ពង្រឹងវិស័យអប់រំ ៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដល់គ្រូបង្រៀនសាលាដៃគូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពង្រឹងវិស័យអប់រំ ៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដល់គ្រូបង្រៀនសាលាដៃគូ

ពង្រឹងវិស័យអប់រំ ៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដល់គ្រូបង្រៀនសាលាដៃគូ

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ចូលរួម​ចំណែក​ពង្រឹងវិស័យ​អប់រំ តាមរយៈការចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដែលបានកំពុងប្រើប្រាស់ក្នុងសាលារៀនជំនាន់ថ្មី ដល់គ្រូបង្រៀន ៦៦នាក់ មកពីសាលាដៃគូរបស់ខ្លួនទាំង៧ រួមមាន ១. វិទ្យាល័យទឹកល្អក់ ២. វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ៣. វិទ្យាល័យជាស៊ីម ជ្រោយចង្វារ ៤.វិទ្យាល័យ ហ៊ុន សែន ពញាពន់ ៥. វិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង ៦. វិទ្យាល័យព្រែកលៀប និង៧. សាលា Huosin​ International School Cambodia។

Advertisement

ការបណ្តុះបណ្តាលនោះ ផ្ដោតទៅលើ វិធីសាស្រ្ត និងយុទ្ធវិធីបង្រៀន, ការរៀបចំកិច្ចតែងការបង្រៀន និងសហគមន៍សិក្សាវិជ្ជាជីវៈ PLC។

លោក ឆុំ សុភក្ដិ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ប្រាប់ AMS Education ថា នេះជាលើកទី២ហើយ ដែលមានការៀបចំឱ្យមានសិក្ខាសាលាចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ក្នុងគោលបំណងចែករំលែកអំពីបទពិសោធន៍របស់វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី ទៅលើវិធីសាស្ត្របង្រៀនថ្មី ក៏ដូចជារួមចំណែក អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀននៅតាមសាលាដៃគូសហការទាំងរដ្ឋ និងឯកជន។

លោក ឆុំ សុភក្ដិ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បន្ថែមថា ការចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដល់សាលាដៃគូនេះ គឺផ្តោត​ទៅ​លើបទពិសោធន៍ជោគជ័យ​ដែល​បាន​អនុវត្តនៅ​សាលារៀនជំនាន់ថ្មី ដូចជាវិធីសាស្រ្តបង្រៀនថ្មី​ ដែលកំពុងអនុវត្តជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីឆ្លើយតបជាមួយនឹងទ្រឹស្ដីស្ថាបនានិយម ក្នុងនោះមានដូចជា វិធីសាស្ត្របង្រៀនតាមបែបសហការ,​ វិធីសាស្រ្តបង្រៀនតាមបែបរិះរក (IBL), វិធីសាស្រ្តបង្រៀនតាមបែប 5E, ជាពិសេស គឺការសិក្សាបែបគម្រោង ដែលឆ្លើយតបជាមួយនឹងការបណ្ដុះនូវបំណិនសតវត្សទី២១ សម្រាប់ឱ្យសិស្សានុសិស្សទាំងអស់។

បើតាម ​លោក ឆុំ សុភក្ដិ ដើម្បីឱ្យសាលាដៃគូអាចប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីទាំងនេះបាន ចាំបាច់ ទី១. ត្រូវស្ថិតក្នុងកិច្ចសហប្រតិ្តបត្តិការ រវាងវិទ្យាល័យព្រែកលៀបជាមួយសាលាដៃគូទាំងអស់ ជាពិសេសការចែករំលែកលើវិធីសាស្រ្តបង្រៀនថ្មីៗ ទី២. ការគាំទ្ររបស់សាលារៀនដែលជាសាលាដៃគូ ទី៣. ការជួយគាំទ្របន្ថែមពីគ្រូឧទ្ទេសពីគ្រូបង្រៀននៅសាលាព្រែកលៀប ជាមួយគ្រូមកពីសាលាដៃគូ ទី៤. លើកទឹកចិត្តឱ្យមានគ្រូបង្គោលតាមសាលា ដើម្បីជួយដល់សាលារៀនវិញ ក៏ដូចជាជួយឱ្យប្រព័ន្ធអប់រំមានការប្រែប្រួល ជាពិសេសឆ្លើយតបលទ្ធផលសិក្សាសិស្ស។

គួរជំរាបជូនថា សិក្ខាសាលានៃការ​ចែក​រំលែកវិធីសាស្រ្ត​បង្រៀន​ថ្មីនេះ ត្រូវ​រៀបចំឡើងរយៈពេល៥សប្តាហ៍ ដែល​ស្មើនឹង៣០ម៉ោង ធ្វើនៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា