កូរ៉េ​ខាង​ត្បូង​ចាត់​វិធានការ​ទប់ស្កាត់​ការ​បន្លំ​ក្នុង​ការ​ប្រឡង ​ដោយ​ប្រើ​វ៉ែនតា​ឆ្លាតវៃ​ ​AI​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េ​ខាង​ត្បូង​ចាត់​វិធានការ​ទប់ស្កាត់​ការ​បន្លំ​ក្នុង​ការ​ប្រឡង ​ដោយ​ប្រើ​វ៉ែនតា​ឆ្លាតវៃ​ ​AI​

កូរ៉េ​ខាង​ត្បូង​ចាត់​វិធានការ​ទប់ស្កាត់​ការ​បន្លំ​ក្នុង​ការ​ប្រឡង ​ដោយ​ប្រើ​វ៉ែនតា​ឆ្លាតវៃ​ ​AI​

​កូរ៉េ​ខាង​ត្បូង​កំពុង​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​បន្លំ​ក្នុង​ការ​ប្រឡង​ បន្ទាប់ពី​រកឃើញ​ករណី​បេក្ខជន​ប្រើប្រាស់​វ៉ែនតា​ឆ្លាតវៃ​ដែល​ដំណើរការ​ដោយ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ដើម្បី​ទទួល​បាន​ជំនួយ​ក្នុង​ការ​ឆ្លើយ​សំណួរ​ពេល​ប្រឡង។​

​យោង​តាម​ ​The​ ​Korea​ ​Herald​ ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ព្រះរាជអាជ្ញា​កូរ៉េ​ខាង​ត្បូង​បាន​ចោទប្រកាន់​បុរស​ម្នាក់​ក្នុង​វ័យ​ជាង​ ​៤០​ឆ្នាំ​ ពី​បទ​រំលោភ​ច្បាប់​ស្តីពី​គុណ​វុឌ្ឍិបច្ចេកទេសជាតិ​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​វ៉ែនតា​ឆ្លាតវៃ​ ​AI​ ​ដើម្បី​បន្លំ​ក្នុង​ការ​ប្រឡង​វិញ្ញាបនបត្រ​ជាតិ។​

ករណី​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ ​ជា​ករណី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើក​ដំបូង​របស់​កូរ៉េ​ខាង​ត្បូង​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​វ៉ែនតា​ប្រភេទ​នេះ​ក្នុង​ការ​ប្រឡង។​

​ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ឧសភា ​ខណៈ​កំពុង​ប្រឡង​វិញ្ញាបនបត្រ​ជាតិ​ផ្នែក​វិស្វកម្ម​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​ ​នៅ​ទីក្រុង​ ​Gwangju​។ ​ការ​បន្លំ​ត្រូវ​បាន​រកឃើញ​ បន្ទាប់ពី​អ្នក​ត្រួតពិនិត្យ​ប្រឡង​សង្កេតឃើញ​ការ​ឆ្លុះបញ្ចាំង​មិន​ធម្មតា​នៅលើ​កញ្ចក់​វ៉ែនតា​របស់​បេក្ខជន។ ​

​ក្រោយ​ការ​ស៊ើបអង្កេត​ ​បុរស​រូប​នេះ​បាន​សារភាព​ថា​ ​ខ្លួន​បាន​បង្កើត​កម្មវិធី​បញ្ញា​សិប្បនិម្មិត​ផ្ទាល់ខ្លួន​មួយ​ ​ដែល​ភ្ជាប់​ទៅនឹង​វ៉ែនតា​ឆ្លាតវៃ ​ដើម្បី​ផ្តល់​ចម្លើយ​ជួយ​ខ្លួន​ក្នុង​ពេល​ប្រឡង។​

​ការ​ប្រើប្រាស់​វ៉ែនតា​ឆ្លាតវៃ​ ​AI​ ​ដើម្បី​បន្លំ ​ក៏​ត្រូវ​បាន​រកឃើញ​នៅក្នុង​ការ​ប្រឡង​ភាសា​អង់គ្លេស​ ​TOEIC​ ​ផងដែរ​។ ​អាជ្ញាធរ​បាន​រកឃើញ​ករណី​ចំនួន​ ​២​ ក្នុង​ខែ​ឧសភា ​និង​មួយ​ករណី​ទៀត​ក្នុង​ខែ​មិថុនា។​

​មន្ត្រី​កំពុង​ពិចារណា​បញ្ចូល​វ៉ែនតា​ឆ្លាតវៃ​ ​AI​ ​ទៅក្នុង​បញ្ជី​ឧបករណ៍​ហាមឃាត់​នៅក្នុង​បន្ទប់​ប្រឡង​ ​និង​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​បេក្ខជន​ដែល​ត្រូវ​បាន​រកឃើញ​ថា​បាន​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​បន្លំ។​

​ការ​រីកចម្រើន​នៃ​វ៉ែនតា​ឆ្លាតវៃ​ ​AI​ ​កំពុង​បង្កើត​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​ស្ថាប័ន​រៀបចំ​ការ​ប្រឡង​ ​ព្រោះ​ឧបករណ៍​ទាំង​នេះ​អាច​មាន​ទំហំ​តូច​ និង​មាន​រូបរាង​ស្រដៀង​វ៉ែនតា​ធម្មតា​ ​ដែល​ធ្វើឱ្យ​ការ​រកឃើញ​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​កាន់តែ​ពិបាក។

​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​កំពុង​ស្វែងរក​វិធានការ​សមស្រប ​ដើម្បី​ការពារ​ភាព​យុត្តិធម៌​ ​និង​ភាព​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ប្រឡង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា