កូរ៉េខាងត្បូងផ្អាកជើងហោះហើរទូទាំងប្រទេស ៣៥នាទី ដើម្បីសម្រួលដល់ការប្រឡងថ្នាក់ជាតិរបស់សិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូងផ្អាកជើងហោះហើរទូទាំងប្រទេស ៣៥នាទី ដើម្បីសម្រួលដល់ការប្រឡងថ្នាក់ជាតិរបស់សិស្ស

កូរ៉េខាងត្បូងផ្អាកជើងហោះហើរទូទាំងប្រទេស ៣៥នាទី ដើម្បីសម្រួលដល់ការប្រឡងថ្នាក់ជាតិរបស់សិស្ស

រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្អាករាល់ការហោះហើរឡើង និងចុះចតរបស់យន្តហោះនៅទូទាំងប្រទេសរយៈពេល ៣៥នាទី កាលពីថ្ងៃទី១៩ វិច្ឆិកា ដើម្បីកាត់បន្ថយសំឡេងរំខាន និងបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការប្រឡងថ្នាក់ជាតិចូលមហាវិទ្យាល័យ ជាពិសេសការប្រឡងផ្នែកស្តាប់ភាសាអង់គ្លេស។

យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Korea Times បានឱ្យដឹងថា វិធានការនេះ អនុវត្ត ចាប់ពីម៉ោង ១:០៥នាទីរសៀល ដល់ម៉ោង ១:៤០នាទីរសៀល ម៉ោងក្នុងស្រុក ដោយប៉ះពាល់ដល់ជើងហោះហើរសរុបចំនួន ១៣០ជើង ក្នុងនោះមានជើងហោះហើរអន្តរជាតិ ៨១ជើង និងជើងហោះហើរក្នុងស្រុក ៤៩ជើង។

ក្នុងអំឡុងពេលនៃការរឹតត្បិតនេះ យន្តហោះដែលកំពុងហោះហើរនៅលើអាកាសរួចហើយ ត្រូវរក្សាកម្ពស់យ៉ាងតិច ៣គីឡូម៉ែត្រពីផ្ទៃដី ដើម្បីកាត់បន្ថយសំឡេងរំខាន ខណៈជើងហោះហើរក្នុងករណីសង្គ្រោះបន្ទាន់ នឹងត្រូវបានលើកលែងពីវិធានការនេះ។

ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្របសម្រួលពេលវេលាចេញដំណើរ និងមកដល់របស់ជើងហោះហើរដែលរងផលប៉ះពាល់ ដើម្បីកាត់បន្ថយការរំខានដល់អ្នកដំណើរ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវបានជូនដំណឹងជាមុនអំពីការកែសម្រួលកាលវិភាគ ខណៈអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ ក៏ផ្ញើសារព្រមានទៅកាន់អ្នកបញ្ជាដ្រូនដែលមានអាជ្ញាប័ណ្ណផងដែរ។

លោក Jeong Chae-gyo អគ្គនាយកផ្នែកគោលនយោបាយអាកាសចរណ៍នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋាភិបាលបានអនុវត្តវិធានការចាំបាច់យ៉ាងម៉ឺងម៉ាត់ រួមទាំងការរឹតត្បិតប្រតិបត្តិការយានហោះ ដើម្បីធានាថាសិស្សានុសិស្សអាចផ្តោតអារម្មណ៍លើការប្រឡងស្តាប់ភាសាអង់គ្លេស ក្នុងបរិយាកាសស្ងប់ស្ងាត់។

គួរបញ្ជាក់ថា ការប្រឡងចូលមហាវិទ្យាល័យនៅកូរ៉េខាងត្បូង ដែលគេស្គាល់ថា Suneung គឺជាការប្រឡងថ្នាក់ជាតិប្រចាំឆ្នាំដ៏សំខាន់មួយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើឱកាសចូលរៀននៅសាកលវិទ្យាល័យរបស់សិស្ស។

ដោយសារការប្រឡងនេះមានការប្រកួតប្រជែងខ្ពស់ អាជ្ញាធរកូរ៉េខាងត្បូងតែងចាត់វិធានការពិសេស ដើម្បីធានាបរិយាកាសស្ងប់ស្ងាត់ និងអំណោយផលដល់បេក្ខជន ជាពិសេសក្នុងអំឡុងពេលធ្វើតេស្តស្តាប់ភាសាបរទេស៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា