ចំណាយពេលស្រាវជ្រាវជិត៤០ឆ្នាំ ទីបំផុតជនជាតិបែលហ្សិកម្នាក់ឈ្នះពានរង្វាន់ណូបែលឆ្នាំ២០២៦ ផ្នែករូបវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណាយពេលស្រាវជ្រាវជិត៤០ឆ្នាំ ទីបំផុតជនជាតិបែលហ្សិកម្នាក់ឈ្នះពានរង្វាន់ណូបែលឆ្នាំ២០២៦ ផ្នែករូបវិទ្យា

ចំណាយពេលស្រាវជ្រាវជិត៤០ឆ្នាំ ទីបំផុតជនជាតិបែលហ្សិកម្នាក់ឈ្នះពានរង្វាន់ណូបែលឆ្នាំ២០២៦ ផ្នែករូបវិទ្យា

បន្ទាប់ពីចំណាយពេលស្រាវជ្រាវអស់រយៈពេលប្រហែល៣៨ឆ្នាំ គិតចាប់ពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ២០២៦ អ្នកវិទ្យាសាស្ត្រជនជាតិបែលហ្សិក-អាមេរិក លោក Francis Halzen អាយុ៨២ឆ្នាំ ទីបំផុតបានឈ្នះពានរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០២៦ ពីការរួមចំណែកក្នុងការសិក្សា និងរកឃើញ «ភាគល្អិតខ្មោច» ហៅថា «ghostly» ឬនឺត្រីណូ (Neutrino) ថាមពលខ្ពស់ពីលំហអាកាស។

យោងតាមសារព័ត៌មាន CNN ផ្សាយថា លោក Halzen ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Wisconsin–Madison បានចាប់ផ្តើមបង្ហាញគំនិតប្រើប្រាស់ទឹកកកនៅតំបន់ប៉ូលខាងត្បូង ដើម្បីស្វែងរកភាគល្អិតនឺត្រីណូ តាំងពីឆ្នាំ១៩៨៨។

ភាគល្អិតទាំងនេះត្រូវបានគេហៅថា «ភាគល្អិតខ្មោច» ដោយសារវាអាចឆ្លងកាត់សារធាតុផ្សេងៗ រួមទាំងផែនដី ដោយមានអន្តរកម្មជាមួយសារធាតុក្នុងកម្រិតកម្រណាស់។

គំនិតរបស់លោកបាននាំទៅដល់ការបង្កើត IceCube Neutrino Observatory ដែលជាស្ថានីយសង្កេតស្ថិតនៅក្នុងទឹកកកអង់តាក់ទិក មានទំហំប្រហែល១គីឡូម៉ែត្រគូប និងបំពាក់ឧបករណ៍ចាប់សញ្ញាពន្លឺជាង៥,០០០គ្រឿង។ ឧបករណ៍ទាំងនេះត្រូវបានប្រើដើម្បីកត់ត្រាពន្លឺដែលកើតឡើង នៅពេលនឺត្រីណូមួយចំនួនប៉ះទង្គិចជាមួយសារធាតុក្នុងទឹកកក។

ស្ថានីយ IceCube បានឈានដល់សមត្ថភាពពេញលេញនៅឆ្នាំ២០១១ ហើយបានក្លាយជាឧបករណ៍សំខាន់សម្រាប់សិក្សាសកលលោកតាមរយៈនឺត្រីណូ។ ការសង្កេតនេះបានជួយឱ្យអ្នកវិទ្យាសាស្ត្ររកឃើញនឺត្រីណូថាមពលខ្ពស់ ដែលមានប្រភពពីតំបន់ឆ្ងាយៗក្នុងសកលលោក។

នឺត្រីណូថាមពលខ្ពស់អាចធ្វើដំណើរឆ្លងកាត់លំហអាកាសបានយ៉ាងឆ្ងាយ ដោយមិនងាយបាត់បង់ថាមពល ឬផ្លាស់ប្តូរទិសដៅ។

លោក Halzen បានចាត់ទុកការទទួលបានពានរង្វាន់នេះថា ជារឿងគួរឱ្យភ្ញាក់ផ្អើល និងជាក្តីរីករាយ។ លោកបានរំឭកថា នៅពេលចាប់ផ្តើមគម្រោង មានមនុស្សតិចតួចណាស់ជឿថា គម្រោងនេះនឹងអាចទទួលបានជោគជ័យ រួមទាំងលោកផ្ទាល់ផងដែរ។

ការស្រាវជ្រាវរយៈពេលជិត៤០ឆ្នាំរបស់លោក Halzen បានបង្ហាញថា ការតស៊ូ និងការអភិវឌ្ឍគំនិតវិទ្យាសាស្ត្ររយៈពេលវែង អាចនាំទៅរកការរកឃើញដ៏សំខាន់សម្រាប់មនុស្សជាតិ។

សម្រាប់អនាគត គម្រោងពង្រីក IceCube-Gen2 ត្រូវបានគ្រោងឡើង ដោយមានទំហំធំជាង IceCube បច្ចុប្បន្ន និងអាចបង្កើនសមត្ថភាពរកឃើញនឺត្រីណូបានច្រើនជាងមុន។

លោក Halzen នឹងទទួលបានប្រាក់រង្វាន់ណូបែលចំនួន ប្រហែល១.២លានដុល្លារ ស្របតាមពានរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា