការកំណត់អាយុទិញ និងប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងការហាមឃាត់តារាល្បីៗ មិនឱ្យផ្សាយគ្រឿងស្រវឹង និងចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីការពារកុមារ និងយុវជនកម្ពុជា ដែលជាមូលធនមនុស្សបន្តវេន ជាកម្លាំងស្នូលសម្រាប់ការពារជាតិ និងអភិវឌ្ឍសង្គមជាតិនាពេលអនាគត កុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងស្រវឹង៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា